(ភ្នំពេញ)៖ ប្រមុខរដ្ឋនៃប្រទេសមួយ គឺជាតំណាងជាន់ខ្ពស់បង្អស់នៃប្រទេសនោះ ប៉ុន្តែក៏អាចឬមិនអាចមានតួនាទីជា ប្រមុខរដ្ឋាភិបាលផងដែរ។ នៅតាមប្រទេសបែបរាជានិយម ព្រះមហាក្សត្រ ឬព្រះមហាក្សត្រី គឺមានតួនាទីជាព្រះប្រមុខរដ្ឋ ដូចជាព្រះរាជាណាចក្រកម្ពុជា ចក្រភពអង់គ្លេសជាដើម រីឯនៅតាមប្រទេសបែបសាធារណរដ្ឋវិញ តួនាទីប្រមុខរដ្ឋនេះ ត្រូវធ្លាក់ទៅលើប្រធានាធិបតី ដូចជាសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិនជាដើម។

កាលពីខែឧសភា ឆ្នាំ២០២២ ស្តេច ឆាលទី៣ (Charles III) ដែលជាបុត្រាច្បងរបស់អតីតព្រះមហាក្សត្រីអេលីហ្សាបេតទី២ (Queen Elizabeth II) បានយាងគ្រងរាជសម្បត្តិជាផ្លូវការ ជាព្រះមហាក្សត្រនិងជាព្រះប្រមុខរដ្ឋនៃចក្រភពអង់គ្លេស បន្តពីព្រះមាតារបស់ទ្រង់ ដែលបានសោយទិវង្គតកាលពីខែកញ្ញា ឆ្នាំ២០២២។ ក្នុងនាមជាព្រះមហាក្សត្រអង់គ្លេស ព្រះអង្គ Charles ក៏មានព្រះរាជតួនាទីជា ប្រមុខរដ្ឋនៃប្រទេសមួយចំនួនទៀត ផងដែរ។

ក្រៅពីចក្រភពអង់គ្លេស មានប្រទេសសរុបចំនួន១៤ផ្សេងទៀត ដែលនៅទទួលស្គាល់ព្រះមហាក្សត្រអង់គ្លេស ជាព្រះប្រមុខរដ្ឋរបស់ខ្លួន ក្នុងនោះរួមមានប្រទេសកាណាដា អូស្រ្តាលី នូវែលសេឡង់ និងប្រទេសតូចៗមួយចំនួនទៀតនៅតំបន់សមុទ្រការីបង់ (Caribbean Sea)។ ប្រទេសទាំងនេះស្ថិតនៅក្នុង អង្គការអន្តររដ្ឋាភិបាលមួយហៅថា សហធនរដ្ឋ (Commonwealth of Nations) ដែលមានសមាជិកសរុប៥៤ប្រទេស ហើយភាគច្រើនជាអតីតដែនដីអាណានិគមរបស់ចក្រភពអង់គ្លេស។

គួរបញ្ជាក់ថា លើកលែងតែចក្រភពអង់គ្លេសផ្ទាល់ បណ្តាប្រទេសដែលមានព្រះអង្គ Charles ជាប្រមុខរដ្ឋ គឺមានអគ្គទេសាភិបាលមួយរូប ដែលដើរតួនាទីតំណាង និងបំពេញភារកិច្ចប្រចាំប្រទេសទាំងនោះជំនួសទ្រង់។ អគ្គទេសាភិបាលនេះត្រូវបានជ្រើសរើសដោយសភា គណៈរដ្ឋមន្រ្តី ឬនាយករដ្ឋមន្រ្តីនៃប្រទេសនីមួយៗ រួចហើយទើបត្រូវតែងតាំងជាផ្លូវការដោយព្រះមហាក្សត្រចក្រភពអង់គ្លេស៕