(ភ្នំពេញ)៖ ជាទូទៅ ថ្ងៃបុណ្យ Christmas ត្រូវបានប្រារព្ធឡើងដើម្បីរំឭកដល់ថ្ងៃប្រសូត្ររបស់ព្រះយេស៊ូគ្រិស្ត (Jesus Christ) ដែលគ្រិស្តសាសនិកគ្រប់រូបគោរពចាត់ទុកទ្រង់គឺជាបុត្ររបស់ព្រះជាម្ចាស់។ ប៉ុន្តែបច្ចុប្បន្ននេះ បុណ្យ Christmas គឺត្រូវបានប្រារព្ធឡើងដោយមនុស្សម្នានៅជុំវិញពិភពលោក មិនថាពួកគេជាអ្នកកាន់សាសនាគ្រិស្តដែរឬក៏អត់ឡើយ។

សព្វថ្ងៃ Christmas គឺជាឱកាសដែលអាចឱ្យសមាជិកក្រុមគ្រួសារព្រមទាំងមិត្តភក្តិទាំងឡាយ មានពេលវេលាជួបជុំបង្កើតការចងចាំអំពីរឿងល្អៗដែលពួកគេមានជាមួយគ្នា។ មិនតែប៉ុណ្ណោះ វាក៏ជាថ្ងៃដែលមនុស្សគ្រប់វ័យចូលចិត្ត និងទន្ទឹងរង់ចាំជារៀងរាល់ឆ្នាំផងដែរ ជាពិសេសសម្រាប់ក្មេងៗតែម្តង ព្រោះវាជាពេលដែលអ្នកត្រូវឱ្យកាដូ ឬក៏ទទួលកាដូ។

តាមពិតទៅ ពុំមាននរណាម្នាក់បានដឹងច្បាស់អំពីថ្ងៃប្រសូត្រពិតប្រាកដរបស់ព្រះយេស៊ូនោះទេ ដូច្នេះហើយតើហេតុអ្វីបានជាគេប្រារព្ធបុណ្យ Christmas នៅថ្ងៃទី២៥ ខែធ្នូ? មានទ្រឹស្ដីមួយចំនួនដែលផ្តល់ការបកស្រាយសម្រាប់ក្តីចម្ងល់នេះ។ គ្រិស្តសាសនិកកាលពីជំនាន់ដំបូងបានជឿថា ថ្ងៃដែលនាងម៉ារី (Maria) ប្រាប់ថានាងនឹងមានទារកដ៏វិសេសវិសាលម្នាក់ គឺព្រះយេស៊ូ គឺនៅថ្ងៃទី២៥ ខែមីនា ហៅថាថ្ងៃ Annunciation ហើយបើគិតទៅ៩ខែក្រោយថ្ងៃទី២៥ ខែមីនា គឺត្រូវនឹងថ្ងៃទី២៥ ខែធ្នូ។

ទ្រឹស្តីមួយទៀត គឺថាតាំងពីជំនាន់ដើម មនុស្សជាច្រើនបាននាំគ្នាប្រារព្ធពិធីបុណ្យផ្សេងៗ ដើម្បីអបអរបាតុភូតវិនធើសូលស្ទីស (Winter Solstice) ដែលដំណាក់កាលអាក្រក់បំផុតនៃរដូវត្រជាក់បានកន្លងផុតទៅ។ អំឡុងពេល Winter Solstice ដែលកើតឡើងនៅខ្ទង់ថ្ងៃទី២០ ឬ២០ជាងក្នុងខែធ្នូ ពួកអឺរ៉ុបនៅភាគខាងជើងគេប្រារព្ធពិធីបុណ្យហៅថា យ៊ូល (Yule) ចំណែកពួករ៉ូម៉ាំងប្រារព្ធពិធីបុណ្យសាត់ធើនណាលា (Saturnalia) ជាដើម ដើម្បីឧទ្ទិសដល់ព្រះសាត់ធើន (Saturn) ដែលជាអាទិទេពនៃវិស័យកសិកម្ម ហើយនិងបុណ្យមួយទៀតហៅថា Juvenalia ដែលធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ សម្រាប់អាទិទេពឈ្មោះ Mithra។

យ៉ាងណាមិញ នៅពេលសាសនាគ្រិស្តចាប់កំណើតដំបូងៗ ថ្ងៃប្រសូត្រព្រះយេស៊ូមិនមានពិធីបុណ្យសម្រាប់អបអរនោះទេ ដោយមានតែថ្ងៃបុណ្យអ៉ីស្ទើរ (Easter) ប៉ុណ្ណោះ ដែលជាថ្ងៃបុណ្យធំរបស់គ្រិស្តសាសនា។ សូម្បីតែព្រះគម្ពីររបស់គ្រិស្តសាសនា ឌឹបាយប៊ល (The Bible) ក៏មិនមានលើកឡើងពីថ្ងៃខែឆ្នាំជាក់លាក់នៃការប្រសូត្ររបស់ព្រះយេស៊ូដែរ ប៉ុន្តែមានការសន្និដ្ឋានមួយចំនួនថា ថ្ងៃទី៦ ខែមករា គឺជាថ្ងៃដែលទ្រង់បានប្រសូត្រ ហើយពុំមែនថ្ងៃទី២៥ ខែធ្នូទេ។

ប៉ុន្តែអ្វីៗក៏បានប្រែប្រួលកាលពីសតវត្សទី៤ នៅពេលសម្តេចប៉ាប ជូលីអ៊ូសទី១ (Julius I) បានកំណត់ជ្រើសរើសយកថ្ងៃទី២៥ ខែធ្នូ ធ្វើជាកាលបរិច្ឆេទផ្លូវការសម្រាប់ឲ្យគ្រិស្តសាសនិកទាំងអស់អាចនាំគ្នាប្រារព្ធពិធីបុណ្យ ដើម្បីអបអរការប្រសូត្រនៃព្រះយេស៊ូហៅថា Christmas។

ហេតុអ្វីបានជាថ្ងៃទី២៥ ខែធ្នូ ទៅវិញ? មូលហេតុពិតប្រាកដនៅតែកំពុងបន្តស្ថិតក្រោមការជជែកដេញដោលនៅឡើយទេ ប៉ុន្តែមតិភាគច្រើនជឿជាក់ថា ការកំណត់យកថ្ងៃទី២៥ ខែធ្នូនេះ គឺដើម្បីបង្កើនលទ្ធភាពគ្រិស្តសាសនិកនៅជុំវិញពិភពលោកឱ្យទទួលយក ក៏ដូចជាប្រារព្ធបុណ្យ Christmas ឱ្យបានផុសផុល ជាជាងទៅប្រារព្ធពិធីបុណ្យដទៃទៀត ដែលមានវត្តមានរួចស្រេចជាយូរមកហើយនាសម័យនោះ។

គួរបញ្ជាក់ថា មកដល់ឆ្នាំ៤៣២ ការប្រារព្ធពិធីបុណ្យ Christmas បានរីកសុះសាយដល់ប្រទេសអេហ្ស៉ីប។ បន្តមកដល់យុគសម័យកណ្តាល ដែលគេហៅថា Middle Ages ទំនៀមទម្លាប់នៃការប្រារព្ធ Christmas បានរីកសាយថែមទៀតនៅជុំវិញពិភពលោក ដោយលុបពិធីបុណ្យផ្សេងៗទៀត ដែលប្រារព្ធឡើងក្នុងអំឡុងពេលដូចគ្នា ហើយជាច្រើនសតវត្សរ៍តៗក្រោយមក ពិធីបុណ្យនេះនៅតែបន្តរីករាលដាលដដែល។

ដូច្នេះហើយ ថ្ងៃប្រសូត្ររបស់ព្រះយេស៊ូគ្រិស្តត្រូវបានប្រារព្ធឡើងជារៀងរាល់ថ្ងៃទី២៥ ខែធ្នូ រហូតមកទល់បច្ចុប្បន្ន ប៉ុន្តែឥឡូវវាមិនគ្រាន់តែជាបុណ្យសាសនាប៉ុណ្ណោះទេ។ រីឯថ្ងៃទី៦ ខែមករា ក៏បានក្លាយជាថ្ងៃដែលគ្រិស្តសាសនិកប្រារព្ធបុណ្យហៅថា អ៉ីភីហ្វានី (Feast of the Epiphany) ជាពេលក្រុមបុរសអ្នកប្រាជ្ញាបានមកដល់ទីក្រុងបេសស្លេហ៊ែម (Bethlehem) នៃប្រទេសអ៉ីស្រាអែល ហើយជួបព្រះយេស៊ូដែលទើបនឹងប្រសូត្រ។ រីឯពេលវេលាដែលស្ថិតនៅចន្លោះថ្ងៃទី២៥ ខែធ្នូ និងថ្ងៃទី៦ ខែមករា ក៏ត្រូវបានគេស្គាល់ថាជា១២ថ្ងៃនៃគ្រីសស្មាស់ (Christmas)៕