(ភ្នំពេញ)៖ ប្រទេសសមាជិកអាស៊ានទាំង១០សុទ្ធតែមានសត្វតំណាងអត្តសញ្ញាណជាតិរៀងៗខ្លួន ខណៈលក្ខណៈពិសេសរបស់សត្វទាំងនោះ គឺមានការពាក់ព័ន្ធទៅនឹងឈ្មោះប្រទេស ប្រវត្តិសាស្ត្រ ជំនឿ វប្បធម៌ ប្រពៃណី មរតកធម្មជាតិជាដើម ក្នុងនោះសត្វតំណាងរបស់ប្រទេសកម្ពុជា គឺសត្វគោព្រៃ។

ការណ៍ដែលគោព្រៃក្លាយជាសត្វតំណាងជាតិរបស់ប្រទេសកម្ពុជា ព្រោះដោយសត្វចតុបាទប្រភេទនេះគឺជាមរតកធម្មជាតិដ៏សំខាន់មួយរបស់ប្រទេសយើង។ គេនៅចាំបានថា នៅឆ្នាំ១៩៦៤ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បានចេញព្រះរាជប្រកាសជាផ្លូវការថា សត្វតំណាងជាតិនៃប្រទេសកម្ពុជា គឺសត្វគោព្រៃ និងបានចេញច្បាប់ហាមប្រាមមិនឱ្យមានការបរបាញ់ថែមទៀតផង។ វាជាប្រភេទសត្វកម្រមួយប្រភេទដែលអាចនឹងផុតពូជទៅហើយនៅតំបន់ឥណ្ឌូចិន។ គេជឿថាពួកវាអាចនៅមានសេសសល់ក្នុងព្រៃនៃប្រទេសកម្ពុជា ដូចជា ខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី រតនគិរី ខេត្តស្ទឹងត្រែងជាដើម។ ប៉ុន្តែគួរឱ្យសោកស្ដាយ ក្នុងរយៈពេល៣០-៤០ឆ្នាំមកនេះគេពុំដែលប្រទះឃើញវត្តមានគោព្រៃទៀតនោះទេ។

* ភិនភាគសម្គាល់
គោព្រៃជាសត្វពាហនៈមួយយ៉ាងធំដែលមានទំហំប្រហែលនឹងក្របីព្រៃដែរ។ គោព្រៃឈ្មោលអាចមានកម្ពស់ដល់២ម៉ែត្រ គិតទាំងកំពូលបូករបស់វា ហើយមានទម្ងន់ជាមធ្យម៩០០គីឡូម៉ែត្រ។ គោព្រៃអាចមានសម្បុរប្រផេះ ត្នោតចាស់ ឬក៏ខ្មៅតែម្ដង។ គោព្រៃញីមានស្នែងរាងកោងដូចស្នែងរបស់សត្វខ្ទីងដែរ ឯស្នែងរបស់គោឈ្មោលមានប្រវែងជិត១ម៉ែត្រ កោងទៅមុខងឡើងលើ ហើយចាប់ផ្ដើមមានសំណកនៅចុងស្នែងនៅពេលពួកវាមានអាយុ៣ឆ្នាំ។ ទាំងគោព្រៃញីនិងឈ្មោលមានគន្លាក់ច្រមុះ ហើយមានកន្ទុយវែងៗ។

* ជីវសាស្ត្រ
គោព្រៃច្រើនរស់នៅតាមទីទួលទាបៗដែលមានដើមឈើខ្លះៗ ហើយអាហារចម្បងរបស់ពួកវាគឺស្មៅ និងរុក្ខជាតិ។ គោព្រៃជាសត្វចូលចិត្តភាពងងឹត វារកស៊ីតាមវាលនៅពេលយប់ បើពេលថ្ងៃពួកវាចូលចិត្តរកស៊ីក្រោមដើមឈើ។ ជាធម្មតា ពួកវារស់នៅជាហ្វូងប្រហែល២០ក្បាល ដែលមានទាំងមេគោ កូនគោ ហើយក៏អាចមានបានៅរដូវក្ដៅផងដែរ។

* ការបន្តពូជ
ជាទូទៅ គោព្រៃចាប់ផ្ដើមបន្តពូជនៅរដូវក្ដៅនោះឯង។ គោព្រៃញីពរពោះចន្លោះពេល៨ទៅ៩ខែ ហើយកើតកូនម្ដងបានតែមួយនោះទេ។ នៅពេលជិតគ្រប់ខែ គោព្រៃញីចាកចេញពីហ្វូងដើម្បីទៅបង្កើតកូនក្នុងព្រៃជ្រៅ ហើយនៅពេលកូនរបស់ពួកវាបានអាយុ១ខែ ទើបនាំកូនត្រឡប់មករកហ្វូងវិញ។

* ទំនាក់ទំនង​ជាមួយ​អម្បូរ​ផ្សេង​ទៀត
សំណេរ​អំពី​សត្វ​សាស្រ្ត​ដែល​បោះពុម្ព​ពី​ការ​ស្រាវជ្រាវ​ដោយ​សាកលវិទ្យាល័យ ​Northwestern ទីក្រុង​​ឡុង ចក្រភពអង់គ្លេស​ បាន​បញ្ជាក់​ថា តាម​ការប្រៀបធៀប​តម្រៀប​របស់​មីតូកុងទ្រី (Mitochondrial Sequences) បាន​បង្ហាញ​ថា គោព្រៃ​អាច​ជាអម្បូរ​បង្កាត់ (Hybrid) រវាងគោបាសេប៊ូ (Zebu) និង​ទន្សោង (Banteng)។ ប៉ុន្តែក្រោយមក អ្នកនិពន្ធឯកសារនេះក៏​បាន​ដក​សេចក្ដី​សន្និដ្ឋាន​នេះ​ចេញ​វិញ ដោយ​​សារ​​តែ​​ការ​រក​ឃើញ​​​សំណល់​​ហ្វូស៊ីល​​​លលាដ៍​ក្បាល​គោព្រៃ​ដែល​មាន​អាយុ​នៅ​ចុង​សម័យ​ផ្លេស្តូសែន (Pleistocene) ឬ​ក៏​ដើម​សម័យ​អូឡូសែន (Holocene) ដែល​ពួកគេ​សន្និដ្ឋានថ្មីឡើងវិញ​បាន​ថា គោព្រៃ​មិនមែន​ជា​អម្បូរ​បង្កាត់។ ​យោង​​តាម​ការវិភាគ​ហ្សែន (Genetic Analysis) ជា​ច្រើន​​ដង​ទៀត បាន​បង្ហាញ​ថា​គោព្រៃ​មិនមែន​ជា​អម្បូរ​បង្កាត់​ពិតប្រាកដមែន។

* ទិន្នន័យចុងក្រោយរបស់គោព្រៃ
គេ​ប៉ាន់ស្មាន​ថា គោព្រៃ​មាន​តិច​ជាង​២៥០​ក្បាល​នៅ​ទូទាំង​ពិភពលោក។ ចំនួន​ដ៏​ទាប​នេះ​គឺ​បណ្ដាល​មក​ពីគ្មាន​​ការ​​ហាមឃាត់​​ក្នុង​​ការ​បរបាញ់​​របស់​​ទាហាន​និង​អ្នក​ស្រុក ការ​ឆ្លង​ជំងឺ​ពី​​សត្វ​ស្រុក និង​ការ​បាត់បង់​ជម្រក។
បើ​​ទោះ​ជា​យ៉ាង​ណា គ្មានគោព្រៃ​ណា​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្រោយ​ឆ្នាំ​១៩៨៣​នោះទេ ហើយ​នៅ​ទសវត្ស​ចុងក្រោយ​នេះមាន​​ការរុករក​​សត្វគោរព្រៃក្នុងព្រៃ​​ជា​ច្រើន​​ដង ​តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទេ។ របាយការណ៍​របស់ IUCN នាឆ្នាំ២០០៨ បាន​ចាត់​បញ្ចូល​គោ​ព្រៃ​ថាកំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ ឬអាច​ផុត​ពូជ។ គ្មាន​គោព្រៃ​ណា​ត្រូវ​បាន​ចាប់​ទុក​ដោយអ្នកស្រុកនោះ​ទេ។ មានគោព្រៃ​មួយ​ក្បាល​ដែល​គេ​បាន​ចាប់ពីក្នុងព្រៃ ​ហើយបញ្ជូន​ទៅ​សួនសត្វ Vincennes នៅទី​ក្រុង​ប៉ារីស កាលពី​​ឆ្នាំ​​១៩៣៧ ក៏​បាន​ស្លាប់​នៅ​ដើម​សង្គ្រាម​លោក​លើក​ទី២ទៅទៀត។ គោ​ព្រៃ​មួយ​ក្បាល​នោះ​ហើយ​ដែល​ត្រូវ​បាន​កំណត់​ជាគំរូ​ប្រភេទ (Holotype) ដោយ​​ជីវ​វិទូ​​បារាំង លោក Achille Urbain។

* ទំនាក់ទំនងជាមួយប្រជាជនខ្មែរ
គោព្រៃដែលមានពូជកើតក្នុងព្រៃ រស់នៅក្នុងព្រៃ (មានតែក្នុងខេត្តកំពង់ធំ) ជាគោមានមាឌធំៗ ស្នែងមានរំពត់រមួល សម្បុរខ្លួនខ្មៅរលើប មានពពាលសត្រង់កជើងទាំង៤ (ហៅថាចាំងជើង)។ នាសម័យបុរាណ គេទាក់យកកូនគោព្រៃឈ្មោលស្ទាវៗមកផ្សាំង លុះវាធំឡើងគេទុកធ្វើជាបាក្រោល កូនកាត់ពីបានោះ ប្រសិនបើឈ្មោលមានមាឌធំៗស្រដៀងនឹងបាវា មានរំពត់ស្នែងដូចបាវាដែរ ដែលខ្មែរយើងតែងហៅថា «គោខ្មែរ» ឬ «គោល្បាយ»។ លុះតពូជរៀងមក គេក៏នៅតែហៅគោទាំងនោះថា «គោខ្មែរៗ» ជាប់រហូតមក។ គោពូជផ្សេងពីពូជគោខ្មែរនោះ ដោយហេតុគេនាំយកមកពីប្រទេសសៀមមក ហៅថា «គោសៀម» ប៉ុន្តែក្នុងពេលបច្ចុប្បន្ន អ្នកស្រុកក៏លែងហៅទៀតហើយ នៅតែពាក្យថាគោៗប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងប្រវត្តិរាជការខ្មែរ មានងារមន្ត្រីរាជការមួយហៅថា «ឧកញ៉ាពហុលទេព» ឬចៅហ្វាយត្រួតកិច្ចការគោ ដែលមាននាទីហូតយកគោកូនកាត់ក្នុងមួយក្រោល១ក្បាលបញ្ចូលជាគោព្រះរាជទ្រព្យ ហៅថា «ហូតភ្នែកបា» ម្ចាស់ក្រោលឯណាក៏ត្រូវយល់ព្រមនឹងការហូតភ្នែកបានេះដែរ (ប្រៀបដូចយកពន្ធជាសត្វគោ) ព្រោះជាការចាំបាច់តាមមាត្រាច្បាប់ក្រមពហុលទេព។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ​នៅ​​ពេល​ថ្មីៗ គេបាន​​ប្រទះ​ឃើញ​​ហ្វូង​គោព្រៃ​​​នៅ​​ប្រទេសវៀតណាម ដែល​អ្នក​សត្វ​សាស្ត្រ​វៀតណាម​អះអាង​ថា​ពួកវាអាច​មាន​ទម្ងន់​ដល់​ទៅ​១,៧០០គីឡូក្រាមឯណោះ ប៉ុន្តែរបាយការណ៍នេះនៅតែស្ថិតក្នុងភាពមិនទាន់ផ្លូវការនៅឡើយ៕