(សៀមរាប)៖ នៅពេលដែលយើងចូលទស្សនាប្រាសាទអង្គរវត្ត យើងឃើញមានតែកំពូលចំនួន៥ប៉ុណ្ណោះដែលត្រូវបានកសាងពេញលេញ ខណៈអ្នកខ្លះយល់ថាប្រាសាទនេះមានកំពូលដល់ទៅ៩ឯណោះ។ តើប្រាសាទអង្គរវត្តមានកំពូលប្រាង្គទាំងអស់ប៉ុន្មានឱ្យពិតប្រាកដ?

ដូចយើងដឹងហើយថា ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានទម្រង់ជាព្រះសុមេរុដែលជាឋានសួគ៌ ឬឋានទេវតា ឬឋានព្រះវិស្ណុ (ព្រះវិស្ណុលោក) ហើយក៏ជាព្រះរាជផ្នូរសម្រាប់តម្កល់ព្រះសពព្រះបាទសូរ្យវរ្ម័នទី២ ដូច្នេះហើយសាងសាង់ក៏ប្រព្រឹត្តទៅតាមគម្ពីរព្រហ្មញ្ញសាសនាដែរ។

ប្រាង្គដែលជារចនាសម្ពន្ធសំខាន់នៃប្រាសាទអង្គរវត្ត គឺមានកំពូលទាំងអស់១២ឯណោះ ពោលគឺកំពូលខាងក្នុងមានចំនួន៩ និងនៅខាងក្រោមមានចំនួន៣ ជាអ័ក្សចែកគ្នានៃដំណើរគោចររបស់ព្រះអាទិត្យក្នុងរយៈពេល១២ខែ ស្មើ១ឆ្នាំ។ ការស្ថាបនាប្រាសាទអង្គរវត្តឱ្យមានកំពូល១២ គឺជាទស្សនៈមួយរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលទ្រង់គោរពខ្លាំងទៅលើព្រះអាទិត្យដែលជាភាគមួយរបស់ព្រះវិស្ណុ។ ប្រសិនបើវិភាគលើព្រះនាមរបស់ព្រះអង្គ «សូរ្យ» ឬ សូយ៌្យ» ឬ «សុរិយា» គឺមានន័យថា «ព្រះអាទិត្យ» ដូច្នេះការរៀបចំស្ថាបនាប្រាសាទនេះ គឺពឹងផ្អែកលើទស្សនមូលដ្ឋាននៃសុរិយគតិ គឺចំនួន១២ខែក្នុង១ឆ្នាំ។ ពិសេសនោះ គឺប្រាង្គកណ្ដាលជាទីតម្កល់ព្រះសពព្រះបាទសូរ្យវរ្ម័នទី២ ជាប្រាង្គតំណាងឱ្យភ្នំព្រះសុមេរុ ទីឋាននៃពពួកទេវតាក្នុងន័យបញ្ជាក់ថា ព្រះអង្គនឹងបានទៅដល់ឋានទេព ឬឋានសួគ៌។

មួយវិញទៀត កំពូលទាំង៩របស់ប្រាសាទអង្គរវត្ត មិនត្រឹមតែជានិម្មិតរូបនៃកំពូលភ្នំព្រះសុមេរុប៉ុណ្ណោះទេ តែវាក៏ជានិម្មិតរូបតំណាងឱ្យផ្កាយនព្វគ្រោះ ឬទេពទាំង៩ដែលរក្សានៅទិសទាំងឡាយ ក្នុងនោះព្រះឥន្ទ្រនៅទិសបូព៌ា (ខាងកើត) ព្រះអគ្គីនៅទិសអាគ្នេយ៍ ព្រះយមនៅទិសទក្សិណ (ខាងត្បូង) ព្រះនិរតីនៅទិសនិរតី ព្រះពិរុណនៅទិសបស្ចិម (ខាងលិច) ព្រះពាយនៅទិសពាយ័ព្យ ព្រះកុវេរៈនៅទិសឧត្តរ (ខាងជើង) ព្រះចន្ទ្រឬព្រះឥសូរនៅទិសឦសាន និងព្រះអាទិត្យឬព្រះវិស្ណុនៅចំកណ្ដាល។

យោងតាមសិលាចារឹកសម័យលង្វែក K.303 បានអះអាងថា គេបានលើកថ្មកំពូលទាំង៩របស់មហាប្រាសាទព្រះពិស្ណុលោកប្រាការ ឱ្យពេញលេញជាប្រាសាទកំពូល៩ ឬនព្វសូល៍ដូចពីដើមឡើងវិញ។ ដូច្នេះតាំងពីបុរាណមក ប្រាសាទអង្គរវត្តត្រូវគេចាត់ទុកថាជាប្រាសាទកំពូល៤នៅផ្នែកខាងក្នុង មិនមែនកំពូល៥ដូចការយល់ឃើញសព្វថ្ងៃនោះឡើយ។ សិលាចារឹក K.303 ត្រូវបានចារដោយព្រះមហាក្សត្រីយានី មហាកល្យាណវត្តីស្រីសុជាតាឧត្តមជាតិក្សត្រី ដែលត្រូវជាព្រះមាតារបស់ព្រះបាទសត្ថាទី១ នៅឆ្នាំ១៦៧៧។

ចំពោះកំពូល៣ទៀត គឺស្ថិតនៅខាងក្រៅដែលជាគោបុរៈនៃកំពែកទី២ ឬច្រកទ្វារចូលពីខាងលិច ជាទីប្រសព្វនៃព្រះអាទិត្យដែលរះចំកណ្ដាលធ្លុះមកកំពូលកណ្ដាលរបស់ខ្លោងទ្វារខាងលិច គេតែងហៅថា សមរាត្រី៕