(ភ្នំពេញ)៖ ការលក់សិទ្ធិអាជីវកម្ម (Franchise) សំដៅលើការចែកចាយផលិតផល ឬសេវាកម្មនៅក្នុងតំបន់មួយ តាមរយៈការលក់សិទ្ធិពីម្ចាស់ស្លាកយីហោមួយទៅឱ្យក្រុមហ៊ុនឬបុគ្គលណាមួយទៀត ស្ថិតនៅក្រោមឈ្មោះយីហោនិងប្រព័ន្ធគ្រប់គ្រងរបស់អាជីវកម្មដែលមានស្រាប់នោះ។ តើការលក់សិទ្ធិអាជីវកម្មនេះមានប្រវត្តិតាំងពីពេលណា?
តាមពិតទៅ វាបានកើតឡើងតាំងពីសម័យបុរាណដែលមនុស្សមាននគរ មានស្ដេចគ្រប់គ្រងមកម្ល៉េះ គ្រាន់តែមិនដូចទាំងស្រុងទៅនឹងទម្រង់ទំនើបនាពេលបច្ចុប្បន្ន។ ទម្រង់បុរាណដំបូងនោះគឺបានកើតឡើងតាមរយៈការប្រមូលពន្ធចូលរាជឃ្លាំង។ ព្រះមហាក្សត្រដែលជាអ្នកគ្រប់គ្រងអំណាចកណ្ដាលអាចតែងតាំងនាម៉ឺនមន្ត្រី ឬអ្នកអភិជនណាម្នាក់ឱ្យគ្រប់គ្រងតំបន់ណាមួយ ហើយមានសិទ្ធិរៀបចំប្រព័ន្ធសេដ្ឋកិច្ច ប្រព័ន្ធប្រមូលពន្ធអាករ ប្រព័ន្ធតុលាការ និងបង្កើតកងទ័ពផ្ទាល់ខ្លួនប្រចាំតំបន់នោះផងដែរ។ ចំពោះកិច្ចការប្រមូលពន្ធក្នុងតំបន់ មន្ត្រី ឬអភិជនទាំងនោះត្រូវបែងចែកពន្ធដារដែលខ្លួនប្រមូលបានបញ្ជូនទៅព្រះរាជវាំង ដើម្បីបញ្ចូលក្នុងរាជឃ្លាំងសម្រាប់ប្រើប្រាស់តាមកិច្ចការរាជការ។ ការបែងចែកអំណាចនេះហើយ ដែលអ្នកប្រវត្តិសាស្ត្រចាត់ទុកថាជាគំរូនៃការលក់សិទ្ធិអាជីវកម្ម។

នៅសតវត្សទី១៩ គំរូនៃការលក់សិទ្ធិអាជីវកម្មនៅក្នុងសម័យទំនើប ត្រូវបានបង្កើតឡើងដោយលោក អ៉ីសាក់ មើរីតស៊ីងហ្កឺរ (Isaac Merrit Singer) ដែលជាមនុស្សដំបូងដែលទទួលបានប៉ាតង់ម៉ាស៊ីនដេរ ដែលមានសមត្ថភាពដេរបាន៩០០ថ្នេរក្នុងមួយនាទី។ នៅពេលនោះ លោក ស៊ីងហ្កឺរ ចង់បង្កើនការចែកចាយផលិតផលរបស់គាត់ ប៉ុន្តែគាត់មិនមានដើមទុនគ្រប់គ្រាន់ក្នុងការពង្រីកផលិតកម្ម។ ម្យ៉ាងអតិថិជននឹងមិនទិញផលិតផលម៉ាស៊ីនដេររបស់គាត់ពីអ្នកដែលទិញយកទៅលក់បន្តនោះឡើយ ព្រោះមិនមានការបង្រៀនអំពីរបៀបប្រើប្រាស់ដល់ពួកគេ។ ដំណោះស្រាយរបស់លោកក្នុងការទទួលបានដើមទុនពង្រីកផលិតកម្មនោះ គឺលោកបានលក់ម៉ាស៉ីនដេរទៅឱ្យអាជីវករដទៃ ប៉ុន្តែអាជីវករទាំងនោះត្រូវទិញអាជ្ញាបណ្ណពីលោក ស៉ីងហ្កឺរ ដើម្បីមានសិទ្ធិធ្វើអាជីវកម្មបន្ត ហើយទទួលខុសត្រូវក្នុងការបណ្ដុះបណ្ដាលជំនាញដេរដល់អ្នកដែលទិញម៉ាស៉ីនដេរយកទៅប្រើប្រាស់ ដោយស្ដង់ដានៃការបណ្ដុះបណ្ដាលគឺដូចទៅនឹងជំនាញរបស់លោក ស៉ីងហ្កឺរ ដែលជាម្ចាស់អាជីវកម្មដើមនោះ។ ការផ្តល់អាជ្ញាបណ្ណលើសិទ្ធិអាជីវកម្មនេះបានធ្វើឱ្យមានការកើនឡើងនៃការប្រើប្រាស់ម៉ាស៊ីនដេររបស់គាត់ជាសាធារណៈ។

ទម្រង់នៃការលក់សិទ្ធិអាជីវកម្មតាមរយៈការផ្តល់អាជ្ញាបណ្ណលើស្លាកយីហោ ឬពាណិជ្ជនាម (Brand name) ឬពាណិជ្ជសញ្ញា (Trademark) និងទម្រង់នៃអាជីវកម្មទាំងមូលបានចូលទៅក្នុងផ្នែកមួយនៃសេដ្ឋកិច្ចបន្ទាប់ពីសង្គ្រាមលោកលើកទី២ ដែលបានក្លាយជាមធ្យោបាយមួយក្នុងការធ្វើឱ្យរីកចម្រើនយ៉ាងឆាប់រហ័សលើការធ្វើអាជីវកម្មទាំងផ្នែកផលិតផល ទាំងផ្នែកសេវាកម្ម៕