(ភ្នំពេញ)៖ យោងតាម​គេហទំព័រ​របស់​អង្គការ NASA «ផ្កាយដុះកន្ទុយ» ឬ​ភាសា​អង់គ្លេស​ហៅថា «Comet» មិនមែនជាផ្កាយនោះទេ ប៉ុន្តែវាជាអង្គសំណល់ដែលសល់ពីការកកើតប្រព័ន្ធព្រះអាទិត្យរបស់យើងកាលពី៤,៦០០លានឆ្នាំមុន។ កន្ទុយរបស់ផ្កាយដុះកន្ទុយផ្សំឡើងដោយធូលី ថ្ម និងទឹកកក ហើយលាតសន្ធឹងរាប់លានម៉ាយល៍ ឬរាប់សិបលានគីឡូម៉ែត្រ។

នៅពេលដែលធ្វើដំណើរទៅជិតព្រះអាទិត្យ ពួកវាក៏ឡើងកំដៅ ហើយបញ្ចេញឧស្ម័ននិងធូលីចូលទៅផ្នែកក្បាលដែលអាចមានទំហំធំជាងភពមួយ។ ទំនងជាមានផ្កាយដុះកន្ទុយរាប់ពាន់លានគោចរជុំវិញព្រះអាទិត្យរបស់យើង ពិសេសនៅក្នុងខ្សែក្រវាត់ Kuiper ខណៈកន្លងទៅអ្នកវិទ្យាសាស្ត្របានរកឃើញនិងកត់ត្រាពីចំនួនផ្កាយដុះកន្ទុយប្រហែល ៣,៩១០។

កាលពី​ឆ្នាំ​១៩៨៦ ផ្កាយដុះកន្ទុយ Halley បានធ្វើ​ដំណើរ​មក​ជិត​ភពផែនដី និង​ព្រះអាទិត្យ ដែលមនុស្សយើងអាច​មើលឃើញ​នៅពេលយប់ ដោយ​វា​ហោះ​យឺតៗ​កាត់​ផ្ទៃ​មេឃងងឹត ហើយក៏​ត្រឡប់​ទៅវិញនាពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​។ NASA អះអាងថា វត្តមាន​របស់ផ្កាយដុះកន្ទុយ Halley ​នឹង​ត្រឡប់មកវិញ​ក្នុង​រង្វង់​ឆ្នាំ២០៦០​។ នេះ​ក៏​ព្រោះផ្កាយដុះកន្ទុយ​មាន​គន្លង​រាង​ពងក្រពើ​​ជុំវិញ​ព្រះអាទិត្យ​។ វា​ធ្វើដំណើរ​មក​ជិត​ភពផែនដី​រៀងរាល់៨៦​ឆ្នាំ​ម្តង​។

សូមជម្រាបថា នាខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ផ្កាយដុះកន្ទុយពណ៌បៃតងមួយបានធ្វើដំណើរមកជិតផែនដីឡើងវិញ ដែលមានគម្លាតត្រឹមតែជាង៤០លានគីឡូម៉ែត្រប៉ុណ្ណោះ បន្ទាប់ពីវាបានហោះជិតព្រះអាទិត្យកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ អ្នកវិទ្យាសាស្ត្របានឱ្យឈ្មោះផ្កាយដុះកន្ទុយនេះថា C/2022 E3។

បើ​សិក្សា​បន្ថែមទៀតពីវិទ្យាសាស្ត្រផ្នែកអវកាស ប្រព័ន្ធ​ព្រះអាទិត្យ​សម្បូរ​ទៅដោយ​បាតុភូត និង​សកម្ម​ភាពជា​ច្រើនណាស់ដែល​មនុស្ស​មិនទាន់​បានដឹង​៕