(សៀមបរា)៖ នៅចំកណ្ដាលប្រាសាទអង្គរវត្ត គឺមានរណ្ដៅសិលាដ៏អាថ៌កំបាំងមួយ ដែលពាក្យចចាមអារាមខ្លះថាជាទីតម្កល់ព្រះសពរបស់ព្រះបាទសូរ្យវរ្ម័នទី២ ក្សត្រដែលស្ថាបនាមហាប្រាសាទនេះ ដូច្នេះប្រធានបទទី២នៃកម្មវិធី Fresh Insider នេះ គឺចង់បង្ហាញអំពីមូលហេតុពិតប្រាកដនៃការរៀបចំឱ្យមានរណ្ដៅនៅកណ្ដាលប្រាសាទអង្គរវត្ត។

ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងនៅដើមសតវត្សទី១២ ក្រោមស្នាព្រះហស្ដព្រះបាទសូយ៌្យវម៌្មទី២ ឬសូរ្យវរ្ម័នទី២ ក្នុងនោះប្រាង្គកណ្ដាល ឬកំពូលកណ្ដាលមានភាពប្រសើរជាង និងខ្ពស់ជាងកំពូលឯទៀត។ តាមរយៈការសិក្សាស្រាវជ្រាវជាច្រើនដំណាក់កាលពីអ្នកជំនាញបុរាណវិទ្យាជាតិនិងអន្តរជាតិ គេទទួលបានទិន្នន័យបង្ហាញថា កាលពីសម័យអង្គរ ប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្តមិនត្រូវបានបិទខ្ទប់ជិតនូវទ្វារទាំង៤ទិសនោះឡើយ ហើយនៅក្នុងប្រាង្គកណ្ដាលនោះទៀតសោត គឺមានតម្កល់បដិមាព្រះវិស្ណុ ឬព្រះនរាយណ៍ដៃ៨ ដែលព្រះបាទសូយ៌្យវម៌្មទី២ទ្រង់គោរពយ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្តែដល់សម័យលង្វែក ពោលក្នុងរាជ្យព្រះបាទចន្ទរាជាដែលសោយរាជ្យចាប់ពីឆ្នាំ១៥១៦-១៥៦៦ ព្រះអង្គបានចេញព្រះរាជឱង្ការឱ្យគេលើកបដិមាព្រះវិស្ណុចេញពីប្រាង្គកណ្ដាលយកទៅតម្កល់ទុកនៅគោបុរៈខាងលិច ហើយតម្កល់បដិមាព្រះពុទ្ធប្រក់នាគដ៏ធំមួយជំនួសវិញ។ មិនតែប៉ុណ្ណោះ ព្រះអង្គក៏បានបញ្ជាឱ្យគេប្រើថ្មភក់បិទខ្ទប់ច្រកទ្វារទាំង៤ទិសជិតឈឹង ហើយឆ្លាក់ចេញជាព្រះពុទ្ធរូបឱ្យអភ័យនៅលើថ្មដែលបិទខ្ទប់ទ្វារទាំង៤ទិសនោះ ទម្រង់ដូចព្រះពុទ្ធត្រឡែងកែង ឬទល់ប្រឹស្ឋគ្នា។ ត្រង់ចំណុចនេះសូមបញ្ជាក់ដែរថា នៅសម័យកណ្ដាល ពុទ្ធសាសនិកនិយមណាស់នូវការកសាងព្រះពុទ្ធរូបត្រឡែងកែង ពិសេសដូចមាននៅវត្តត្រឡែងកែង ខេត្តកំពង់ឆ្នាំង ដែលធ្លាប់ជាបេះដូងនៃរាជធានីលង្វែក។

លុះមកដល់សម័យអាណានិគមនិយមបារាំង ពោលគឺនៅឆ្នាំ១៩៣៤ លោក ហ្ស៊ក ត្រូវ៉េ (Georges Trouvé) ដែលជាប្រធានអភិរក្សដ្ឋានអង្គរចាប់ពីឆ្នាំ១៩៣១-១៩៣៥ បានអនុវត្តគម្រោងស្រាវជ្រាវមួយនៅប្រាង្គកណ្ដាលប្រាសាទអង្គរវត្តនេះ ដោយក្រុមអ្នកស្រាវជ្រាវបានបើកទ្វារខាងត្បូងឡើងវិញ ដើម្បីធ្វើកំណាយស្រាវជ្រាវទៅក្នុងទីនោះ។ ដំបូងឡើយ ក្រុមស្រាវជ្រាវបានគាស់ជញ្ជាំងថ្មនៅច្រកខាងត្បូងនោះ ហើយបានចូលទៅក្នុងប្រាង្គកណ្ដាល ក៏ឃើញមានបដិមាព្រះពុទ្ធប្រក់នាគធំល្មមមួយនៅទីនោះ ពួកគេក៏បានរំកិលព្រះពុទ្ធប្រក់នាគនោះទៅទុកបណ្ដោះអាសន្ននៅរោងទងទី១ផ្នែកខាងកើត។ បន្ទាប់មក ក្រុមអ្នកស្រាវជ្រាវក៏បានធ្វើកំណាយនៅក្នុងប្រាង្គកណ្ដាលដដែល ដោយបានឃើញនូវរណ្ដៅសិលាមានជម្រៅប្រមាណ២៣-២៥ម៉ែត្រ និងបន្តរកឃើញប្រអប់ថ្មធំមួយនៅក្នុងរណ្ដៅនោះដែលតម្កល់លើខឿនថ្មមួយទៀត ប្រអប់ថ្មនេះមានចារអក្សរខ្លះ ដែលខូចខាតទ្រង់ទ្រាយមើលមិនយល់ឡើយ។ ក្រៅពីនោះពួកគេក៏បានរកឃើញសន្លឹកមាស២សន្លឹក និងត្បូងគ្រីស្តាល់២គ្រាប់ទៀតដែរ។ ពាក់ព័ន្ធនឹងសមុច្ច័យទាំងនេះ អ្នកជំនាញបារាំងបានសន្និដ្ឋានថា ប្រអប់ថ្មនោះអាចជាមឈូសសម្រាប់តម្កល់សព ឬក៏ជាកោដ្ឋិតម្កល់ធាតុ។ គេបញ្ជាក់ទៀតថា ដោយសារប្រាសាទអង្គរវត្តសាងសង់ដោយព្រះបាទសូរ្យវរ្ម័នទី២ ដូច្នេះប្រអប់ថ្មនេះអាចជាមឈូសសម្រាប់តម្កល់ព្រះសពព្រះបាទសូរ្យវរ្ម័នទី២ក៏ថាបាន ចំណែកឯសមុច្ច័យផ្សេងទៀតក៏ដូចទៅនឹងការបញ្ចុះវត្ថុមានតម្លៃជាមួយសព ដែលតែងមាននៅក្នុងទំនៀមទម្លាប់ខ្មែរផងដែរ។ តាមរយៈសិលាចារឹក K.298 ដែលចារនៅក្រោមរូបព្រះរាជាកំពុងដឹកនាំព្យុហយាត្រាកងទ័ពថា «ព្រះបាទកម្រតេងអញបរមវិស្ណុលោក» ត្រូវបានគេសន្និដ្ឋានថាជាព្រះមរណនាមរបស់ព្រះបាទសូរ្យវរ្ម័នទី២។ ដូច្នេះហើយទើបមានអ្នកជំនាញជាតិ/អន្តរជាតិជាច្រើនសុទ្ធតែបានអះអាងថា ប្រាសាទអង្គរវត្ត ក្រៅពីស្ថាបនាឡើងដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា ក៏ជាព្រះរាជផ្នូរសម្រាប់តម្កល់ព្រះសព ឬព្រះធាតុព្រះបាទសូរ្យវរ្ម័នទី២ផងដែរ។

ចំពោះកិច្ចការស្រាវជ្រាវនៅប្រាង្គកណ្ដាលប្រាសាទអង្គរវត្តនោះទៀតសោត ក្រោយពេលស្រាវជ្រាវរកឃើញសមុច្ច័យទាំងអម្បាលម៉ានខាងលើហើយ ក្រុមអ្នកស្រាវជ្រាវបារាំងក៏បានឱ្យជាងដាប់ថ្មតាមក្បាច់រូបព្រះពុទ្ធបដិមាដើមដែលបានដកចេញពីច្រកខាងត្បូងនោះ រួចហើយក៏ផ្គុំចូលគ្នាវិញក្លាយជាចម្លាក់លោតតម្កល់នៅទិសខាងត្បូងដដែលវិញដែរ ហើយច្រកខាងត្បូងនោះក៏ត្រូវបានបិទដោយទ្វារឈើជំនួសវិញ។ ចំណែកបដិមាព្រះពុទ្ធប្រក់នាគក៏ត្រូវបានលើកទៅដាក់នៅក្នុងរោងទងទី១ចំខាងលិចប្រាង្គកណ្ដាលវិញ ដែលមុននោះគេទុកបណ្ដោះអាសន្ននៅប៉ែកខាងកើត។ ចំពោះប្រអប់ថ្មដែលគេសន្និដ្ឋានថាជាមឈូស ឬកោដ្ឋ រួមជាមួយក្វាតគ្រីស្ដាល់ និងសន្លឹកមាស ត្រូវបានអ្នកជំនាញយកទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ប៉ុន្តែបច្ចុប្បន្នត្រូវបានដាក់តាំងពិព័រណ៍នៅសារមន្ទីរអង្គរ នៃខេត្តសៀមរាប។

ដោយឡែក បដិមាព្រះវិស្ណុ ឬព្រះនរាយណ៍ដែលលើកចេញពីប្រាង្គកណ្ដាលប្រាសាទអង្គរវត្ត មកតម្កល់ទុកនៅគោបុរៈខាងលិចកាលពីសម័យលង្វែកនោះ ក៏ត្រូវបានអ្នកស្រុកហៅថា «អ្នកតារាជា»«តារាជ» និងបានគោរពបន់ស្រន់រហូតដល់ពេលបច្ចុប្បន្ន៕