(ភ្នំពេញ)៖ ដំរីចម្បាំង ប្រៀបដូចជារថក្រោះសម្រាប់កងទ័ពមុនសម័យទំនើប។ ប្រវត្តិសាស្ត្រខ្មែរតាំងពីសម័យកកើតរដ្ឋ រហូតមកដល់សម័យទំនើបបច្ចុប្បន្ននេះ ក៏តែងផ្សារភ្ជាប់ជាមួយដំរីជាប់ឥតដាច់។ បុព្វបុរសប្រើដំរីជាយានចម្បាំងច្បាំងពង្រីកទឹកដី ការពារទឹកដី ជាយានដើរត្រួតកិច្ចការរាជការ ជាគ្រឿងលើកស្ទួយកិត្យានុភាពយោធាជាដើម។

រាប់ពីសម័យអាណាចក្រភ្នំមក ព្រះមហាក្សត្រខ្មែរទ្រង់តែងយកព្រះទ័យទុកដាក់នឹងកិច្ចការបង្កាត់ដំរីស្រុក ទាក់ដំរីព្រៃយកមកបង្វឹកឱ្យក្លាយជាដំរីចម្បាំង ដំរីយុទ្ធ ជាព្រះរាជទីនាំងសម្រាប់ទ្រង់យាងចេញត្រួតកិច្ចការរាជការ សាកសួរសុខទុក្ខអាណាប្រជានុរាស្ត្រ។ នៅសម័យអាណាចក្រភ្នំដដែលនោះ មានរាជធានីមួយឈ្មោះថា វ្យាធបុរៈ គឺនៅម្ដុំបាភ្នំខេត្តព្រៃវែងបច្ចុប្បន្ន តែឯកសារខ្លះថានៅអង្គរបុរីខេត្តតាកែវ។ ពាក្យថាវ្យាធៈនេះ ឯកសារចិនហៅថា តូមូ ដែលត្រូវនឹងពាក្យខ្មែរថា ទម្មាក់ ឬអ្នកទាក់ គឺចង់សំដៅលើអ្នកទាក់ដំរី ដោយហេតុថា ព្រះរាជាខ្មែរនាសម័យនោះគឺសុទ្ធតែមានជំនាញខ្លាំងពូកែក្នុងការទាក់ដំរី បង្វឹកនិងប្រើប្រាស់ដំរីជួយកិច្ចការព្រះនគរ។

មកដល់សម័យចេនឡា និងសម័យអង្គរ ពិសេសគឺនៅសម័យអង្គរ យើងឃើញមានចម្លាក់ដំរីជាច្រើននៅតាមប្រាង្គប្រាសាទ រឿងរ៉ាវជាច្រើនដែលមានជាប់ពាក់ព័ន្ធនឹងដំរីចម្បាំង ព្រមទាំងមានការកត់ត្រាអំពីតួនាទីដំរីក្នុងចម្បាំងសឹកសង្គ្រាមយ៉ាងច្រើន។ នៅដើសម័យអង្គរ គ្រាដែលព្រះមហាក្សត្រតាំងរាជធានីនៅហរិហរាល័យ (ម្ដុំប្រាសាទបាគង) ព្រះបាទជយវម៌្មទី៣ ដែលសោយរាជ្យចាប់ពីឆ្នាំ៨៥០-៨៧៧ ព្រះអង្គសព្វព្រះទ័យនឹងការទាក់ដំរីណាស់ ដើម្បីយកមកបង្ហាត់ឱ្យក្លាយជាសត្វស្រុក និងសម្រាប់ប្រើប្រាស់ក្នុងកិច្ចការសឹកសង្គ្រាម។ ប្រទេសជាតិមានវិស័យយោធារឹងមាំ និងមានគ្រឿងសព្វាវុធខ្លាំងក្លា នោះហើយគឺជាតួនាទីចូលរួមនិងគុណសម្បត្តិរបស់ដំរីចម្បាំងខ្មែរ។

ការរៀបចំរាជធានី ការកសាងរាជធានី សំណង់ប្រាសាទ ហេដ្ឋារចនាសម្ពន្ធសាធារណៈនាសម័យអង្គរនោះ គឺសុទ្ធតែត្រូវការមិនអាចខ្វះបាននូវកម្លាំងអូសទាញរបស់ដំរី ក៏ដូចជាសត្វពាហនៈផ្សេងទៀត។ ក្នុងរាជ្ជកាលព្រះបាទយសោវម៌្មទី១ ដែលព្រះអង្គបានកសាងរាជធានីថ្មីនៅម្ដុំភ្នំបាខែង ក៏សុទ្ធតែមានការចូលរួមរៀបចំកសាងពីសំណាក់កម្លាំងដំរីដ៏ច្រើនអនេក។ ព្រះមហាក្សត្រក្រោយៗដែលជាអ្នកគ្រប់គ្រងចក្រភពខ្មែរនាសម័យនោះ គឺសុទ្ធតែពឹងផ្អែកលើអំណាចយោធា កាន់កងទ័ពដោយព្រះអង្គផ្ទាល់។ មានកិច្ចពិធីជាច្រើនពាក់ព័ន្ធនឹងការទាក់ដំរី ការសង់បន្ទាយសម្រាប់ទ័ពដំរី ការទំនុកបម្រុងដល់ការបង្វឹកដំរីជាដើម។ មន្ត្រីកិច្ចការដំរីមានងារជា «ខ្លោញដំរី»

គេបានរៀបរាប់ពីការកសាងប្រាសាទអង្គរវត្តក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ដោយមានភ្ជាប់ជាមួយការប្រើប្រាស់កម្លាំងដំរី អមជាមួយរូបភាពយ៉ាងមមាញឹករបស់ក្រុមដំរីដែលកំពុងអូសទាញថ្មសិលាយកទៅសាងសង់ប្រាសាទដ៏ល្បីល្បាញមួយនេះ។ មកដល់រាជ្យព្រះបាទជយវរ្ម័នទី៧ ព្រះអង្គក៏បានរៀបចំឱ្យមានព្រះលានជល់ដំរីសម្រាប់ត្រួតកងទ័ពមុនពេលចេញច្បាំង និងក្រោយពេលច្បាំងចប់ចូលរាជធានីវិញ។ នៅតាមជញ្ជាំងប្រាសាទបាយ័ន្ត ព្រះបាទជយវរ្ម័នទី៧ក៏បានរំលេចនូវចម្លាក់សង្គ្រាមចម្បាំងជាមួយសត្រូវ ដោយមានការចូលរួមពីទ័ពដំរីដ៏អង់អាចក្លាហាន វាយបំបាក់គូសត្រូវឱ្យបាក់បបខ្លបខ្លាចចេញឆ្ងាយពីដែនព្រះនគរ។

នៅចុងសម័យអង្គរ ដំរីត្រូវបានបន្ថែមតួនាទីសំខាន់មួយទៀត គឺការជួញដូរជាមួយកាំភ្លើងធំពីប្រទេសចិននាសម័យរាជវង្សយ័ន ដើម្បីពង្រឹងការការពារព្រះនគរ។ ទោះបីថាមកដល់សម័យនោះមានកាំភ្លើងធំយ៉ាងណាក្ដី ប៉ុន្តែដំរីនៅតែមានតួនាទីស្នួលសំខាន់ក្នុងវិស័យយោធា នៅតែខ្លាំងដូចកងរថក្រោះនាសម័យទំនើបនេះដូច្នោះដែរ។

សម័យកាលអង្គរដ៏រុងរឿងកន្លងផុតទៅ ឈានចូលដល់សម័យចតុម្មុខ និងសម័យលង្វែក កងទ័ពដំរីក៏នៅតែមានឫទ្ធានុភាពក្នុងការការពារដែនដីខ្មែរ ក៏ដូចជាការច្បាំងដណ្ដើមទាមទារមកវិញនូវខេត្តភាគខាងលិចដែលបានបាត់បង់ក្នុងរជ្ជកាលមុនៗ។ ព្រះបាទពញាយ៉ាត ព្រះបាទស្រីរាជា ព្រះបាទចន្ទរាជា ព្រះបាទបរមិន្ទរាជា ព្រះបាទសត្ថា ព្រះស្រីសុរិយោពណ៌ គឺសុទ្ធតែជាក្សត្រអង់អាចនាសម័យក្រោយអង្គរ។ កងទ័ពរបស់ព្រះមហាក្សត្រគ្រប់អង្គក៏នៅតែមានភាពជំនាញក្នុងការប្រើប្រាស់ទ័ពដំរីចម្បាំង ច្បាំងផ្ចាញ់ផ្ចាលសត្រូវនៅភាគខាងលិចឱ្យដកថយទៅវិញ ព្រមទាំងចូលរួមក្នុងយុទ្ធនាការទាមទារខេត្តភាពខាងលិចមកវិញផងដែរ រាប់ចាប់ពីខេត្តប្រាជិនបុរី ខេត្តជលបុរី ខេត្តបស្ចិមបុរី ខេត្តនគររាជ ខេត្តចន្ទបុរីជាដើម។

ជាការពិតណាស់ ដំរីគជសាក៏ជាសត្វពាហនៈដ៏សំខាន់នៅក្នុងវប្បធម៌ខ្មែរដែរ។ បុព្វបុរសបានបន្សល់ទុកនូវកេរដំណែលជាច្រើនដែលផ្សារភ្ជាប់ជាមួយដំរី តួយ៉ាងដូចយើងបានឃើញស្រាប់នាពេលបច្ចុប្បន្ន គឺរូបចម្លាក់ដំរីដ៏ធំមួយនៅស្រះដំរីលើភ្នំគូលែន ដែលគេជឿថាត្រូវបានឆ្លាក់ចេញពីថ្មធម្មជាតិក្នុងរជ្ជកាលព្រះបាទជយវម៌្មទី២ ក្នុងពេលដែលព្រះអង្គគង់នៅរាជធានីមហេន្ទ្របវ៌្វតភ្នំគូលែននោះ។ ក្រៅពីនោះមានរូបចម្លាក់នៅប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន្ត ព្រះលានជល់ដំរី ប្រាសាទបាគង និងប្រាសាទជាច្រើនទៀតក្នុងតំបន់អង្គរ ក៏ដូចជាទូទាំងចក្រភពខ្មែរនាសម័យអង្គរផងដែរ។

ឥទ្ធិពលព្រហ្មសាសនា ពុទ្ធសាសនា ក៏ដូចជាជំនឿក្នុងតំបន់ គឺសុទ្ធតែបានចាត់ទុកដំរីគជសានេះជាទីសក្ការ ឬជាសត្វទេពដែលផ្ដល់នូវភាពស័ក្តិសិទ្ធទៀតផង។ ទេវកថាព្រហ្មញ្ញសាសនាមួយបាននិយាយថា ដំរីឰរាវ័ណបានក្លាយជាយានជំនិះដ៏ខ្លាំងមហិមានៃអង្គព្រះឥសូរ ដែលព្រះអង្គទទួលបានពីការកូរសមុទ្រទឹកដោះ។ ព្រះរាជបុត្ររបស់ព្រះឥន្ទ្រមួយអង្គ គឺព្រះគណេសក៏មានប្រវត្តិជាមួយដំរីផងដែរ ព្រះគណេសមានខ្លួនជាទេវតានិងក្បាលជាដំរី។ នៅក្នុងពុទ្ធប្រវត្តិក៏មាននិយាយដែរនូវដំរីដែលមានសទ្ធាជ្រះថ្លាជាមួយព្រះពុទ្ធបរមគ្រូ គ្រាដែលព្រះអង្គគង់នៅក្នុងព្រៃហេមពាននោះ។ ងាកមកក្នុងប្រលោមកថារបស់ជនជាតិខ្មែរយើងវិញ ក៏មានការដំណាលអំពីរឿងស្ដេចដំរីស និងរឿងរ៉ាវផ្សេងទៀតជាច្រើន។ នេះមិនទាន់និយាយដល់ជំនឿវប្បធម៌របស់ប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះផង៕