(ភ្នំពេញ)៖ នៅឆ្នាំ២០២៣ ភ្ញៀវទេសចរបានដាក់ពិន្ទុប្រាសាទអង្គរវត្តជាប់លេខ១ ជាទីតាំងមើលថ្ងៃរះស្អាតបំផុតនៅលើពិភពលោក និងនៅអាស៉ីអាគ្នេយ៍។ នេះបើតាមការផ្សាយដោយ Seasia Stats ដកស្រង់ប្រភពពីសារព័ត៌មានអង់គ្លេស Mornings.co.uk នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

Mornings.co.uk បានប្រមូលទិន្នន័យពីទីតាំងដ៏ល្អបំផុតសម្រាប់ទស្សនាថ្ងៃរះពីប្រទេសចំនួន៧២ជុំវិញពិភពលោក ខណៈអង្គរវត្តមានអ្នកផ្តល់ពិន្ទុចំនួន១០,៤០៤នាក់ ច្រើនលើសគេ និងត្រូវបានចាត់ទុកថាជាកន្លែងមើលទាំងថ្ងៃរះ និងថ្ងៃលិចល្អបំផុត។ បន្ថែមលើនេះ បើរាប់នៅអាស៉ីអាគ្នេយ៍ អង្គរវត្តជាប់លេខ១ជាទីតាំងមើលថ្ងៃរះល្អបំផុត តាមពីក្រោយដោយប្រាសាទបុរោពុទ្ធោ (Borobudur) របស់ឥណ្ឌូនេស៉ី ដែលជាប់លេខ៤ និងប្រាសាទបាកាន (Bagan) របស់មីយ៉ាន់ម៉ា ដែលជាប់លេខ៧។

ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១២ ក្រោមស្នាព្រះហស្តព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុនៃសាសនាហិណ្ឌូ។ នៅពេលព្រះបាទសូរ្យវរ្ម័នទី២សោយទិវង្គតនាឆ្នាំ១១៥០ មហាប្រាសាទនេះក៏មានតួនាទីព្រះរាជផ្នូររបស់ព្រះអង្គ។ ប៉ុន្តែមកដល់សម័យកណ្ដាលនៃប្រវត្តិសាស្ត្រខ្មែរ ប្រាសាទនេះក៏ក្លាយមកពុទ្ធសាសនដ្ឋានវិញ។

ប្រាសាទអង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប ដែលជាទីក្រុងបុរាណមួយក្នុងចំណោមតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតលើពិភពលោក ដោយក្នុងមួយឆ្នាំៗមានអ្នកទស្សនារាប់លាននាក់។

ប្រាសាទអង្គរវត្ត ក៏ធ្លាប់បានផ្តួលទីក្រុង Pompeii នៃប្រទេសអ៉ីតាលី ក្លាយជាអច្ឆរិយៈទី៨របស់ពិភពលោក។ នេះបើតាមការផ្សាយដោយគេហទំព័រ Time of India Travel នៅថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២៣ កន្លងទៅ។

បន្ថែមលើនេះ ប្រាសាទអង្គរវត្តក៏បានជាប់ចំណាត់ថ្នាក់លេខ១ជាទីតាំងដ៏ល្អបំផុតសម្រាប់ទស្សនា បើធៀបនឹងទីតាំងដ៏ល្អបំផុតទាំង២៩នៅតំបន់អាស៉ីអាគ្នេយ៍។ នេះបើតាមការសិក្សាដោយគេហទំព័រ Touropia Travel Guides ដែលជាគេហទំព័របង្ហាញពីទេសភាពដ៏អស្ចារ្យបំផុតនៅជុំវិញពិភពលោក ចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅឆ្នាំ២០២១នោះដែរ ក្រោយការស្ទង់មតិពីអ្នកទេសចរនៅលើពិភពលោក ដោយវែបសាយអន្តរជាតិមួយឈ្មោះ Rough Guides ដែលជាទីភ្នាក់ងារទេសចរណ៍ និងជាក្រុមហ៊ុនបោះពុម្ពផ្សាយសៀវភៅមគ្គទេសក៍ដ៏ល្បីល្បាញ អំពីប្រទេសដែលរួសរាយរាក់ទាក់ជាងគេបំផុតនៅលើពិភពលោក «The World's Friendliest Countries» ក៏បានបង្ហាញថា កម្ពុជាជាប់ចំណាត់លេខ១ ដែលមានអ្នកបោះឆ្នោតគាំទ្រច្រើនជាងគេនៅក្នុងប្រព័ន្ធអ៉ីនធើណេតថា ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុតនៅលើពិភពលោកផងដែរ៕

ប្រភព៖ https://morninglife.co.uk/best-sunrise-and-sunset/