(ភ្នំពេញ)៖ ទ្វីបអាមេរិកដែលគេស្គាល់នាគ្រាដំបូងនោះ គឺតាមរយៈដំណើររុករកដីថ្មីរបស់លោក គ្រីស្ដុប កូឡំ ដែលធ្វើឡើងនាខែកក្កដា ឆ្នាំ១៤៩២ ប៉ុន្តែខាងប្រទេសចិនធ្លាប់អះអាងថា មេទ័ពរបស់ចិននាសម័យរាជវង្សយ័នរបស់ម៉ុងហ្គោល ធ្លាប់ទៅដល់ទឹកដីអាមេរិកនេះមុនការទៅដល់របស់លោក គ្រីស្ដុប កូឡំ (Christopher Columbus 1451-1506) ទៅទៀត។

ទាំងនេះគឺរឿងរ៉ាវដែលពួកអឺរ៉ុបផ្សព្វផ្សាយពួកគេបានទៅដល់ទ្វីបអាមេរិកមុនគេបង្អស់ ប៉ុន្តែជនជាតិចិនបានអះអាងថា ក្នុងសម័យរាជវង្សយ័ន ១២៧៩-១៣៦៨ (រាជវង្សនេះបង្កើតដោយស្ដេចម៉ុងហ្គោល គូប៊ីឡៃខាន់ ក្នុងការគ្រប់គ្រងប្រទេសចិន) ក៏បានបញ្ជូនអ្នករុករកដែនដីថ្មីនៅត្រើយសមុទ្រខាងកើត (សំដៅលើមហាសមុទ្រប៉ាស៊ីហ្វិក) ផងដែរ ហើយគេបានទទួលដំណឹងថាពួកអ្នករុករកទាំងនោះ បានទៅដល់ទ្វីបដ៏ធំមួយនៅត្រើយសមុទ្រខាងកើតនេះ ដោយបានគូរផែនទីផ្នែកខ្លះនៃដែនដីថ្មីនេះ គ្រាន់តែកាលណោះជនជាតិចិនមិនដឹងហៅឈ្មោះថាយ៉ាងម៉េច។ ក្រោយមកទៀត ពោលគឺនៅអំលុងឆ្នាំ១៤២១ មេទ័ពជើងទឹករបស់រាជវង្សម៉េង (Ming) ដែលឈ្មោះថា ចឹង ហឺ (Zheng He) ក៏បានបរសំពៅទៅដល់ទ្វីបថ្មីនៅត្រើយសមុទ្រខាងកើតនេះដែរ។

ចំណេរកាលក្រោយមក ពោលគឺនាអំលុងសតវត្សទី១៥ ចក្រភពអេស្ប៉ាញ និងចក្រភពព័រទុយកាល់បានជំរុញឱ្យមានការរុករកដែនដីថ្មី និងមធ្យោបាយងាយស្រួលជាងក្នុងការទៅកាន់ឥណ្ឌា និងអាស៊ី ដែលពីមុនគេត្រូវធ្វើដំណើរតាមសមុទ្រអាត្លង់ទិកទៅទិសខាងត្បូង ដោយវាងទ្វីបអាហ្វ្រិកយ៉ាងយូរ ទើបទៅដល់មហាសមុទ្រឥណ្ឌា និងដែនគោកនៅទ្វីបអាស៊ីនេះ។ ក្នុងចំណោមអ្នករុករកជាច្រើននាក់ លោក គ្រីស្តុប កូឡំ ដែលជាមេបញ្ជាការសំពៅជនជាតិអ៉ីតាលីម្នាក់ ក៏ជាអ្នករុករកម្នាក់ដែរ។ លោក គ្រីស្ដុប កូឡំ មានទស្សនៈថាផែនដីមានរាងមូល ផ្ទុយពីទស្សនៈរបស់ជនជាតិអឺរ៉ុបនាពេលនោះ ដែលគេជឿថាផែនដីមានរាងសំប៉ែតដូចផែនស្ករ។

ក្នុងដំណើរលើកដំបូងទៅកាន់ពិភពលោកថ្មី នាខែកក្កដា ឆ្នាំ១៤៩២ សំពៅទាំង៣របស់លោក គ្រីស្តុប កូឡំ បានចេញពីកំពង់ផែសាន់តាម៉ារី (Santa Maria) នៃចក្រភពអេស៉្បាញ។ រយៈពេល៣៦ថ្ងៃក្រោយមក លោកបានឈានជើងដល់កោះមួយ ដែលបច្ចុប្បន្នជាប្រទេសបាហាម៉ាស (Bahamas)។ សំពៅសមុទ្ររបស់លោកក៏បានបន្តដំណើរទៅដល់កោះចំនួន២បន្តបន្ទាប់ទៀត ដែលមួយជាប្រទេសគុយបា (Cuba) ហើយកោះមួយទៀតជាប្រទេសហៃទី (Haiti) និងសាធារណរដ្ឋដូមីនិក (Dominican Republic) នាពេលបច្ចុប្បន្ន។ នៅក្នុងឆ្នាំ១៤៩៣ លោកបានត្រលប់មកចក្រភពអេស៉្បាញវិញ និងបានរាយការណ៍ថ្វាយព្រះចៅអធិរាជអេស្ប៉ាញអំពីការទៅដល់បណ្ដាកោះទាំងនោះ។

នៅក្នុងឆ្នាំ១៤៩៣ដដែលនោះ លោកបានធ្វើបេសកកម្មជាលើកទី២ ដើម្បីរុករកកោះថ្មីបន្ថែមទៀតនៅក្នុងលំហសមុទ្រការីបង់ (Caribbean) ដោយបានទៅដល់ដែនដីថ្មីមួយទៀត ដែលបច្ចុប្បន្នជាប្រទេសវេណេស៊ុយអេឡា (Venezuela)។ គាត់បានត្រលប់មកអេស៉្បាញវិញនៅឆ្នាំ១៤៩៦។

លោក គ្រីស្តុប កូឡំ បានចេញដំណើរផ្លូវសមុទ្រជាលើកទី៣ នៅឆ្នាំ១៤៩៨ ដោយលើកនេះក៏មានមេបញ្ជាការសំពៅដ៏ចំណានម្នាក់រួមដំណើរផងដែរ ដែលមានឈ្មោះថា អាមេរីកូ វេស្ពូស៊ី (Amerigo Vespucci)។ លោក គ្រីស្តុប កូឡំ បានទៅដល់ប្រជុំកោះមួយចំនួននៅលំហសមុទ្រការីបង់ និងដែនដីផ្សេងទៀត ដែលបច្ចុប្បន្ននៅត្រង់ប្រទេសហុងឌុយរ៉ាស់ (Hongduras) និងប្រទេសអ៊ែលសាវ៉ាឌ័រ (El Sanador) ហើយលោកក៏បានត្រលប់មកអេស្ប៉ាញវិញនៅឆ្នាំ១៥០០។

ទោះជាយ៉ាងណា លោកនៅតែយល់ថាដែនដីកោះដែលលោកបានទៅដល់លើកមុនៗនោះ គឺជិតដល់ដែនដីរបស់ឥណ្ឌា។ លោក គ្រីស្តុប កូឡំ និងលោក អាមេរីកូ វេស្ពូស៊ី ដែលជានាវិករបស់លោក គ្រីស្តុប កូឡំ ក៏បានធ្វើដំណើរតាមផ្លូវសមុទ្រជាលើកចុងក្រោយនៅឆ្នាំ១៥០២ ដោយបានទៅដល់ភាគកណ្ដាលនៃទ្វីបអាមេរិក ដើម្បីបន្តស្វែងរកផ្លូវទៅសមុទ្រឥណ្ឌា និងដែនដីឥណ្ឌា។ នៅពេលនោះ ព្យុះសមុទ្រមួយបានបោកបក់សំពៅរបស់គាត់ទៅដល់កោះគុយបា។ លោក គ្រីស្តុប កូឡំ បានត្រលប់មកអេស៉្បាញវិញនៅខែវិច្ឆិកា ឆ្នាំ១៥០៤។

ក្រោយលោក គ្រីស្ដុប កូឡំ ទទួលមរណភាពនៅឆ្នាំ១៥០៦ លោក អាមេរីកូ វេស្ពូស៊ី បាននាំដំណឹងការពិតអំពីដីថ្មីនោះថាមិនមែនជាប្រទេសឥណ្ឌា ដែលលោក គ្រីស្តុប កូឡំ ក៏ដូចជាគ្រប់គ្នាធ្លាប់យល់ច្រឡំនោះទេ គឺជាដែនដីផ្សេងមួយទៀតដែលមានមនុស្សរស់នៅជាយូរមកហើយ តែមានស្បែកក្រហមខុសពីជនជាតិអឺរ៉ុបស្បែកស និងឥណ្ឌាស្បែកខៀវ។ តាំងពីពេលនោះមក គេក៏បានដាក់ឈ្មោះទ្វីបថ្មីដែលមិនទាន់មានអ្នកណាដឹងពីវិសាលភាពនោះថា ទ្វីបអាមេរិក គឺយកតាមឈ្មោះមេបញ្ជាការសំពៅរបស់លោក គ្រីស្តុប កូឡំ គឺ Amerigo។

នៅពេលគេដឹងថា លោក គ្រីស្តូប កូឡុំ រកឃើញដីថ្មីនៅទ្វីបអាមេរិកនេះហើយ ពួកអឺរ៉ុបបានបើកប្រតិបត្តិការលើកទ័ពចូលធ្វើសញ្ជ័យវាតទីយកដែនដីរៀងៗខ្លួន និងបានសម្លាប់ជនជាតិដើមម្ចាស់ស្រុកដែលគេហៅថា «ឥណ្ឌាស្បែកក្រហម» នោះយ៉ាងរង្គាលជាទីបំផុត ចាប់ពីដើមសតវត្សរ៍ទី១៦។ ដំបូងគឺចក្រភពអេស្ប៉ាញ និងព័រទុយកាល់ ជាអ្នកឡើងច្រាំងទ្វីបអាមេរិកមុនគេ បន្ទាប់មកមានចក្រភពអង់គ្លេស បារាំង ហូឡង់។ អេស្ប៉ាញ និងព័រទុយកាល់ យកដីបានច្រើនជាងគេនៅតំបន់អាមេរិកខាងត្បូងបច្ចុប្បន្ន ចំណែកអង់គ្លេស បារាំង និងហូឡង់វិញយកដីបានច្រើនជាងគេនៅតំបន់អាមេរិកខាងជើងបច្ចុប្បន្ន៕