(ភ្នំពេញ)៖ មានទីតាំងស្ថិតនៅទ្វីបអាស៉ីប៉ែកបូព៌ា ប្រទេសជប៉ុនបានជាប់ឈ្មោះជាប្រទេសជួប នូវគ្រោះធម្មជាតិញឹកញាប់ជាងគេមួយ នៅលើពិភពលោក ក្នុងនោះគ្រោះរញ្ជួយដីតូចធំ ១,៥០០លើក ព្រមទាំងរលកយក្ស ផ្ទុះភ្នំភ្លើង ខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះធម្មជាតិជាច្រើនលើកទៀត តែងតែវាយប្រហារមកលើប្រទេសដីកោះមួយនេះជារៀងរាល់ឆ្នាំ។

តើហេតុអ្វីបានជាប្រទេសអាស៉ីមួយនេះ ជួបនូវគ្រោះធម្មជាតិញឹកញាប់ខ្លាំងយ៉ាងដូច្នេះ?

ប្រទេសជប៉ុនមានកោះសរុប ៦,៨៥២ ក្នុងនោះមានកោះធំៗចំនួន ៥ រួមមាន៖ កោះហុកកៃដូ (Hokaido) កោះហុងស៊ូ (Honshu) កោះស៉ីកុគូ (Shikoku) កោះឃ្យូស៊ូ (Kyushu) និងកោះអូគិណាវ៉ា (Okinawa) ដែលលាតសន្ធឹងតាមបណ្ដោយឆ្នេរមហាសមុទ្រប៉ាស៉ីហ្វិក ចាប់ពីសមុទ្រអុកហូតស្ក៍ (Okhotsk) រហូតដល់សមុទ្រហ្វីលីពីន។

កោះទាំងនោះស្ថិតក្នុងតំបន់ខ្សែក្រវាត់ភ្នំភ្លើងក្រោមបាតមហាសមុទ្រប៉ាស៉ីហ្វិក និងមានភ្នំភ្លើងងើបផុសឡើងជាបន្តបន្ទាប់តាំងពីរាប់រយលានឆ្នាំ​មុនរហូតមកដល់​ពេលបច្ចុប្បន្ន។ នៅពេលសិលាម៉ាកម៉ាក្នុងស្រទាប់ផែនដីមានចលនាឡើង វាបានបង្កឱ្យមានរលករញ្ជួយដីក្រោមបាតសមុទ្រកើតឡើង រីឯនៅក្នុងផ្ទៃមហាសមុទ្រក៏មាន​ចលនាកញ្ជ្រោកឡើងផងដែរ ដែលបង្កឱ្យមានរលកយក្សប៉ះទង្គិចជាមួយដីកោះរបស់ជប៉ុន។

តាមការសិក្សាស្រាវជ្រាវបានរកឃើញកត្តាមួយចំនួន ដែលបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិនៅប្រទេសជប៉ុន គឺដោយសារ៖

* ទី១៖ ជប៉ុនជាប្រទេសប្រជុំកោះ ហើយទីតាំងប្រជុំកោះទាំងនោះបានលយចេញដាច់ឆ្ងាយពីដីទ្វីប ហើយស្ថិតនៅចំចរន្តទិសខ្យល់សមុទ្រ ដែលតែងតែបក់ទៅបក់មកជារៀងរាល់ឆ្នាំ ដូចជា ខ្យល់នាំទឹកភ្លៀង រលកខ្យល់ព្យុះ ក៏ដូចជាព្យុះព្រិលខ្លាំងៗ ដែលកើតឡើងនៅតាមប្រជុំកោះមួយចំនួននៃតំបន់ឆ្នេរប៉ាស៉ីហ្វិកភាគខាងលិច។

* ទី២៖ សណ្ឋានដីរបស់ប្រទេសជប៉ុនមានសភាពរឹង ហើយមានទំនោរចោតទៅរកសមុទ្រ ជាហេតុធ្វើឱ្យងាយរងនូវគ្រោះទឹកជំនន់ ននិងហានិភ័យផ្សេងៗពីសមុទ្រ។

* ទី៣៖ ប្រទេសជប៉ុនស្ថិតនៅក្នុងតំបន់ខ្សែក្រវាត់រញ្ជួយដី មានប្រភពនៅក្រោមបាតមហាសមុទ្រប៉ាស៉ីហ្វិក ដែលតែងតែបង្កឱ្យមានចលនារញ្ជួយដី និងរលកយក្សស៊ូណាមិ។

* ទី៤៖ ប្រទេសជប៉ុនស្ថិតក្នុងតំបន់ខ្សែក្រវាត់ភ្នំភ្លើងក្រោមបាតសមុទ្រ ដែលភ្នំភ្លើងស្ទើរតែទាំងអស់នៅលើពិភពលោក ត្រូវបានប្រមូលផ្តុំនៅតាមឆ្នេរនៃមហាសមុទ្រនេះ ពោលគឺក្រៅពីប្រទេសជប៉ុន ក្រុមភ្នំភ្លើងសំខាន់ទាំងនោះមាននៅប្រជុំកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូនេស៉ី ប្រទេសនូវែលសេឡង់ ប្រទេសឈីលីជាដើម។

កាលពីឆ្នាំ១៩២៣ ជប៉ុនមានប្រវត្តិជួបគ្រោះរញ្ជួយដីចំរាជធានីក្រុងតូក្យូ ដោយវាបានសម្លាប់មនុស្សជាង ១៤ម៉ឺននាក់។

នាកំលុងពេលចុងក្រោយនេះ មានគ្រោះរញ្ជួយដីធំៗមួយចំនួនបានកើតឡើងផងដែរ ដូចជាកាលពីឆ្នាំ១៩៩៥ គ្រោះរញ្ជួយដីឈ្មោះ ហានស៉ីន (Great Hanshin) បានកើតឡើងនៅទីក្រុងកូបេ (Kobe) ដែលមានកម្លាំងរញ្ជួយ ៦.៨រិចទ័រ ដោយបានសម្លាប់ ជីវិតមនុស្សប្រមាណ ៦,៤០០នាក់ និងខូចខាតជាទំហំទឹកប្រាក់ប្រមាណ ២០០ពាន់លានដុល្លារអាមេរិក។

ចំណែកគ្រោះរញ្ជួយដីដ៏ខ្លាំងមួយទៀតឈ្មោះ ថូហុគូ (Thohoku) បានកើតឡើងកាលពីឆ្នាំ២០១១ ដែលមានកម្លាំងរញ្ជួយកម្រិត ៩.១រិចទ័រ ដោយបានបង្កជារលកយកស៊ូណាមិដ៏ធំមួយ។ តាមរយៈទីភ្នាក់ងារនគរបាលជាតិ គ្រោះធម្មជាតិដ៏អាក្រក់នេះ បានសម្លាប់ជីវិតមនុស្សបប្រមាណ ១៥,៨៩៨នាក់ របួសចំនួន ៦,១៥៧នាក់ និងបាត់ខ្លួនចំនួន ២,៥៣១នាក់ទៀត។

បន្ថែមពីនេះ វាបានធ្វើឱ្យខូចខាតដល់រោងចក្រនុយក្លែអ៊ែរនៅទីក្រុងហ្វូកុស៊ីម៉ា ដែលបានបង្កជាវិបត្តិមួយរបស់ជប៉ុនរហូតដល់សព្វថ្ងៃ។ ព្រឹត្តិការណ៍ធម្មជាតិឆ្នាំ២០១១នេះ បានក្លាយជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន និងត្រូវបានចាត់ចូលក្នុងលំដាប់ទី៤ ក្នុងពិភពលោក ចាប់តាំងពីឆ្នាំ១៩០០មក។

យោងតាមសន្ទស្សន៍ហានិភ័យពិភពលោកប្រចាំឆ្នាំ២០១៣ ជប៉ុនជាប្រទេសដែលមានហានិភ័យ ដោយសារគ្រោះមហន្តរាយធម្មជាតិ ខ្ពស់បំផុតលំដាប់ទី ១៥ ក្នុងពិភពលោក។ ដោយសាររស់នៅក្នុងជីវិតដែលត្រូវប្រឈមនឹង បញ្ហាគ្រោះធម្មជាតិគ្រប់ពេលបែបនេះហើយ ទើបធ្វើឱ្យប្រទេសមួយនេះរឹងមាំ និងត្រៀមខ្លួនជានិច្ចដើម្បីការពារប្រជាជនរបស់ខ្លួន ប្រកបដោយភាពច្នៃប្រឌិតបំផុត៕