(ភ្នំពេញ)៖ បច្ចុប្បន្ន ពិភពលោកមានសករាជធំៗចំនួន ៣ សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ក្នុងនោះមានដូចជា ពុទ្ធសករាជ គ្រិស្ដសករាជ និងមហាម៉ាត់សករាជជាដើម ប៉ុន្តែក៏មានចម្ងល់ខ្លះបានលើកឡើងថា តើនៅមុនពេលមានសករាជធំៗទាំងបីនេះ មនុស្សសម័យបុរាណរាប់លំដាប់ឆ្នាំដោយរបៀបណា?

ជាការពិតណាស់ ដោយសារខ្វះប្រព័ន្ធទំនាក់ទំនងសកល មនុស្សសម័យបុរាណមិនទាន់ឯកភាពគ្នាចាត់ទុកសករាជណាមួយ សម្រាប់រាប់លំដាប់ឆ្នាំជាសកលនៅឡើយទេ ពោលគឺពួកគេមានការប្រើប្រាស់រង្វាស់រង្វាល់ពេលវេលាខុសៗគ្នាទៅតាមតំបន់ផ្សេងៗគ្នា។ រីឯការកំណត់ចំនួនម៉ោង ថ្ងៃ ខែ ឆ្នាំ និងរដូវនោះទៀតសោតក៏មិនដូចគ្នាដែរ។

តួយ៉ាងដូចនៅពិភពឥណ្ឌាសម័យបុរាណ នៅពេលដែលពុំទាន់មានពុទ្ធសករាជ គឺមានសករាជបុរាណតាមព្រហ្មញ្ញសាសនារបស់ពួកគេរួចហើយ ប្រសិនបើគិតមកដល់ពេលបច្ចុប្បន្ន សករាជរបស់សាសនាព្រហ្មញ្ញ ឬហិណ្ឌូនោះមានរយៈពេលជាង ៤០០០ ឆ្នាំមកហើយ។ លុះដល់មានពុទ្ធសករាជ ទើបអ្នកស្រុកឥណ្ឌាភាគច្រើនដែលជាពុទ្ធសាសនិក ក៏បានប្ដូរមកប្រើពុទ្ធសករាជវិញ។ ប៉ុន្តែបច្ចុប្បន្ន ប្រទេសឥណ្ឌាលែងប្រើពុទ្ធសករាជទៀតហើយ គឺគេប្រើសករាជតាមសាសនាហិណ្ឌូវិញ ដែលមានឈ្មោះថា វិក្រមសករាជ (Vikram) ប្រសិនបើគិតត្រឹមគ្រិស្ដសករាជ ២០២០ នេះ គឺស្មើនឹងវិក្រមសករាជ ២០៧៧ (ចាប់ផ្ដើមនៅឆ្នាំ ៥៧ មុនគ្រិស្ដសករាជ)។

រីឯនៅក្នុងពិភពចិនវិញ ចាប់ពីសម័យបុរាណរហូតដល់ឆ្នាំដែល ស៊ុន យ៉ាតសេន បង្កើតសាធារណរដ្ឋចិន នាគ្រិស្ដសករាជ ១៩១២ គឺគេនិយមរាប់លំដាប់ឆ្នាំតាមរជ្ជកាលស្ដេចរបស់ពួកគេ។ ឧទាហរណ៍ នៅសម័យរាជវង្សហាន (២០២ មុនគ.ស-២២០ គ.ស) មានស្ដេចមួយអង្គព្រះនាម លីវ ចឺ (Liu Che) បានប្រកាសខ្លួនឯងជាព្រះអធិរាជអ៊ូ (Wu of Han) ដែលព្រឹត្តិការណ៍នោះត្រូវនឹងឆ្នាំ ១៤០ មុនគ្រិស្ដសករាជ។ នៅពេលនោះ ប្រជារាស្ត្រលើទឹកដីមហាហានទាំងមូលក៏បានចាប់រាប់ឆ្នាំទី១ នៃរជ្ជកាលអ៊ូ។ លុះដល់រជ្ជកាលស្ដេច ឬសម័យរាជវង្សក្រោយៗមកទៀត គេក៏បានផ្លាស់ប្ដូរការរាប់លំដាប់ឆ្នាំទៅតាមរជ្ជកាលស្ដេច ឬរាជវង្សទាំងនោះទៀតដែរ។

នៅពិភពអឺរ៉ុបឯណោះ ការរាប់លំដាប់ឆ្នាំក៏នៅមានភាពមិនទាន់ច្បាស់លាស់ដែរ ខណៈការកំណត់ចំនួនថ្ងៃខែ ក្នុងមួយឆ្នាំ គឺយោងទៅតាមក្បូនតម្រារបស់អ្នកស្រុកអេហ្ស៉ីបបុរាណដែរ។

ចក្រភពអេហ្ស៉ីបបានបង្កើតប្រតិទិនសុរិយគតិ ដើម្បីបែងចែករយៈពេលក្នុងមួយឆ្នាំទៅជា ១៣ខែ។ ប្រតិទិនអេហ្ស៊ីបនេះ គឺជាប្រតិទិនមួយក្នុងចំណោមប្រតិទិនដំបូង ដែលពិភពលោកបានស្គាល់។ ក្រោយមក ប្រជាជនអេហ្ស៊ីបបុរាណក៏បានរកឃើញឆ្នាំតាមប្រតិទិនចន្ទគតិវិញ ដោយបានបែងចែកជារដូវ ខែ ថ្ងៃ និងម៉ោង។

ចំណែកនៅចក្រភពខ្មែរ និងទឹកដីដែលចំណុះក្រោមចក្រភពខ្មែរសម័យបុរាណឯណេះវិញ គឺមិនទាន់មានគ្រិស្ដសករាជ និងមហាម៉ាត់សករាជនៅឡើយទេ។ អ្នកស្រុកខ្មែរមានសករាជធំៗចំនួន ៣ សម្រាប់់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងនោះមានមហាសករាជ ចុល្លសករាជ និងពុទ្ធសករាជ។

នៅសម័យអង្គរ មហាសករាជ និងចុល្លសករាជ មានការប្រើប្រាស់នៅក្នុងព្រះបរមរាជធានី ព្រហ្មញ្ញសាសនិក និងនៅតាមស្ថាប័នរាជការនានានៅទូទាំងចក្រភព។ ចំណែកពុទ្ធសករាជ ច្រើនប្រើសម្រាប់តែអ្នកកាន់ព្រះពុទ្ធសាសនា លុះដល់សម័យក្រោយមក ទើបមានការប្រើប្រាស់ពុទ្ធសករាជជាផ្លូវការវិញ។

នាសម័យលង្វែក នៅពេលដែលអ្នកផ្សព្វផ្សាយសាសនាជាតិព័រទុយកាល់ និងពួកអ្នកអឺរ៉ុបផ្សេងទៀតចូលមកកាន់ព្រះរាជាណាចក្រខ្មែរ គ្រិស្ដសករាជក៏បានហូរចូលប្រទេសខ្មែរមកជាមួយគ្នាដែរ ប៉ុន្តែមិនមានការប្រើប្រាស់ឱ្យទូលំទូលាយនៅឡើយទេ។ រហូតដល់សម័យអាណានិគមបារាំង ទើបនគរខ្មែរមានការប្រើប្រាស់គ្រិស្ដករាជបណ្ដើរៗរហូតមកដល់ពេលបច្ចុប្បន្ន៕