(ភ្នំពេញ)៖ ជាធម្មតាក្នុងមួយឆ្នាំៗ ផែនដីតែងឆ្លងកាត់រដូវផ្សេងៗ ដូចជារដូវក្តៅ រដូវផ្ការីក រដូវស្លឹកឈើជ្រុះ និងរដូវរងាជាដើម។ មូលហេតុដែលបង្កឲ្យមានជារដូវបែបនេះ គឺដោយសារតែអ័ក្សរបស់ភពយើងមានលក្ខណៈផ្អៀងមិនត្រង់ស្មើ។ ការដែលអ័ក្សរង្វិលខ្ញាល់របស់ផែនដីទ្រេតក្នុងរង្វាស់មុំ២៣.៤ដឺក្រេ ជាហេតុធ្វើឲ្យផ្នែកខុសៗគ្នានៅលើផែនដី ទទួលរងពន្លឺព្រះអាទិត្យខុសកម្រិតខុសៗគ្នាដែរ នៅពេលវាគោចរជុំវិញព្រះអាទិត្យ។
មានមនុស្សជាច្រើនយល់ថា រដូវកើតឡើងដោយសារគន្លងគោចររបស់ផែនដីជុំវិញព្រះអាទិត្យ ដែលពេលខ្លះនាំភពយើងទៅកៀកនឹងវា បណ្តាលឲ្យកើតជារដូវក្តៅ ហើយពេលនៅឆ្ងាយពីគ្នាវិញនាំឲ្យកើតជារដូវរងា។ ការយល់ឃើញនេះគឺមិនត្រឹមត្រូវទេ ទោះបីវាជាការពិត ដែលគន្លងគោចររបស់ផែនដី មិនមានរាងជារង្វង់មូលល្អឥតខ្ចោះតែម្តងក៏ដោយ គឺពេលខ្លះផែនដីនៅជិតព្រះអាទិត្យ និងពេលខ្លះនៅឆ្ងាយពីព្រះអាទិត្យ ប៉ុន្តែដោយសារគម្លាតដ៏សែនឆ្ងាយរវាងវត្ថុទាំងពីរ ការប្រែប្រួលបន្តិចបន្តួចនេះ មិនអាចជះឥទ្ធិពលអ្វីលើអាកាសធាតុនៅលើភពយើងទេ។

អ័ក្សរបស់ផែនដីគឺជាបង្គោលអរូបិយមួយ ហើយភពយើងវិលជុំវិញបង្គោលនេះ។ ការវិលបានមួយជុំគឺស្មើនឹងមួយថ្ងៃ។ ហើយវាក៏ជាមូលហេតុបណ្តាលឲ្យមានពេលយប់ និងថ្ងៃនៅលើផ្ទៃផែនដីដែរ។ ប្រសិនបើអ័ក្សនេះមិនទ្រេតទេនោះ គឺត្រង់ស្មើពីលើដល់ក្រោម នោះក៏មិនអាចមានរដូវដូចបច្ចុប្បន្នដែរ។ ស្របពេលផែនដីគោចរជុំវិញព្រះអាទិត្យ អ័ក្សដែលទ្រេតរបស់វាចង្អុលទៅរកទិសតែមួយជានិច្ច។ ដូច្នេះហើយពេញមួយឆ្នាំ ទីតាំងខុសៗគ្នារបស់ផែនដី ទទួលបានពន្លឺព្រះអាទិត្យបាញ់ចំផ្ទាល់។

ជាទូទៅនៅកំឡុងខែធ្នូ បណ្តាប្រទេសភាគច្រើននៅអឌ្ឍគោលខាងត្បូង នឹងទទួលរងរដូវក្តៅ ខណៈប្រទេសភាគច្រើននៅអឌ្ឍគោលខាងជើងនឹងទទួលរងរដូវរងា ព្រោះពេលនោះ អឌ្ឍគោលខាងត្បូងទ្រេតមករកព្រះអាទិត្យខ្លាំង រីឯអឌ្ឍគោលខាងជើងទ្រេតចេញពីព្រះអាទិត្យ។ បាតុភូតនេះគេហៅថា December Solstice ឬ Winter Solstice។ ចំណែកនៅកំឡុងខែមីនា បណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូងនឹងទទួលរងរដូវស្លឹកឈើជ្រុះ ហើយប្រទេសនៅអឌ្ឍគោលខាងជើងនឹងទទួលរងរដូវផ្ការីក ខណៈព្រះអាទិត្យជះពន្លឺក្នុងកម្រិតស្មើគ្នាមកលើអឌ្ឍគោលទាំងពីរ។ បាតុភូតនេះគេហៅថា March Equinox ឬ Spring Equinox។ នៅកំឡុងខែមិថុនាវិញ គឺមានលក្ខណៈបញ្រ្ចាសគ្នាពីខែធ្នូ (June Solstice ឬ Summer Solstice) រីឯនៅកំឡុងខែកញ្ញាគឺបញ្ច្រាសគ្នាពីខែមីនា (September Equinox ឬ Fall Equinox)។

ប្រហែលជាមានអ្នកឆ្ងល់ថា ចុះហេតុអ្វីបានជាអ័ក្សផែនដីទ្រេតបែបនេះ។ បើតាមការអះអាងរបស់អ្នកវិទ្យាសាស្រ្ត តាំងពីយូរលង់មកហើយ នៅពេលផែនដីនៅមានអាយុក្មេងខ្ចី គេជឿជាក់ថាមានវត្ថុធំមួយដែលមកបុកភពរបស់យើង ហើយធ្វើឲ្យអ័ក្សរបស់វាមានការប្រែប្រួល គឺពីត្រង់ស្មើមកជាទ្រេតបន្តិច។ វត្ថុធំនោះត្រូវគេហៅថា Theia ដែលបានបង្កជាប្រហោងធំមួយលើផ្ទៃផែនដីនាពេលនោះ ហើយធ្វើឲ្យខ្ទាតកម្ទេចកម្ទីយ៉ាងច្រើនសម្បើមទៅក្នុងគន្លងអវកាស។ អ្នកវិទ្យាសាស្រ្តភាគច្រើនជឿថា កម្ទេចកម្ទីផែនដីទាំងអស់នោះហើយ ដែលបានបង្កើតជាព្រះចន្ទរបស់យើង៕