(ភ្នំពេញ)៖ នៅភាគខាងជើងប្រទេសឡាវ មានខេត្តមួយឈ្មោះ ហ្លួងព្រះបាង ដែលមានតំបន់បេតិកភណ្ឌពិភពលោកមួយនៅទីនោះ និងជាអតីតរាជធានីរបស់ព្រះមហាក្សត្រលាវផងដែរ ក្នុងនោះមានតម្កល់ព្រះបដិមាធ្វើអំពីមាសមួយអង្គផងដែរ អ្នកស្រុកហៅថា ព្រះបាង។

យោងតាមឯកសារដែលដកស្រង់ចេញពីរឿងព្រេង! រូបសំណាកនេះត្រូវបានស្ថាបនាឡើងនិងតម្កល់នៅប្រទេសស្រីលង្កា តាំងពីសតវត្សទី១-៩។ គេមិនដឹងអំពីប្រវត្តិច្បាស់ការណ៍ដែលព្រះបាងមកដល់រាជាណាចក្រខ្មែរពីពេលណា ឬតាមរយៈមធ្យោបាយអ្វីនោះទេ ប៉ុន្តែបដិមាព្រះពុទ្ធនេះបានក្លាយជាកម្មសិទ្ធិរបស់ព្រះនគរស្រីយសោធរបុរៈរបស់ខ្មែរ តាំងពីយូរយាណាស់មកហើយ មុនពេលប្រទានទៅឱ្យព្រះចៅហ្វាង៉ុម (Fa Ngum) ក្សត្រនៃនគរដំរីមួយលាន ឬនគរឡានសាង ឬឡានឆាង។

* តើព្រះចៅហ្វាង៉ុមជាអ្នកណា ហើយទាក់ទងយ៉ាងណាជាមួយព្រះបាង?

តាមឯកសាររបស់លោក ហ្ស៊ក សឺដេស ប្រវត្តិវិទូជនជាតិបារាំង បានឱ្យដឹងថា នៅអំឡុងទសវត្សឆ្នាំ១៣២០ មានព្រះរាជបុត្រលាវមួយអង្គនាម ហ្វាង៉ុម បានមកសុំជ្រកកោនជាមួយព្រះរាជាខ្មែរ។ អំឡុងពេលនោះ ព្រះមហាក្សត្រខ្មែរដែលជួយយកអាសារអង្គម្ចាស់លាវនោះ អាចជាព្រះបាទឥន្ទ្រវម៌្មទី៤ ដែលសោយរាជ្យចាប់ពីឆ្នាំ១៣០៤-១៣២៧ ឬក៏ព្រះបាទជយវម៌្មទី៩ ដែលសោយរាជ្យបន្តចាប់ពីឆ្នាំ១៣២៧-១៣៣៦។ ព្រះអង្គម្ចាស់លាវអង្គនេះមានកំណើតនៅរដ្ឋបុរីមឿងសាវ មានរាជធានីនៅក្រុងសៀងថង និងជាចៅរបស់ស្ដេចសុវណ្ណកម្ពង្ស (Souvanna Khamphong) ជាស្ដេចត្រាញ់ ឬក្សត្របុរីនៅក្រុងសៀងថងនោះ។ ព្រះអង្គហ្វាង៉ុម និងបិតាត្រូវបាននិរទេសចេញពីក្រុងសៀងថង ដោយសារហេតុផល២ផ្សេងគ្នា៖ ឯកសារខ្លះថា ដោយសារព្រះអង្គប្រសូត្រមកមានធ្មេញ៣៣ ដែលជាប្រផ្នូរមិនល្អចំពោះរដ្ឋបុរីរបស់ព្រះអយ្យកាទ្រង់ និងឯកសារមួយទៀតថា មកពីបិតារបស់ទ្រង់ឈ្នះគ្នាជាមួយមាតារបស់ទ្រង់ដែលជាបុត្រីរបស់ស្ដេចសុវណ្ណកម្ពង្សនោះ ដូច្នេះហើយទើបរាជបុត្រហ្វាង៉ុម និងបិតារបស់ទ្រង់ត្រូវបានបណ្ដេញចេញពីក្រុងសៀងថង ហើយក៏មកសុំជ្រកកោនជាមួយព្រះរាជាខ្មែរនៅព្រះនគរស្រីយសោធរបុរៈ។ ចៅហ្វាង៉ុម ថែមទាំងបាន​រៀប​អភិសេក​ជាមួយព្រះនាងកែវកណ្ណិកា ដែលជាព្រះរាជបុត្រីរបស់ព្រះរាជាខ្មែរ តែគេមិនដឹងថាជារាជធីតារបស់ព្រះរាជាខ្មែរអង្គណានោះឡើយ។

ដែនដីលាវនាពេលនោះ មិនទាន់មានការឯកភាពគ្នានៅឡើយទេ មានតែក្សត្របុរីដែលកាន់កាប់តំបន់ផ្សេងគ្នា ដូចជា វៀងចន្ទន៍ (Vieng Chan) វៀងខាម (Vientiane) សៀងដង (Xieng Dong) មឿងសាវសៀងថង (Xieng Thong) សិឃុតតាបង (Sikhottabong) ជាដើម។ ក្នុងពេលដែលដែនដីលាវកំពុងជួបនូវភាពវឹកវរ និងរងការគំរាមកំហែងពីកងទ័ពសៀមនៅក្រុងសុខោទ័យ និងឡានណាផងនោះ
ព្រះបាទបរមនិពាន្វបទ ដែលជាក្សត្រនៃរាជវង្សថ្មីនៅក្រុងអង្គរធំនោះ បានជំរុញគាំទ្រដល់ព្រះអង្គម្ចាស់ហ្វាង៉ុមធ្វើដំណើរទៅក្រុងមឿងសាវ ជាមួយនឹងកងទ័ពខ្មែរប្រមាណ១០,០០០នាក់ ដើម្បីបង្រួបបង្រួមរដ្ឋបុរីនានានៅភាគខាងជើង រហូតដល់បង្កើតបានរាជាណាចក្រមានឈ្មោះ ឡានសាង ឬដំរីមួយលាន នាឆ្នាំ១៣៥៣ ដែលមានរាជធានីនៅក្រុងសៀងថងនោះ។

នេះគឺជាប្រវត្តិខ្លីរបស់ព្រះចៅហ្វាង៉ុម ក្សត្រលាវដែលមកសុំជ្រកកោនជាមួយខ្មែរ ហើយបានជួយខ្មែររំដោះក្រុងអង្គរពីសៀមវិញ ហើយដែលមានជាប់ពាក់ព័ន្ធនឹងប្រវត្តិព្រះបាង ប្រធានបទរបស់យើងនេះ។

* តើព្រះចៅហ្វាង៉ុមជួយខ្មែរយ៉ាងណាខ្លះក្នុងការរំដោះព្រះនគរស្រីយសោធរបុរៈពីសៀមនោះ?

បើតាមឯកសាររបស់ប្រវត្តិវិទូជនជាតិហូឡង់ បានរៀបរាប់អំពីប្រវត្តិទំនាក់ទំនងរវាងខ្មែរអង្គរ និងលាវឡានសាង ព្រមទាំងបុព្វហេតុដែលព្រះបាងត្រូវបាននាំទៅដល់ប្រទេសលាវ។ ឯកសារនោះបានបញ្ជាក់ថា នៅឆ្នាំ១៣៥១ ទ័ពសៀមក្រោមការបញ្ជាផ្ទាល់របស់ព្រះចៅរាមាធិបតី ដែលមាននាមដើមថា ចៅអ៊ូថង ឬឧទង បានលើកទ័ពវាយយកខេត្តភាគខាងលិចនៃព្រះរាជាណាចក្រខ្មែរយើង និងលុកលុយចូលដល់ព្រះនគរស្រីយសោធរបុរៈ។ ទោះបីមានការពិបាកក្នុងការវាយរាជធានីដ៏រឹងមាំរបស់ខ្មែរ តែទ័ពសៀមបានឡោមព័ទ្ធក្រុងអស់រយៈពេល១ឆ្នាំ៥ខែ ទើបប្រើល្បិចបើកទ្វារក្រុងវាយចូលបានសម្រេច។ នៅពេលនោះ ព្រះបាទលំពង្សរាជា ក្សត្រខ្មែរ បានសោយទិវង្គតដោយប្រឈួនក្នុងពេលសៀមវាយចូលក្នុងក្រុង ព្រះស្រីសុរិយោវង្ស ដែលជាព្រះមហាឧបរាជ និងជាព្រះអនុជរបស់ព្រះបាទលំពង្សរាជា បានវាយសម្រុកចេញពីការឡោមព័ទ្ធរបស់ទ័ពសៀម ហើយភៀសព្រះកាយទៅកាន់ភាគខាងជើង។ ព្រះចៅរាមាធិបតី ស្ដេចសៀម ក៏បានវាយបំបែកទ័ពក្រុងអង្គរបានសម្រេច និងដាក់ឱ្យរាជបុត្រ៣អង្គរបស់ខ្លួនមាន៖ ចៅបាសាត ចៅបាអាត និងចៅកំបង់ពិសី នៅត្រួតត្រាលើក្រុងស្រីយសោធរបុរៈអស់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ១៣៥២-១៣៥៧ ហើយបានដឹកជញ្ជូនទ្រព្យសម្បត្តិ រតនវត្ថុ កៀរប្រជារាស្ត្រខ្មែររាប់សែនរាប់នាំយកទៅក្រុងស្រីអយុធ្យា។

ការភៀសព្រះកាយរបស់ព្រះស្រីសុរិយោវង្ស និងកងអង្គរក្សទៅភាគខាងជើងនោះ គឺដើម្បីទៅសុំជំនួយពីព្រះចៅហ្វាង៉ុម ក្សត្រលាវ ដែលទើបបង្រួបបង្រួមប្រទេសបានថ្មីថ្មោង។ ព្រះចៅហ្វាង៉ុមបានជួយយកអាសារព្រះស្រីសុរិយោវង្ស និងបានឱ្យខ្ចីកងទ័ពរៀបចំផែនការវាយរំដោះប្រទេសមកវិញ។ ជាង៥ឆ្នាំក្រោយមក ព្រះស្រីសុរិវយោង្សបាននាំទ័ពលាវប្រមាណ៤ម៉ឺននាក់ ចូលចម្បាំងរំដោះព្រះនគរពីកងទ័ពសៀម រហូតដល់ទទួលបានជ័យជម្នះ និងបានសម្លាប់ចៅកំបង់ពិសី ស្ដេចត្រាញ់សៀមដែលត្រួតត្រានៅអង្គរ។ ក្រោយពេលវាយបណ្ដេញទ័ពសៀមចេញបាត់អស់ហើយនោះ ព្រះបាទស្រីសុរិយោវង្សក៏បានឡើងសោយរាជ្យជាផ្លូវការចាប់ពីឆ្នាំ១៣៥៧-១៣៦៩។

ទន្ទឹមនឹងការរៀបចំប្រទេសជាតិឱ្យរៀបរយឡើងវិញនោះ ពោលគឺនៅឆ្នាំ១៣៥៩
ព្រះបាទស្រីសុរិយោវង្សក៏បានចាត់ឱ្យរាជទូតបញ្ជូនព្រះរាជអំណោយមួយចំនួនទៅថ្វាយព្រះចៅហ្វាង៉ុម ស្ដេចក្រុងឡានសាង និងមានព្រះពុទ្ធបដិមាធ្វើពីសំរឹទ្ធលាយប្រាក់ទិបទឹកមាសមួយអង្គផងដែរ ព្រះពុទ្ធបដិមាដ៏មានតម្លៃនេះហើយដែលជនជាតិឡាវហៅថា ព្រះបាង (Phra Bang) ជាទីសក្ការដ៏ពិសិដ្ឋសម្រាប់ព្រះចៅហ្វាង៉ុម ក្នុងការបង្កើនឫទ្ធាចេស្ដាគ្រប់គ្រងលើរាជាណាចក្រឡានសាងនាពេលនោះ បានន័យថា ព្រះបាង គឺជានិម្មិតរូបនៃភាពស្របច្បាប់ក្នុងការសោយរាជ្យរបស់ព្រះចៅហ្វាង៉ុម។ ព្រះបាង មានន័យថា ព្រះពុទ្ធរូបដ៏ពិសិដ្ឋ។ ព្រះបាង ក៏តំណាងឱ្យចំណងមិត្តភាពរវាងនគរទាំងពីរខ្មែរ-លាវផងដែរ។ ការប្រទានបដិមាព្រះបាងនេះដែរ ក៏ជាការផ្សព្វផ្សាយនូវពុទ្ធសាសនាថេរវាទទៅកាន់ដែនដីលាវ ដែលជួយឱ្យរដ្ឋបុរីផ្សេងទៀតរបស់ជនជាតិតៃលាវ ចូលមកចំណុះជាមួយរាជាណាចក្រឡានសាង។

យោងតាមឯកសាររបស់វិទ្យាស្ថានមេគង្គ នៃប្រទេសថៃ បានបញ្ជាក់ថា នៅឆ្នាំ១៧៧៨ កងទ័ពសៀមរបស់ព្រះចៅតាក់ស៉ីនបានវាយលុកចូលរាជាណាចក្រហ្លួងព្រះបាង ពេលនោះបដិមាព្រះបាងត្រូវបានយកចេញពីក្រុងហ្លួងព្រះបាង បម្រុងយកទៅទុកនៅក្រុងវៀងចន្ទន៍ តែត្រូវទ័ពសៀមស្កាត់តាមផ្លូវ ក៏ដណ្តើមយកទៅក្រុងធនបុរី ដែលជារាជធានីធំរបស់សៀមនាសម័យនោះ។ នៅឆ្នាំ១៧៨២ រាជវាំងក្រុងធនបុរីក៏បានបញ្ជូនបដិមាព្រះបាងទៅឱ្យប្រទេសលាវវិញ ដោយសារមានរឿងដែលព្រះចៅតាក់ស៉ីនបែកកម្មដ្ឋាន។

រឿងដែលសៀមចង់បានព្រះបាងនេះ មិនទាន់ចប់នោះទេ ពោលគឺនៅឆ្នាំ១៨២៨ សៀមបានយកព្រះពុទ្ធបដិមាព្រះបាងរបស់លាវ ពីក្រុងហ្លួងព្រះបាងទៅតម្កល់ទុកនៅក្រុងរតនកោសិន្ទ្រ ឬក្រុងបាងកកវិញ ដែលស្ថិតនៅក្នុងរជ្ជកាលព្រះចៅណាវក្លាវ ស្ដេចសៀមរាមាទី៣។ នៅឆ្នាំ១៨៦៧ ព្រះចៅមង្គត ស្ដេចសៀមរាមាទី៤ ដែលជាអ្នកបង្កើតនិកាយធម្មយុត្តនោះ បានប្រគល់ព្រះពុទ្ធបដិមាដ៏ពិសិដ្ឋនេះទៅឱ្យប្រទេសលាវវិញ។ បន្ទាប់ពីនោះ ព្រះបាងត្រូវ​បាន​រក្សា​ទុក​នៅ​វត្ត​ថ្មី (Wat Mai) នៃក្រុងហ្លួងព្រះបាង មុន​ផ្ទេរយក​ទៅតម្កល់នៅ​សារមន្ទីរ​ព្រះបរមរាជវាំងហ្លួងព្រះបាង។ ការផ្លាស់ប្ដូរទីតាំងប្រតិស្ថានព្រះបាងក៏ទាន់ឈប់ ដោយនៅឆ្នាំ២០១៣ ព្រះបាងត្រូវ​បាន​ប្តូរ​ទៅ​វត្តថ្មី (Wat Mai) ​វិញ។ ជនជាតិឡាវក៏មានពិធីបុណ្យចូលឆ្នាំថ្មីដូចខ្មែរយើងដែរ នៅថ្ងៃមហាសង្ក្រាន្ត ឬថ្ងៃទី៣នៃបុណ្យចូលឆ្នាំ ប្រជាជនឡាវតែងដង្ហែបដិមាព្រះបាងចេញពីហោព្រះបាង យកមកស្រង់ទឹកសម្អាតជម្រះនូវធូលី បួងសួងសុំសិរីសួស្ដីពីបារមីព្រះបាង។ ប្រសិនបើអ្នកចាប់អារម្មណ៍ អ្នកអាចចូលទៅកាន់ហោព្រះបាង និងទស្សនាព្រះពុទ្ធបដិមាព្រះបាង។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរទេសចរណ៍នៅទីនោះមានការហាមឃាត់មិនឱ្យថតរូបព្រះបាងនោះទេ ព្រោះប្រជាជនចាត់ទុកព្រះពុទ្ធបដិមានេះជាសម្បត្តិវប្បធម៌ ជាទីសក្ការដ៏ពិសិដ្ឋរបស់ប្រទេសគេ៕