(ភ្នំពេញ)៖ ប្រសិនបើអ្នកត្រូវពេទ្យចាក់ថ្នាំព្យាបាលជំងឺ ឬជួយសង្គ្រោះជីវិតនោះ ចូរដឹងថាអ្នកបានជំពាក់ជីវិតសត្វប្រភេទនេះ ព្រោះសារធាតុនៅក្នុងឱសថគឺត្រូវបានចម្រាញ់មកពីឈាមរបស់ពួកវា។

* តើសត្វប្រភេទណាដែលរួមចំណែកជួយជីវិតមនុស្សយើងនោះ?

វាគឺសត្វប្រឡាំងកាស ដែលភាសាអង់គ្លេសហៅថា Horseshoe crab ក៏ព្រោះតែពួកវាជាពូជក្ដាមមួយប្រភេទ មានស្នូកដូចអណ្ដើក តែស្ដើងស្រួយ ពួកវាមានពងដូចក្ដាម តែធំជាងពងក្ដាម ហើយពួកវាក៏ជាសត្វដែលរស់នៅក្នុងសមុទ្រផងដែរ។ សារធាតុចម្រាញ់ពីឈាមរបស់វាមានឈ្មោះថា លីមុយលូស អាមីតអុកស៉ីត លីសាដ (Limulus Amet-ocyte Lysate) ឬហៅកាត់ថា អ៉ិលអេអ៉ិល (LAL) ត្រូវបានគេនាំយកមកប្រើនៅក្នុងឧស្សាហកម្មផលិតឱសថ។

សត្វប្រឡាំងកាស គ្មានប្រព័ន្ធអង់ទីគ័រ និងពុំអាចបង្កើតអង់ទីប៊ីយ៉ូទិកក្នុងការប្រឆាំងនឹងការឆ្លងមេរោគបាននោះទេ ប៉ុន្តែនៅក្នុងឈាមរបស់វាមានសារធាតុផ្សំដ៏អស្ចារ្យម្យ៉ាង ដែលអាចបញ្ឈប់ការរាតត្បាតរបស់បាក់តេរី និងវីរុស តាមរយៈការបង្កកបាក់តេរីជាដុំៗនៅជុំវិញខ្លួនពួកវា។ សារធាតុដែលអាចបង្កកមេរោគនេះហើយដែលត្រូវបានគេនាំយកមកផលិតជា LAL ក្នុងឧស្សាហកម្មឱសថនោះ។

មានការពន្យល់ថា ប្រសិនបើចង់ពិនិត្យភាពកង្វក់នៅក្នុងវត្ថុណាមួយដែលប្រើក្នុងផ្នែកវេជ្ជសាស្ត្រ គឺគ្រាន់តែពិនិត្យដោយ LAL ប៉ុណ្ណោះ ហើយប្រសិនបើវាមិនកកជាដុំទេ មានន័យថា គ្មានមេរោគ។

ឈាមប្រឡាំងកាសនេះខុសពីឈាមរបស់មនុស្សត្រង់វាគ្មានអេម៉ូក្លូប៊ីន ដែលប្រើធាតុដែក (Fe) ក្នុងការដឹកនាំអុកស៉ីសែន តែវាមានអេម៉ូស្យានីនដែលប្រើធាតុប្រាក់ (Ag) ជាអ្នកដឹកនាំជំនួសវិញ។ ឈាមរបស់ប្រឡាំងកាសមានពណ៌ខៀវ និងលក់ក្នុងតម្លៃ ១៥,០០០ ដុល្លារក្នុងមួយលីត្រ។

ដើម្បីបានឈាមប្រឡាំងកាស គេត្រូវចាប់វាទាំងរស់ក្នុងមួយសប្ដាហ៍រាប់ពាន់ក្បាល ហើយនាំយកទៅកាន់មន្ទីរពិសោធន៍ទាំងរស់។ នៅក្នុងទីពិសោធន៍នោះ វាត្រូវគេបូមឈាមអស់ជាង៣០% តែវាអាចស្ដារឈាមក្នុងខ្លួនវាបានមកវិញយ៉ាងឆាប់រហ័ស នៅពេលគេព្រលែងវាចូលក្នុងទឹកសមុទ្រវិញ។ ពួកវាត្រូវគេបូមឈាមក្នុងមួយឆ្នាំម្ដង ហើយឈាមរបស់វាត្រូវគេក្លាសហ្សេបែបសុញ្ញាកាស មុននឹងនាំចេញទៅកាន់ប្រទេសនានានៅជុំវិញទូទាំងពិភពលោក។

គេបានស្រាវជ្រាវរកឃើញថា សត្វប្រឡាំងកាសនេះបានចាប់កំណើតមុនសត្វដាយណូស័រដល់ទៅប្រមាណ២០០លានឆ្នាំឯណោះ ហើយបច្ចុប្បន្ន វាចូលចិត្តរស់នៅតាមឆ្នេរសមុទ្រអាត្លង់ទិកប៉ែកខាងទ្វីបអាមេរិក និងនៅតាមសមុទ្រនានាក្នុងតំបន់អាស៉ីអាគ្នេយ៍៕