(ភ្នំពេញ)៖ ប្រាក់បែបថ្មីក្នុងសម័យទំនើបរបស់កម្ពុជា គឺមានតែប្រាក់រៀលនេះឯង ដែលត្រូវបានបោះពុម្ភឡើងជាមួយនឹងការបង្កើតធនាគារជាតិនៃកម្ពុជា តាំងពីឆ្នាំ១៩៥៥ ពោលគឺភ្លាមៗក្រោយពេលកម្ពុជាទាមទារឯករាជ្យបានពីប្រទេសបារាំង ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសម្ដេចព្រះបរមនាថ សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះវររាជបិតាជាតិខ្មែរ។

ប្រាក់រៀល ត្រូវបានបិទលែងឱ្យប្រើប្រាស់ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត និងកាត់ផ្ដាច់ប្រព័ន្ធសេដ្ឋកិច្ច បំផ្លិចបំផ្លាញសមិទ្ធផលជាតិទាំងស្រុង។ គេត្រូវចាំដល់ឆ្នាំ១៩៧៩ ជាឆ្នាំរំដោះប្រទេសនិងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ទើបមានការបើកដំណើរការធនាគារជាតិនៃកម្ពុជាឡើងវិញ ហើយនៅឆ្នាំ១៩៨០ ទើបមានការដាក់ឱ្យចរាចរណ៍ប្រាក់រៀលសាជាថ្មី។

គួរជម្រាបថា មុនមានប្រាក់រៀល អាណានិគមបារាំងបាននាំយកប្រាក់ព្យាស (Piastre) មកដាក់ឱ្យចរាចរណ៍ចាយវាយទូទាំងតំបន់ឥណ្ឌូចិន ដែលមានទាំងកម្ពុជា លាវ តុងកឹង អណ្ណាម និងកូសាំងស៊ីន (កម្ពុជាក្រោម)៕