(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា បានឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់ដើម្បី មនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star ផងដែរ។ ការប្រកួតបាល់ទាត់នេះធ្វើឡើង ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និង ដើម្បីប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។

ជាមួយនឹងការប្រកាសអំពីការរៀបចំការប្រកួតបាល់ទាត់មនុស្សធម៌នេះ សម្តេចតេជោ បានអំពាវនាវឱ្យចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជំរុញចលនាមនុស្សធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។ សម្តេចតេជោ ក៏បានអំពាវនាវសប្បុរសជនចូលរួមជួយថវិកា សម្រាប់ ជួយមន្ទីរ ពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់ កុមារកម្ពុជា ហើយសម្តេចតេជោបានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចូលរួម ថវិកា ចំនួន ២០០លាន រៀល។

សម្តេចបានបញ្ជាក់ផងដែរថា សម្រាប់សប្បុរសជនចង់ចូលរួមតាមរយៈសម្តេចក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មនុស្សធម៌នេះ សូមទាក់ទងទៅលោក សេង ទៀង ដែលមាន លេខទូរស័ព្ទ ០១២ ៩៦១ ៩៧១៕