(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញបំណងចង់​ឃើញកម្ពុជា និងតួកគី រៀបចំព្រឹត្តិការណ៍នានាឱ្យបានច្រើន ដើម្បីអបអរសាទរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរក្នុងឆ្នាំ២០២៤នេះ។ សម្តេចតេជោ ក៏បានបង្ហាញបំណងចង់ឃើញកម្ពុជា និងតួកគី បើកការហោះហើរត្រង់ ដើម្បីពង្រីកទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាជំរុញកំណើនទេសចរណ៍ ការធ្វើធុរកិច្ច និងពាណិជ្ជកម្ម។

បំណងទាំងនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងនៅក្នុងជំនួបជាមួយលោកស្រី អ៊ុលគុល កូចាអែហ្វែ (ÜLKÜ KOCAEFE) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនេះ សម្ដេចតេជោ​បានសម្តែងក្តីរីករាយដែលបានជួបលោកស្រីឯកអគ្គរដ្ឋទូត​សា​ជាថ្មី បន្ទាប់ពីជួបកាលពីកំលុងខែសីហា ឆ្នាំ​២០២២ ក្រោយពេលលោកស្រីបាន​ក្លាយ​ជាឯកអគ្គរដ្ឋទូតតួកគី​ប្រចាំនៅ​កម្ពុជា​។

នៅពេលនោះ សម្ដេចបានពិភាក្សាជាមួយលោកស្រី អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ​រវាងកម្ពុជា និងតួកគី និងបញ្ហាមួយចំនួនទៀត ជាពិសេសសំណើរបស់ប្រទេស​តួក​គី ចូលជា​សមាជិកសហភាពអឺរ៉ុប និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ នៅពេលនេះ សម្ដេចបានទទួលតំណែងជាប្រធានព្រឹទ្ធសភា សម្ដេចនឹងពង្រឹងទំនាក់ទំនងបន្ថែមទៀត​រវាងព្រឹទ្ធសភាកម្ពុជា និងសភាតួកគី។ សម្ដេចតេជោ ក៏បានផ្តាំផ្ញើ តាមរយៈលោកស្រី​ឯក​អគ្គរដ្ឋ សួរសុខទុក្ខលោកប្រធានាធិបតីប្រទេសតួកគីផងដែរ។

លោកស្រីឯកគ្គរដ្ឋទូតតួកគី បានសម្ដែងក្តីរីករាយ ដោយចាត់ទុកជំនួបជាមួយសម្តេច​តេ​ជោ​​នាពេលនេះ ជាកិត្តិយសណាស់ដែលសម្ដេចផ្តល់ការអនុញ្ញាតឱ្យ​លោកស្រី បានជួប​សម្ដែងការគួរសម។ លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងការចូលរួមរំលែកមរណទុក្ខ​ចំពោះ​​​ឧបទ្ទវហេតុ ដែលបានកើតឡើងកាលពីចុងសប្តាហ៍ ធ្វើឱ្យបាត់បង់ជីវិត​យោធិន​របស់​​កម្ពុជា។ លោកស្រី បានបន់ស្រន់ឱ្យអ្នករងរបួសឆាប់បានជាសះស្បើយ​ផងដែរ។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូតតួកគី បានអបអរសាទរជូន​សម្ដេច​តេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា និងបានជូនពរសម្ដេចតេជោ និង​សមា​​ជិកព្រឹទ្ធសភាទាំងអស់ ទទួលបានភាពជោគជ័យជាបន្តបន្ទាប់។ លោកស្រី ក៏បាន​ពាំនាំការផ្ដាំ​ផ្ញើសួរសុខទុក្ខពីប្រធានសភាតួកគី ជូនសម្ដេចតេជោផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់​ទំនង​រវាងកម្ពុជា និងតួកគី មានការរីកចម្រើនជាលំដាប់។ ក្នុងនោះ មានការបើកការិយា​ល័យ​ពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបាន​ឯក​ភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឱ្យកើនដល់១ពាន់លានដុល្លារ​នាពេលខាង​មុខ។ លោកស្រីឯកអគ្គរដ្ឋទូត ក៏ចង់ឃើញការផ្លាស់ប្តូ​ទំនាក់ទំនងរវាងប្រជាជននៃ​ប្រទេស​ទាំងពីរ​កាន់តែច្រើនផងដែរ។

ក្នុងជំនួបនេះ លោកស្រី អ៊ុលគុល កូចាអែហ្វែ ក៏បានរំលឹកពីកិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និងតួកគី ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជនយុវជន និង​កីឡា។ ក្នុងនោះ មានការពង្រីកសាលា និងការបង្កើនការផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជាជាបន្តបន្ទាប់។

លោកស្រី បានលើកឡើងផងដែរថា ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកកា​រ​ហោះ​ហើរ​មកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឱ្យ​ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍មានការកើនឡើងបន្ថែមទៀត។

លោកស្រី ក៏បានគូសបញ្ជាក់ដែរថា ប្រទេសតួកគីនឹងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិ​ការ​នៅក្នុងតំបន់ ហើយបានស្នើសុំឱ្យកម្ពុជាជួយគាំទ្រតួកគីក្នុងទំនាក់ទំនង​ជាមួយអាស៊ាន​ផងដែរ។ លោកស្រីមានក្តីសង្ឃឹមទុកថា សម្ដេចប្រធានព្រឹទ្ធសភា នឹងបង្កើនទំនាក់​ទំនង​ជាមួយសភាតួកគី ឱ្យដល់កម្រិតខ្ពស់នាពេលខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអរគុណចំពោះលោកស្រីឯកអគ្គរដ្ឋទូត ដែលបានចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុ កើតឡើងកាលពីចុងសប្តាហ៍នេះ និង បណ្តាល​ឱ្យ​យោធិនកម្ពុជាចំនួន២០រូបស្លាប់បាត់បង់ជីវិត និងមួយចំនួនទៀតទទួល​រង​របួស។

សម្ដេចតេជោ ក៏បានអរគុណលោកស្រីឯកអគ្គរដ្ឋទូត ដែលបានអបអរសាទ​រ​សម្ដេច​ បាន​ក្លាយជាប្រធានព្រឹទ្ធសភានាពេលនេះ។ សម្ដេចតេជោ ក៏បានអរគុណប្រធានសភាតួកគី ដែលបានផ្ញើសារអបអរសាទរសម្តេច។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា នៅក្នុងអាណត្តិទី៥ នៃព្រឹទ្ធសភា​នេះ សម្តេចនឹងផ្ដោតអទិភាពសំខាន់ទៅលើកិច្ចការងារបរទេស។ ទាក់ទងទៅនឹងទំនាក់​ទំនង​ទ្វេភាគីវិញ សម្ដេចតេជោបានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងតួកគី គឺនៅតូចនៅឡើយ ដែលពុំទាន់សក្តិសមទៅនឹងសក្តានុពលដែល​ប្រទេស​ទាំង​ពីរមាន។

សម្តេចតេជោ បានបង្ហាញការជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារនៃការផ្លាស់​ប្តូរ​ពាណិជ្ជកម្មរវាងទាំង​ពីរ​អាច​សម្រេចបាននាពេលខាងមុខ។ ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូត​រវាងប្រទេសទាំងពីរ ដូច្នេះសម្ដេចបានមានប្រសាសន៍ថា ស្ថាប័ន​ទាំង​ពីរគួរ​តែមាន​កម្មវិធី​ឱ្យច្រើនដើម្បីរំលឹកខួបទំនាក់ទំនងនេះ។ ទាក់ទងទៅនឹងការហោះ​ហើរត្រង់​ពីតួកគីមក​កម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា វានឹងអាចធ្វើឱ្យទេស​ចរណ៍​ពីប្រទេស​ជិត​ខាង​តួកគី យកប្រទេសតួកគីជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់​ប្រទេសកម្ពុជា​ផង​ដែរ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំ​អញ្ជើញ​ប្រធាន​សភាតួកគី មកចូលរួមវេទិកាអន្តរសភាដើម្បីការអត់ឱន និង សន្តិភាព និងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិគណបក្សនយោបាយ​អាស៊ី (ICAPP) ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញធ្វើជាធិបតី និង ដឹកនាំកិច្ចប្រជុំនៃមហា​សន្និ​បាតនេះ ហើយសម្ដេចតេជោ នឹងត្រូវបានអញ្ជើញធ្វើជាប្រធានកិត្តិយស នៅក្នុងកិច្ច​ប្រជុំនោះផងដែរ។ ក្រៅពីទំនាក់ទំនងទ្វេភាគី សម្ដេចតេជោប្រធានព្រឹទ្ធសភា និងលោកស្រីឯកគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ក៏បានពិគ្រោះពិភាក្សាគ្នាផងដែរ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេស សភាពការណ៍នៃសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងសភាពការណ៍នៅមជ្ឈិមបូព៌ា៕