រថយន្ត Tesla ប្រមាណជិត ១៦ម៉ឺនគ្រឿងមានបញ្ហាអេក្រង់ Touchscreen
14-01-2021 12:25
(អាមេរិក)៖ រដ្ឋបាលជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (NHTSA) របស់អាមេរិក បានផ្ញើលិខិតមួយទៅកាន់ក្រុមហ៊ុន Tesla ឱ្យធ្វើការ ប្រមូលរថយន្តប្រមាណជា ១៥៨៧១៦គ្រឿង ម៉ូដែល Model S និង Model X ដែលផលិតមុនឆ្នាំ ២០១៩ យកមកជួសជុល បញ្ហា លើ អេក្រង់ចុចបញ្ជា។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា មានអតិថិជនជាច្រើបានរាយការណ៍បញ្ហានេះ ហើយក្រោយមក NHTSA ក៏បានស្រាវជ្រាវ និងរកឃើញថា រថយន្តទាំងប៉ុន្មានខាងលើនេះ គឺកើតមានបញ្ហានៅលើការចុចបញ្ជាទៅលើមុខងារមួយចំនួន នៅលើអេក្រង់។
នៅក្នុងលិខិតរបស់ NHTSA បានបញ្ជាក់ថា បញ្ហាខាងលើនេះ វាមិនបានបណ្ដាលឱ្យមានប៉ះពាល់ ឬគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ទេ គ្រាន់តែវាបង្កឱ្យមានផលពិបាកនៅក្នុងការប្រើប្រាស់ ជាពិសេសគឺវាគាំង មិនអាចបញ្ជាទៅលើមុខងារពិសេសៗមួយចំនួន ដែលហេតុ នាំ ឱ្យ អ្នកប្រើប្រាស់មានអារម្មណ៍មិនល្អ និងរាយការណ៍មក NHTSA ។
គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Tesla បានល្បីឈ្មោះខ្លាំងបំផុត រហូតធ្វើឱ្យលោក Elon Musk ដែលជានាយក ប្រតិបត្តិ ក្លាយជាកំពូលមហាសេដ្ឋីលំដាប់ទី១ ផងដែរ ៕