CAMSOC កំណត់យន្ដការ៣ ដើម្បីជំរុញការអភិវឌ្ឍកីឡាកម្រិតខ្ពស់ត្រៀមស៊ីហ្គេម
06-07-2021 20:31
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់យន្ដការសំខាន់ៗ៣ ដើម្បីជំរុញការអភិវឌ្ឍកីឡាកម្រិតខ្ពស់ ត្រៀមឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ពិសេសការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC។
ការគូសបញ្ជាក់បែបនេះ បន្ទាប់ពីគណៈអចិន្ដ្រៃយ៍ CAMSOC បានបើកកិច្ចប្រជុំប្រចាំសប្ដាហ៍ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីពិនិត្យរបាយការណ៍វឌ្ឍនភាពការងាររបស់គណៈកម្មការកីឡា និងបទបញ្ញត្តិ និងការអភិវឌ្ឍគុណផលកីឡា ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ហើយក៏មានការចូលរួមពីលោក ប៊ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាផងដែរ។
លោក វ៉ាត់ ចំរើន បានថ្លែងថា ដោយសារវិបត្តិកូវីដ-១៩ កម្ពុជាមិនអាចរង់ចាំបានទេ ចំពោះការអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ ព្រោះពេលវេលាកាន់តែសល់ខ្លី សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ដូច្នេះ CAMSOC នឹងធ្វើការងារនេះជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយពាក់ព័ន្ធនឹងការរៀបចំកីឡាករ-កីឡាការិនីធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ទាំងក្នុងស្រុក និងក្រៅស្រុកដោយផ្អែកលើយន្ដការសំខាន់ៗ៣ រួមមាន៖
ទី១-ការបញ្ជូនកីឡាករ-កីឡាការិនី ទៅហ្វឹកហាត់រយៈពេលវែងនៅចិន ដែល CAMSOC ត្រូវជំរុញក្នុងឆមាសទី២ នៃឆ្នាំ២០២១ បន្ទាប់ពីពីរាជរដ្ឋាភិបាលកម្ពុជា និងចិនដែលបានឯកភាពក្នុងការផ្ដល់ជំនួសឥតសំណង ដើម្បីអភិវឌ្ឍន៍កីឡាករ-កីឡាការិនីកម្ពុជាចំនួន ១៣៥នាក់លើ ១២ប្រភេទកីឡា ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ បច្ចុប្បន្នភាគីចិន កំពុងរៀបចំកន្លែងហ្វឹកហាត់ ស្នាក់នៅ និងហូចុក ក៏ដូចជាការថែរក្សា និងទប់ស្កាត់ជំងឺកូវីដ-១៩ ជាដើម ដើម្បីត្រៀមស្វាគមន៍កីឡាករ-កីឡាការិនីកម្ពុជានាពេលខាងមុខ។
ទី២-ក្រៅពីប្រភេទកីឡា ដែលត្រូវបញ្ជូនទៅហ្វឹកហាត់រយៈពេលយូរ នៅប្រទេសចិន សហព័ន្ធមួយចំនួនទៀត ក៏ត្រូវបានជំរុញចេញទៅហ្វឹកហាត់នៅក្រៅប្រទេសផងដែរ ដូចជាកីឡាប្រដាល់ ការ៉ាតេ គុនដាវ និងកីឡាទោចក្រយានជាដើម ដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍កីឡាជំនាញកម្រិតខ្ពស់។
ទី៣-កីឡាករ-កីឡាការិនី ដែលមានឈាមជ័រខ្មែររស់នៅក្រៅប្រទេសជាង ៣០នាក់ត្រូវបានពង្រឹងយន្ដការការងារស៊ីចង្វាក់គ្នារវាងអ្នកក្នុងប្រទេស និងអ្នកក្រៅប្រទេស ហើយតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជានិច្ចចំពោះកីឡាករ-កីឡាការិនីកូនខ្មែរនៅក្រៅប្រទេស ដើម្បីធានាលើគុណផលកីឡា និងចូលរួមប្រកួតតំណាងកម្ពុជា ដែលនេះគឺជាកម្លាំងផ្គុំទាំងអស់គ្នា ទាំងក្នុង និងក្រៅប្រទេស ដើម្បីសម្រេចគោលដៅស៊ីហ្គេម ឆ្នាំ២០២៣។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា ចំពោះការហ្វឹកហាត់ក្នុងស្រុកវិញ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រុមជម្រើសជាតិនឹងត្រូវរៀបចំការបោះជំរំហ្វឹកហាត់ក្នុងពេលឆាប់ៗនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយពេលរៀបចំវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាថែរក្សា និងការបិទខ្ទប់នៅកន្លែងហ្វឹកហាត់បានចប់សព្វគ្រប់ ដើម្បីប្រាកដថា ការរៀបចំបិទខ្ទប់នៅកន្លែងហ្វឹកហាត់មានប្រសិទ្ធភាពអាចទុកចិត្តបាន និងកាត់ផ្ដាច់នូវការចម្លងជំងឺកូវីដ-១៩។
ក្រៅពីកីឡាប្រមាណ ១៥ប្រភេទដែលត្រូវប្រមូលផ្ដុំហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ កីឡាមួយចំនួនទៀត ក៏ត្រូវបានជំរុញឲ្យធ្វើការប្រមូលផ្ដុំហ្វឹកហាត់លក្ខណៈបិទទ្វារនៅតាមក្លិប ឬសហព័ន្ធនីមួយៗដែលមានសុវត្ថិភាពផងដែរ ព្រោះការហ្វឹកហាត់តាមអនឡាញម្នាក់ឯង មិនមានប្រសិទ្ធភាពអភិវឌ្ឍន៍ជំនាញកម្រិតខ្ពស់នោះទេ មានប្រសិទ្ធភាពតិចតួច គ្រាន់តែរក្សាសុខភាពប៉ុណ្ណោះ តែមិនអាចបង្កើនគុណផលកីឡាឡើយ។ ដូច្នេះទើបត្រូវជំរុញឲ្យមានការប្រមូលផ្ដុំ។ លោក វ៉ាត់ ចំរើន បន្ថែម។
គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើ ក្រៅពីជំរុញការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់ គណៈអចិន្ដ្រៃយ៍ CAMSOC ក្រោមការដឹកនាំរបស់លោករដ្ឋមន្ដ្រី ថោង ខុន ក៏បានធ្វើការដោះស្រាយមួយចំនួន ពិសេសជំរុញការដោះស្រាយការឧបត្ថម្ភកីឡាករ-កីឡាការិនី ក៏ដូចជាជំរុញការរៀបចំកីឡាករ-កីឡាការិនីហ្វឹកហាត់ក្នុងប្រទេស និងក្រៅប្រទេស ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ពិសេសត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាផងដែរ៕