FIFA នឹងធ្វើការស៊ើបអង្កេតអេក្វាឌ័រ ពីបទដាក់កីឡាករកូឡុំប៊ី Byron Castillo ឲ្យប្រកួតជម្រុះ World Cup

12-05-2022 07:34

(បូហ្គោតា)៖ ស្ថាប័ន FIFA នឹងធ្វើការស៊ើបអង្កេតលើការចោទប្រកាន់អេក្វាឌ័រ ចំពោះការដាក់កីឡាករដែលមិនមានសិទ្ធិ ចូលរួមប្រកួតជម្រុះព្រឹត្តិការណ៍បាល់ទាត់ World Cup 2022។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

ឈីលី បានដាក់ពាក្យបណ្តឹងទៅស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ដោយអះអាងថា កីឡាករ Byron Castillo របស់ក្រុមជម្រើសជាតិអេក្វាឌ័រ តាមពិតទៅមានសញ្ជាតិកូឡុំប៊ី និងបានក្លែងបន្លំអាយុរបស់គាត់ផងដែរ។

សហព័ន្ធបាល់ទាត់ឈីលី (FFC) បានអះអាងថា ខ្សែការពារវ័យ ២៣ឆ្នាំរូបនេះបានប្រើប្រាស់អត្តសញ្ញាណបណ្ណ និងសញ្ជាតិក្លែងក្លាយ ដើម្បីចុះឈ្មោះជាសញ្ជាតិអេក្វាឌ័រ។

ប្រសិនបើជាការពិតមែននោះ ស្ថិតក្រោមច្បាប់របស់ FIFA អេក្វាឌ័រ អាចនឹងបាត់បង់សិទ្ធិរបស់ពួកគេក្នុងការប្រកួត World Cup នាចុងឆ្នាំនេះនៅប្រទេសកាតា។

អេក្វាឌ័រ បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ ក្នុងការប្រកួតជម្រុះប្រចាំតំបន់ CONMEBOL និងបានទទួលកៅអីដោយស្វ័យប្រវត្តិនៅឯព្រឹត្តិការណ៍ 2022 World Cup នៅប្រទេសកាតា នាំមុខប៉េរូ ដែលត្រូវប៉ះអូស្ត្រាលី នៅក្នុងការប្រកួតជម្រុះផ្តាច់ព្រ័ត្រនាខែមិថុនាខាងមុខ ខណៈឈីលីបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៧ មិនបានទៅប្រទេសកាតាឡើយ៕