អតីតតារាបាល់ទាត់នីហ្សេរីយ៉ា និងក្លិប Chelsea កីឡាករ John Mikel Obi ប្រកាសចូលនិវត្តន៍

29-09-2022 07:33

(អាប៊ូចា)៖ អតីតកីឡាករលំដាប់អន្តរជាតិនីហ្សេរីយ៉ា John Mikel Obi បានចូលនិវត្តន៍ពីវិស័យបាល់ទាត់ក្នុងវ័យ ៣៥ឆ្នាំ ដោយបានលើកឡើងថា រូបលោកផ្ទាល់ «ពិតជាមានសេចក្តីរីករាយជាមួយនឹងអ្វីគ្រប់យ៉ាង ដែលលោកសម្រេចបាន» ក្នុងអំឡុងពេល ១៨ឆ្នាំនៅក្នុងការប្រកួត។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

ខ្សែបម្រើដែលបានលើកពានរង្វាន់ Champions League ជាមួយក្លិប Chelsea ក្នុងឆ្នាំ២០១២ រូបនេះបានជាប់លេងឲ្យក្រុមជម្រើសជាតិនីហ្សេរីយ៉ា ចំនួន ៨៩លើក និងបានជួយឲ្យក្រុមឈ្នះពានរង្វាន់ Africa Cup of Nations ក្នុងឆ្នាំ២០១៣ មុនពេលចូលនិវត្តន៍ពីការប្រកួតលក្ខណៈអន្តរជាតិក្នុងឆ្នាំ២០១៩។

លោកបានបង្ហាញខ្លួនចំនួន ២៤៩ប្រកួតនៅក្នុងលីគកំពូលអង់គ្លេស Premier League នៅក្នុងការប្រកួតទាំងអស់សម្រាប់ក្លិប Chelsea។

«ខ្ញុំចង់និយាយថា រឿងល្អគ្រប់យ៉ាងត្រូវតែដល់ទីបញ្ចប់ ហើយអាជីពបាល់ទាត់របស់ខ្ញុំ គឺថ្ងៃនេះជាថ្ងៃបញ្ចប់ពិតមែន» នេះបើតាម Mikel បានសរសេរលើ Instagram។

សូមជម្រាបថា Mikel កាលពីពេលកន្លងទៅនេះ បានលេងឲ្យក្លិប Kuwait SC ប៉ុន្តែបានចាកចេញពីក្លិបកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីលេងបានតែ ៥ខែ៕