Wilson នឹងត្រឡប់មកវិញសម្រាប់ Newcastle United ក្នុងដំណើរទៅជួប Fulham

01-10-2022 07:49

(ឡុងដ៍)៖ ក្លិបសារិកាព្រៃ Newcastle United នឹងមានវត្តមានខ្សែប្រយុទ្ធ Callum Wilson ត្រឡប់មកវិញនៅក្នុងក្រុមរបស់ពួកគេ សម្រាប់ដំណើរក្នុងលីគ Premier League នាថ្ងៃសៅរ៍នេះទៅជួបក្រុម Fulham ប៉ុន្តែកីឡាករចំណូលថ្មី Alexander Isak ទំនងជាមិនមានវត្តមាននោះទេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២។

Wilson បានអវត្តមានអស់រយៈពេល ១ខែដោយសាររបួសភ្លៅ ប៉ុន្តែអ្នកចាត់ការ Eddie Howe បានលើកឡើងថា កីឡាកររូបនេះបានត្រៀមខ្លួនរួចហើយ ក្នុងការវិលត្រឡប់មកវិញ ជាមួយនឹងខ្សែបម្រើ Bruno Guimaraes ដែលមានរបួសភ្លៅដែរនោះ។

«Callum បានហ្វឹកហាត់ជាមួយពួកយើងអស់រយៈពេលប្រមាណ ១០ថ្ងៃហើយគិតមកដល់ពេលនេះ។ គាត់មានសុខភាពល្អ» នេះបើតាមសម្តីលោក Howe បានប្រាប់អ្នកសារព័ត៌មាន។ លោកបានបន្ថែមថា
Guimaraes ក៏បានធ្វើការហ្វឹកហាត់ជាមួយក្រុមផងដែរ។

Newcastle ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១០ នោះមិនទាន់ទទួលបានជ័យជំនះម្តងនៅឡើយនោះទេ នៅក្នុងការប្រកួត ៦លើកចុងក្រោយក្នុងលីគ Premier League ដោយក្នុងនោះដែរមាន ៥ប្រកួត ទទួលបានលទ្ធផលស្មើ៕