ខ្សែប្រយុទ្ធ Scamacca របស់ West Ham នឹងខកខានប្រកួតផ្តាច់ព្រ័ត្រ Conference League ដោយសាររបួស
27-05-2023 07:56
(ឡុងដ៍)៖ អ្នកចាត់ការក្លិប West Ham លោក David Moyes បានបញ្ជាក់ថា កីឡាករ Gianluca Scamacca នឹងខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa Conference League នៅខែក្រោយ។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។
ខ្សែប្រយុទ្ធសញ្ជាតអ៉ីតាលី ដែលផ្ទេរក្នុងតម្លៃ ៣០.៥លានផោន មកពីក្លិប Sassuolo រូបនេះ បានទទួលការវះកាត់ជង្គង់កាលពីខែមេសា ប៉ុន្តែត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មកវិញ មុនពេលចប់រដូវកាលនេះ។
យ៉ាងណាមិញ, លោក Moyes បានដកកីឡាករវ័យ ២៤ឆ្នាំរូបនេះ ចេញពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទល់នឹងក្រុម Fiorentina នៅទីក្រុង Prague ប្រទេសឆេក នាថ្ងៃទី០៧ ខែមិថុនាខាងមុខ។
"គាត់មិនទាន់បានវិលត្រឡប់ចូលហ្វឹកហាត់វិញទេ ហើយក៏មិនទាន់វិលត្រឡប់មកវិញដែរ"។ លោក Moyes បានលើកឡើង។ លោកបន្ថែមថា "គាត់នៅតែបន្តការសម្រាកព្យាបាលនៅប្រទេសអ៉ីតាលីនាពេលបច្ចុប្បន្ននេះ, ដូច្នេះខ្ញុំមិនរំពឹងថា គាត់នឹងវិលត្រឡប់មកវិញ ទាន់ពេលនោះទេ"។
"គាត់បានទទួលការវះកាត់ ប្រមាណ ៤សប្តាហ៍កន្លងទៅ, ដូច្នេះគាត់នៅតែត្រូវការពេលវេលាច្រើនសប្តាហ៍ទៀត ដើម្បីសម្រាកព្យាបាល ហើយរំពឹងថា គាត់នឹងវិលត្រឡប់មកវិញទាន់ពេលវេលា នៃការចាប់ផ្តើមប្រកួតមុនរដូវកាល"៕