Ipswich យល់ព្រមលើកិច្ចព្រមព្រៀង ក្នុងការនាំយកខ្សែបម្រើស្លាប Philogene របស់ក្លិប Hull និងខិតជិតនាំយកខ្សែប្រយុទ្ធ Delap
10-07-2024 08:35
(ឡុងដ៍)៖ ក្លិប Ipswich ទើបឡើងមកលេងថ្មីនៅលីគ Premier League នោះ បានផ្តល់ជូនតម្លៃ ១៨លានផោន ដែលត្រូវបានទទួលយកសម្រាប់ខ្សែបម្រើស្លាប Jaden Philogene របស់ក្លិប Hull ហើយក៏ខិតជិតនឹងនាំយកខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Liam Delap ផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
Ipswich បានយល់ព្រមចំណាយប្រាក់ ២០លានផោន សម្រាប់កីឡាករ U-21 អង់គ្លេស Delap ខណៈពួកគេកំពុងត្រៀមខ្លួន ក្នុងការវិលត្រឡប់ទៅលេងនៅលីគ Premier League វិញ។
ខ្សែបម្រើស្លាប Jaden Philogene មានក្លិបធំៗជាច្រើនទៀត បានចាប់អារម្មណ៍ ក្នុងការចុះកិច្ចសន្យាជាមួយ ក្នុងនោះមានដូចជាក្លិប Everton, Aston Villa, Crystal Palace និងក្លិប Barcelona ផងដែរ។
កីឡាករវ័យ ២១ឆ្នាំ Philogene រកបាន ១២គ្រាប់ ក្នុង ៣២ប្រកួត សម្រាប់ក្លិប Hull កាលពីរដូវកាលមុន ខណៈពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៧ នៅលីគ Championship។
សូមជម្រាបថា Ipswich នឹងស្វាគមន៍ក្លិប Liverpool នៅកីឡដ្ឋាន Portman Road សម្រាប់ការប្រកួតបើករដូវកាលរបស់ពួកគេ នៅថ្ងៃទី១៧ ខែសីហា៕