កីឡាករអង់គ្លេស ៦នាក់ ជាប់ឈ្មោះក្នុងបញ្ជី ៣០នាក់ ក្នុងការប្រជែងបាល់មាស Ballon dÓr 2024

05-09-2024 10:52

(ឡុងដ៍)៖ អង់គ្លេស មានកីឡាករបាល់ទាត់របស់ខ្លួនចំនួន ៦នាក់ ក្នុងបញ្ជីសរុប ៣០រូប ដែលត្រូវឈរឈ្មោះបោះឆ្នោត ដើម្បីឈ្នះពានឯកត្តជនបាល់មាស Ballon dÓr ប្រចាំឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

គួរបញ្ជាក់ផងថា ពានដែលត្រូវបានប្រគល់ជូនជារៀងរាល់ឆ្នាំនេះ គឺខ្សែប្រយុទ្ធ Lionel Messi បានឈ្នះចុងក្រោយគេ កាលពីឆ្នាំ២០២៣ និងគម្រប់លើកទី៨ របស់គេផងដែរ មុនពេលមិនស្ថិតក្នុងបញ្ជី ៣០នាក់ដំបូងនាឆ្នាំនេះ បូករួមទាំង Cristiano Ronaldo ដែលធ្លាប់ឈ្នះបាន ៥លើកទៀតផង។

កីឡាករទាំង ៦នាក់របស់តោកំណាចអង់គ្លេសនោះរួមមាន ប្រធានក្រុម Harry Kane, Jude Bellingham, Phil Foden, Declan Rice, Bukayo Saka រួមទាំង Cole Palmer ដែលពួកគេទាំងនេះ សុទ្ធតែបានរួមចំណែកជួយអង់គ្លេសឈានដល់វគ្គផ្តាច់ព្រ័ត្រ Euro 2024 នៅប្រទេសអាល្លឺម៉ង់ ទោះចាញ់អេស្ប៉ាញ ២-១ វគ្គដណ្តើមពានក៏ដោយ។

យ៉ាងណាមិញ លទ្ធផលអ្នកទទួលបានពាន Ballon dÓr នឹងត្រូវប្រកាសជាផ្លូវការក្នុងពិធីដែលនឹងធ្វើឡើងនៅទីក្រុង ប៉ារីស ប្រទេសបារាំង នារាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខ៕