បញ្ចប់ប្រកួតជុំទី១ នៅ Club World Cup 2025 ឃើញថា ជើងឯកអឺរ៉ុបថ្មីៗ PSG ធ្វើបានល្អជាងគេ

19-06-2025 10:37

(វ៉ាស៊ីនតោន)៖ សម្រាប់ការប្រកួតសន្សំពិន្ទុតាមពូលនៃជុំទី១ ក្នុងចំណោម ៣ជុំ នៅព្រឹត្តិការណ៍ក្លិបអន្តរទ្វីប FIFA Club World Cup ជំនាន់ថ្មីឆ្នាំ២០២៥ នៅសហរដ្ឋអាមេរិកគឺបានបិទបញ្ចប់ហើយ នៅពេលដែល Paris Saint Germain របស់បារាំង ម្ចាស់ជើងឯក UEFA Champions League 2024-25 ត្រូវបានចាត់ទុកថា ធ្វើបានល្អជាងគេ។

កម្មវិធី ៤ឆ្នាំម្តងដែលមាន ៣២ក្រុមចូលរួម និងចែកចេញជា ៨ពូលផងដែរនោះ មើលឃើញថា PSG របស់បារាំងធ្វើបានល្អជាងគេ តាមរយៈបំបាក់ក្រុមខ្លាំងរបស់អេស្ប៉ាញ Atletico Madrid ៤ទល់នឹង០ មិនឱ្យតដៃរួចឡើយបើកឆាកប្រចាំពូល B ក្នុងចំណោម ១៦ប្រកួតសម្រាប់ជុំដំបូងនេះ។

ទោះជាយ៉ាណា ក្រុមមកពីលីគអាល្លឹម៉ង់ Bayern Munich បានបំបាក់ក្រុមមកពីតំបន់អូសេអានី Auckland City ១០ទល់នឹង០ មិនត្រូវបានគេរាប់បញ្ចូលជាក្រុមខ្លាំងប៉ះខ្លាំង ដូចនៅតំបន់អឺរ៉ុបឡើយ ទោះបីបំប៉ោងសំណាញ់ទីបាន ២ខ្ទង់ក៏ដោយ។

ចំណែកឯ Manchester City ក្រុមការពារតំណែងជើងឯកដែលបានលើកពាន FIFA Club World Cup ចុងក្រោយគេបង្អស់កាលឆ្នាំ២០២៣ ក៏យកបាន ៣ពិន្ទុដំបូងរបស់ពួកគេដែរ តាមរយៈយកឈ្នះគូប្រជែង Wydad Casablanca ដោយលទ្ធផល ២ទល់នឹង០ ឡើងឈរលេខ២ ប្រចាំពូល G តាមពីក្រោយ Juventus ដែលបានបំបាក់ Al-Ain ៥-០៕