Apple កំពុងពិចារណាទិញក្រុមហ៊ុន Perplexity ដែលជាក្រុមហ៊ុន AI ផ្ដោតលើការស្វែងរក

23-06-2025 11:30

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាផ្ទៃក្នុងអំពីលទ្ធភាពនៃការទិញយកក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI Startup) Perplexity។ នេះបើយោងតាមរបាយការណ៍របស់ Bloomberg និងត្រូវបានចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

របាយការណ៍បានឱ្យដឹងថា ការពិភាក្សាទាំងនេះ គឺស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ហើយអាចនឹងមិនឈានដល់ការដាក់សំណើជាផ្លូវការនោះទេ ដោយបន្ថែមថា នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ មិនទាន់បានពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់ Perplexity អំពីការដាក់សំណើនៅឡើយ។ ជាការឆ្លើយតបទៅនឹងសំណើរបស់ Reuters ក្រុមហ៊ុន Perplexity បានថ្លែងថា៖ «យើងមិនមានព័ត៌មានអំពីការពិភាក្សា M&A បច្ចុប្បន្ន ឬនាពេលអនាគតណាមួយដែលពាក់ព័ន្ធនឹង Perplexity នោះទេ»។ ចំណែកឯ Apple ក៏មិនទាន់​មានការឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters នោះដែរ។

ដូចដែលបានជ្រាបរួចមកហើយ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនកំពុងបង្កើនការវិនិយោគ ដើម្បីពង្រឹងសមត្ថភាព AI និងគាំទ្រតម្រូវការដែលកំពុងកើនឡើងសម្រាប់សេវាកម្មដែលដំណើរការដោយ AI ដើម្បីរក្សាភាពជាអ្នកដឹកនាំក្នុងការប្រកួតប្រជែងនៅក្នុងទេសភាពបច្ចេកវិទ្យាដែលវិវឌ្ឍយ៉ាងឆាប់រហ័ស។ ជាក់ស្ដែង Meta Platforms ដែលជាមេធំរបស់ Facebook ក៏បានព្យាយាមទិញ Perplexity កាលពីដើមឆ្នាំនេះដែរ ហើយទើបតែប្រកាសវិនិយោគ ១៤.៨ ពាន់លានដុល្លារ លើក្រុមហ៊ុន Scale AI។

យោងតាមរបាយការណ៍ពី Bloomberg ដដែល លោក Adrian Perica ប្រធានផ្នែក M&A របស់ Apple កំពុងពិចារណាលើគំនិតនេះជាមួយប្រធានផ្នែកសេវាកម្មលោក Eddy Cue និងអ្នកធ្វើសេចក្ដីសម្រេចសំខាន់ៗផ្នែក AI។ ក្រុមហ៊ុនផលិត iPhone ត្រូវបានគេឱ្យដឹងថា គ្រោងនឹងបញ្ចូលសមត្ថភាពស្វែងរក AI ដូច Perplexity AI ទៅក្នុងកម្មវិធីរុករក Safari របស់ខ្លួន ដែលអាចនឹងងាកចេញពីភាពជាដៃគូជាមួយ Google។

គួរជម្រាបថា Perplexity ទើបតែបានបញ្ចប់ការរៃអង្គាសមូលនិធិដែលធ្វើឱ្យតម្លៃក្រុមហ៊ុនឡើងដល់ ១៤ ពាន់លានដុល្លារ។ ប្រសិនបើកិច្ចព្រមព្រៀងនេះកើតឡើង វានឹងក្លាយជាការទិញយកធំបំផុតរបស់ Apple រហូតមកដល់បច្ចុប្បន្ន។ ក្រុមហ៊ុន Startup ដែលគាំទ្រដោយ Nvidia នេះ នឹងផ្ដល់ឧបករណ៍ស្វែងរក AI ដែលផ្ដល់សេចក្ដីសង្ខេបព័ត៌មានដល់អ្នកប្រើប្រាស់ ស្រដៀងនឹង ChatGPT របស់ OpenAI និង Gemini របស់ Google ផងដែរ៕