ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ និងក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី បើកកិច្ចប្រតិបត្តិការផ្លូវហោះហើរថ្មី ភ្នំពេញ-ប៉េណាង គាំទ្រដល់យុទ្ធនាការ «Visit Malaysia 2026»

23-06-2025 16:58

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ និងក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី (MOTAC) បានអនុវត្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយផ្លូវហោះហើរថ្មីភ្នំពេញ-ប៉េណាង។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងគាំទ្រដល់យុទ្ធនាការ «Visit Malaysia 2026» និងពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី។ «VM2026 DESTINATION Seminar, B2B» ផ្តោតលើផ្លូវហោះហើរកូឡាឡាំពួ និងប៉េណាងនៅថ្ងៃទី១៩ ខែមិថុនា តាមការអញ្ជើញរបស់ MOTAC ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េបានចូលរួមក្នុងកម្មវិធី «VM2026 DESTINATION SEMINAR, B2B» ដែលត្រូវបានធ្វើឡើងនៅសណ្ឋាគារ Shangri-La ក្នុងរាជធានីភ្នំពេញ។ ក្នុងកម្មវិធីនេះ តំណាង MOTAC និងបុគ្គលិកខេមបូឌាអ៊ែរវ៉ែ បានណែនាំពីផ្លូវហោះហើរ ភ្នំពេញ-កូឡាឡាំពួរដែលមានស្រាប់ ក៏ដូចជាផ្លូវហោះហើរភ្នំពេញ-ប៉េណាង ដែលគ្រោងនឹងបើកដំណើរការនៅថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ។

ផ្លូវហោះហើរថ្មីនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ភ្នាក់ងារទេសចរណ៍ និងអ្នកតំណាងក្នុងវិស័យទេសចរណ៍ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។ ការសម្ពោធយុទ្ធនាការ «VISIT MALAYSIA 2026» ផ្តោតលើផ្លូវហោះហើរភ្នំពេញ-ប៉េណាងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ពិធីសម្ពោធជាផ្លូវការនៃយុទ្ធនាការ «Visit Malaysia 2026» បានប្រព្រឹត្តទៅនៅសណ្ឋាគារ Shangri-La ដែលរៀបចំដោយ MOTAC និងស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមអធិបតីភាព លោក YB Dato Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា។ លោកស្រី Jiang Yifei នាយកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉ែ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមជាកិត្តិយសក្នុងព្រឹត្តិការណ៍នេះផងដែរ។

ក្នុងសុន្ទរកថារបស់លោករដ្ឋមន្ត្រី YB Dato Sri Tiong King Sing បានសង្កត់ធ្ងន់លើភាពជិតស្និទ្ធនៃទីតាំងភូមិសាស្ត្រ និងទស្សនៈវិស័យរួមគ្នាក្នុងប្រវត្តិសាស្ត្រ វប្បធម៌ និងការអភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយចីរភាពរវាងម៉ាឡេស៊ី និងកម្ពុជា។ លោកថ្លែងថា «ទេសចរណ៍គឺជាវិស័យមួយដ៏មានឥទ្ធិពលសម្រាប់កំណើនសេដ្ឋកិច្ច ការយល់ដឹងអំពីវប្បធម៌ និងការពង្រឹងសហគមន៍។ ខណៈពេលដែលពិភពលោកកំពុងនឹងវិលត្រលប់ ទៅរកភាពរីករាយជាមួយនឹងការធ្វើដំណើរជាថ្មី ឥឡូវនេះគឺជាពេលដែលយើងត្រូវកំណត់យុទ្ធសាស្ត្រសម្រាប់ខ្លួនយើង»

លោករដ្ឋមន្ត្រី ក៏បានប្រកាសជាផ្លូវការពីការបើកដំណើរការផ្លូវហោះហើរត្រង់ រវាងរាជធានីភ្នំពេញ និងរដ្ឋប៉េណាង របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ ដោយមានកាលវិភាគហោះហើរពីរដងក្នុងមួយសប្តាហ៍នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ។ «ព្រឹត្តិការណ៏ដ៏សំខាន់នេះ នឹងពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីររបស់យើង ព្រមទាំងបើកឱកាសថ្មីសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌ ជាពិសេសក្នុងការគាំទ្រដល់យុទ្ធនាការ Visit Malaysia Year 2026»

ក្រោយការលើកឡើងរបស់លោក ពិធីករក៏បានអញ្ជើញលោក YB Dato Sri Tiong King Sing លោក ហួត ហាក់, លោក Shaharuddin Onn, លោកស្រី Jiang Yifei និងភ្ញៀវកិត្តិយសដទៃទៀតឡើងមកលើវេទិកា ដើម្បីចាប់ផ្តើមពិធីសម្ពោធ «Visit Malaysia 2026» រួមគ្នា។

លោក YB Dato Sri Tiong King Sing ដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែមិថុនា លោក YB Dato Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី អមដំណើរដោយឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ការិយាល័យកណ្តាល របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ។ គណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកស្រី Jiang Yifei នាយកគ្រប់គ្រងក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ ព្រមទាំងក្រុមថ្នាក់ដឹកនាំនៃក្រុមហ៊ុនអាកាសចរណ៍ផងដែរ។ ភាគីទាំងសងខាងបានចូលរួមក្នុងកិច្ចពិភាក្សាប្រកបដោយផលិតភាព ដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងអាកាសចរណ៍។

លោកស្រី Jiang Yifei បានថ្លែងអំណរគុណចំពោះដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី និងគណៈប្រតិភូ។ លោកស្រីបានលើកឡើងពីសមិទ្ធផលនៃផ្លូវហោះហើរ ភ្នំពេញ-កូឡាឡាំពួ របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ហើយក៏បានកត់សម្គាល់ពីសេវាកម្មហោះហើរទៅប៉េណាងនាពេលខាងមុខ ដែលនឹងបម្រើការជាស្ពានចម្លងថ្មីមួយសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងម៉ាឡេស៊ី។ លោកស្រីក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការពង្រីកទីផ្សារអាស៊ាន និងរួមចំណែកដល់ភាពជោគជ័យនៃ «Visit Malaysia 2026» ហើយក៏បង្ហាញពីក្តីសង្ឃឹមសម្រាប់មិត្តភាពយូរអង្វែង រវាងប្រជាជាតិទាំងពីរផងដែរ៕