Club World Cup 2025 វគ្គ ១៦ក្រុមពេលនេះរកឃើញ ៨ក្រុមដំបូង Chelsea ប៉ះ Benfica ហើយ Messi ប្រឈមជាមួយក្លិបចាស់

25-06-2025 10:42

(អាមេរិក)៖ ការប្រកួតពានរង្វាន់ FIFA Club World Cup 2025 ពេលនេះមាន ៨ក្រុមឈានដល់វគ្គ ១៦ក្រុមជាបន្តហើយ ដោយឃើញថាក្រុមតោខៀវ Chelsea ត្រូវឆ្លងកាត់ក្រុម Benfica ហើយអ្វីកាន់តែជក់ចិត្តនោះ គឺ Lionel Messi ដែលលេងជាមួយ Inter Miami ត្រូវប្រឈមមុខនឹងក្រុម PSG ដើម្បីដណ្តើមកៅអីឡើងវគ្គបន្ត ។

ជាមួយគ្នានោះ សម្រាប់ក្លិប Palmeiras ជាឈរលេខ ១ពូល A ត្រូវជួបក្រុមរួមលីគប្រេស៊ីល Botafogo ដែលចេញពីពូល B បន្ទាប់ពីចំណេញគ្រាប់ស៊ុត ១គ្រាប់លើសក្លិបអេស្ប៉ាញ Atletico Madrid ក្រោយយកឈ្នះ Botafogo ត្រឹមលទ្ធផល ១-០ នៅប្រកួតទី៣ ក្នុងពូល ដ្បិតមាន ៦ពិន្ទុស្មើគ្នា ហើយក្លិបអាល្លឺម៉ង់ Bayern Munich ប៉ះក្រុម Flamengo ។

សម្រាប់ជម្រាបផងថា សម្រាប់ ៨ក្រុមទៀត ត្រូវរង់ចាំលទ្ធផលការប្រកួតទី៣ ចាប់ពីពូល E,F,H សុទ្ធតែកំពុងប្រទាញប្រទងពិន្ទុគ្នា ហើយកាន់តែពិសេសនោះឃើញថា ក្រុមជើងឯកពាននេះ ៥សម័យច្រើនជាងគេ Real Madrid ឈរក្នុងពូល F កំពុងមាន ៤ពិន្ទុស្មើជាមួយ Red Bul Salzburg គ្រាដែលក្រុមឈរលេខ៣ Al Hilal មាន ២ពិន្ទុ គឺសុទ្ធតែត្រូវការឈ្នះដាច់ខាតនៅប្រកួតចុងក្រោយ ។

ជាមួយគ្នានោះ លើកលែងតែពូល G មានក្រុម Juventus និង Man City ត្រឹមជាការលេងបង្គ្រប់កិច្ចប៉ុណ្ណោះនៅប្រកួតទី៣ ដើម្បីប្រទាញកៅអីផ្លូវការឡើងវគ្គបន្ត ៕