របាយការណ៍ពីក្រុមស្រាវជ្រាវ៖ World Cup 2026 នឹងបង្កបរិយាកាសអាប់អួរ មិនធ្លាប់មានជាប្រវត្តិសាស្រ្ត

09-07-2025 10:24

(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នាឆ្នាំក្រោយនេះនៅប្រទេសអាមេរិក មិចស៊ិក និងកាណាដា ផងនោះ វានឹងស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់បរិយាកាសធ្ងន់ធ្ងរបំផុតមិនធ្លាប់មានជាប្រវត្តិសាស្រ្ត។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវពីបរិស្ថាន ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

កម្មវិធីដែលត្រូវបានរៀបចំឡើងជាទៀងទាត់រៀងរាល់ ៤ឆ្នាំម្តងនេះ នឹងធ្វើឡើងនៅទឹកដីសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយចម្រាញ់យក ៤៨ប្រទេស (ក្រុម) ឡើងមកលេងជុំចុងក្រោយ។

ទន្ទឹមគ្នានោះដែរ បើយោងតាមរបាយការណ៍ពីស្ថាប័នស្រាវជ្រាវបរិស្ថានសកល (SGR) ក៏បានធ្វើការគណនាអំពីការបំពុលបរិស្ថានខ្លាំងឡើង ដែលបង្កពីកម្មវិធីធំនេះដែរ ពោលគឺនៅពេលបន្ថែមក្រុមពី ៣២កើនដល់ ៤៨ក្រុមនាពេលនោះ។

ក្នុងរបាយការណ៍នោះដដែលបានគូសបញ្ជាក់ថា «ការធ្វើចរាចរណ៍ទាំងលើផ្លូវគោក និងអាកាស វាកាន់តែធ្វើឱ្យកង្វក់បរិយាកាសកើនឡើង ក៏ព្រោះតែការប្រកួតច្រើន ដោយប៉ាន់ប្រមាណថា មានចំនួនប្រហែល ៩លានតោននៃកាបូនឌីអុកស៊ីត បំភាយទៅក្នុងបរិយាកាស»

SGR បានធ្វើការប្រៀបនេះមានន័យថា ជាមធ្យមស្មើនឹង ២ដង បើធៀបទៅនឹងការរៀបចំ World Cup ចុងក្រោយ ពោលគឺ World Cup 2022 នៅប្រទេសកាតា ប្រហាក់ប្រហែលត្រឹមតែ ៥.២៥លានតោននៃឧស្ម័ន CO2 តែប៉ុណ្ណោះ។

ទោះជាយ៉ាងណា សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ក៏បានយកចិត្តទុកដាក់ខ្លាំងចំពោះរឿងនេះដែរ ហើយក៏បានប្តេជ្ញាចិត្ត ដើម្បីកាត់បន្ថយការបំពុលបរិស្ថានឱ្យបាន ៥០% ត្រឹមឆ្នាំ២០៣០ និងឈានមកដល់ចំណុចសូន្យតែម្តង នៅឆ្នាំ២០៤០៕