កីឡាករលេខ១ ពិភពលោក Sinner លើកពាន Wimbledon ត្រឹមរយៈពេល ៣៥ថ្ងៃ ក្រោយបរាជ័យនៅ French Open
14-07-2025 09:46
(ឡុងដ៍)៖ កីឡាករ Tennis លំដាប់លេខ១ ពិភពលោក Jannik Sinner បានឈ្នះជើងឯក Wimbledon 2025 របស់អង់គ្លេស ក្រោយពេលយកឈ្នះគូប្រជែង Carlos Alcaraz ៣-១ យប់មិញនេះពីក្នុងវគ្គផ្តាច់ព្រ័ត្រ។
វាមានរយៈពេលត្រឹមតែ ៣៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកីឡាករអ៉ីតាល វ័យ ២៣ឆ្នាំរូបនេះបានរបូតពាន French Open របស់បារាំងទៅលើកីឡាករអេស្ប៉ាញ Alcaraz ដែលស្ថិតក្នុងកម្រិត Grand Slam ដូចគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ទោះជាយ៉ាងណា Sinner បានក្លាយជាកីឡាករអ៉ីតាលីដំបូងគេ ដែលដណ្តើមបានជើងឯក Wimbledon ផ្នែកវិញ្ញាសាវាយទោលបុរស និងជាជ័យជម្នះលើកដំបូងរបស់គេផងដែរ ពីការដល់ផ្តាច់ព្រ័ត្រពានធំៗ ៣លើកទល់នឹងជើងខ្លាំងដែលឈរនៅលំដាប់លេខ២ ពិភពលោក Alcaraz ទៀតផង។
ក្នុងការប្រកួតទីលានវាលស្មៅ ដែលមានដល់ទៅ ៤សិត Sinner បរាជ័យក្នុងសិតបើកឆាក ៦ទល់នឹង៤ មុនពេលវាយបកឈ្នះ ៣សិតជាប់ៗគ្នា ដើម្បីទទួលបានជ័យជម្នះតែម្តង នៅពីមុខអ្នកទស្សនាផ្ទាល់មានដល់ទៅ ១៥០០០នាក់នារាត្រីថ្ងៃអាទិត្យ (ម៉ោងនៅអង់គ្លេស)៕