ក្រុមជើងឯកលីគអង់គ្លេស Liverpool បដិសេធសំណើជាង ៥៨លានផោនពី Bayern ដើម្បីទិញ Diaz
16-07-2025 09:39
(លីវើភូល)៖ ហង្សក្រហម Liverpool ម្ចាស់ជើងឯក Premier League រដូវកាលមុន បានទាត់ចោលតម្លៃ ៥៨.៦លានផោនពីក្លិប Bayern Munich ក្នុងការសុំទិញខ្សែប្រយុទ្ធ Luis Diaz របស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ក្រុមជើងឯក Bundesliga របស់អាល្លឺម៉ង់បានដាក់សំណើលើកីឡាករអន្តរជាតិកូឡុំប៊ីខាងលើ តាំងពីដើមខែកក្កដា ឆ្នាំ២០២៥ ក៏ប៉ុន្តែត្រូវបានក្រុមរបស់លោក Arne Slot ប្រាប់ថា កីឡាករវ័យ ២៨ឆ្នាំ Diaz មិនសម្រាប់លក់ឡើយ។
Luis Diaz បានផ្លាស់មកលេងនៅកីឡដ្ឋាន Anfield នាអំឡុងខែមករា ឆ្នាំ២០២២ ក្រោយផ្ទេរចេញពីក្លិបព័រទុយហ្គាល់ FC Porto ដោយទទួលបានការចាប់អារម្មណ៍ពីក្លិបគូប្រជែងក្នុងលីគ Manchester City និងក្រុមឯទៀតមកពីអារ៉ាប៊ីសាអូឌីតទៀតផង។
ស្ថិតក្នុងទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន Liverpool ក៏បានកំពុងសំឡឹងរកខ្សែប្រយុទ្ធ ដើម្បីបំពេញបន្ថែមតំបន់ជួរមុខរបស់ពួកគេ តាមរយៈថ្មីៗនេះដែរ ពួកគេបានចែចូវ Alexander Isak ខ្សែប្រយុទ្ធរបស់ក្លិបសារិកាព្រៃ Newcastle United ដ្បិត Diaz មានកិច្ចសន្យាជាមួយហង្សក្រហមរហូតដល់ឆ្នាំ២០២៧ ដោយរកបាន ១៣គ្រាប់ក្នុងលីគរដូវកាល រួមចំណែកជួយ Liverpool ឈ្នះជើងឯក PL ដោយនាំមុខដាច់ ១០ពិន្ទុផងដែរ៕