ស្ថាបនិក Bitcoin ក្លាយជាបុគ្គលមានជាងគេទី១២លើពិភពលោក ហើយគ្មាននរណាដឹងពីអត្តសញ្ញាណពិតប្រាកដរបស់លោកឡើយ
17-07-2025 10:14
(បរទេស)៖ ស្ថាបនិក ឬ អ្នកបង្កើតរូបិយប័ណ្ណ Bitcoin ត្រូវបានគេដឹងថាបាត់ខ្លួនតាំងពីឆ្នាំ២០១១មកម្ល៉េះ ហើយរហូតមកទល់នឹងពេលនេះបានក្លាយជាមហាសេដ្ឋីលំដាប់ទី១២របស់ពិភពលោក កាន់កាប់ទឹកប្រាក់ប្រមាណ ១២៩ពាន់លានដុល្លារក្នុងទ្រព្យសម្បត្តិ Bitcoin។ ទោះជាយ៉ាងណា គេនៅតែមិនបានដឹងនោះឡើយថា តើលោកជានរណាឲ្យប្រាកដ ពោលគឺអត្តសញ្ញាណរបស់បុរសរូបនេះនៅតែគ្មានអ្នកស្គាល់។
ប្រភពពីសារព័ត៌មាន Times of India និង Financial Express បានរាយការណ៍ថា បុគ្គលឈ្មោះ Satoshi Nakamoto អ្នកបង្កើតរូបិយប័ណ្ណ Bitcoin ដែលបានបាត់ខ្លួនពីចុងឆ្នាំ២០១១ កំពុងកាន់កាប់ទ្រព្យសម្បត្តិ Bitcoin យ៉ាងច្រើនដែលគិតជាទឹកប្រាក់ គឺចន្លោះពី ១២៨.៩ ទៅ១២៩ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាយជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី ១១ ឬ ១២ លើពិភពលោក។ ឈ្មោះ និងអត្តសញ្ញាណសម្ងាត់ បានន័យថា Satoshi Nakamoto គឺជាឈ្មោះប្រើសម្រាប់បុគ្គលឬក្រុមមួយដែលបានបង្កើត Bitcoin។ លោកបានបាត់ខ្លួនពីភ្នែកសាធារណៈជនចាប់ពីឆ្នាំ២០១១។
តាមការរាប់ចំណាត់ថ្នាក់អ្នកមានបំផុតលើពិភពលោក តាមរយៈការរាប់ចំនួនទ្រព្យសម្បត្តិ គឺលោកបានឈរនៅលំដាប់ទី១២ ដោយផ្ដួលបុគ្គលល្បីៗមួយចំនួនដូចជា Michael Bloomberg, Rob Walton និង Zhang Yiming។ ទោះជាយ៉ាងណា គាត់នៅតែត្រូវស្ថិតនៅក្រោម Elon Musk, Bernard Arnault, Jeff Bezos និង Mark Zuckerberg។
គួរជម្រាបថា ការរីកចម្រើននៃតម្លៃ Bitcoin ក៏បានជួយឲ្យសម្បត្តិរបស់ Satoshi Nakamoto កើនឡើងបន្តិចម្ដងៗផងដែរ ទោះបីជាលោកនៅតែជាមនុស្សសម្ងាត់ មិនត្រូវគេស្គាល់អត្តសញ្ញាណពិតក៏ដោយ៕