ចាញ់ ២ដងរួចមកហើយ Fury នៅតែចង់ប៉ះជើងខ្លាំង Usyk ម្តងទៀតនាខែមេសា ឆ្នាំក្រោយ
17-07-2025 10:45
(បរទេស)៖ ការបរាជ័យដោយពិន្ទុចំនួន ២លើករួចមកហើយ ក៏ប៉ុន្តែកីឡាករប្រដាល់ទម្ងន់ធ្ងន់អង់គ្លេស Tyson Fury នៅតែចិញ្ចឹមចិត្តចង់ជួបជើងខ្លាំងមិនដែលចាញ់ Oleksandr Usyk ម្តងទៀតនាអំឡុងខែមេសា ឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពីអ្នកផ្គូផ្គង Frank Warren។
លោក Warren បានបញ្ជាក់បន្ថែមដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា Fury វ័យ ៣៦ឆ្នាំ នឹងមិនទាន់ឡើងសង្វៀននៅក្នុងឆ្នាំនេះទេ ក៏ប៉ុន្តែគាត់ចង់ជួប Oleksandr Usyk ម្តងទៀតនៅប្រហែលជិតពាក់កណ្តាលឆ្នាំក្រោយវិញ។
លោកថា «ខ្ញុំបាននិយាយជាមួយ Fury អស់ជាង ១សប្តាហ៍មកហើយអំពីប្រដាល់។ គាត់មិនវ៉ៃនៅឆ្នាំនេះទេ ស្របពេលកំពុងហ្វឹកហាត់ក្នុង gym នៅឡើយ ពោលគឺដើម្បីស្តារសមត្ថភាព កាយសម្បទា និងស្មារតីឡើងវិញ»។
នៅចាំបានថា កាលពីដើមខែកក្កដានេះ Fury បានបង្ហោះសារនៅលើបណ្តាញ អំពីគម្រោងចង់ជួបកីឡាករអ៊ុយក្រែន Usyk ជាថ្មីទៀតដែលធ្វើឡើងក្នុងសង្វៀនស្ថិតនៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស នាខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីបរាជ័យដោយពិន្ទុ ២លើករួចមកហើយដោយប្រកួតនៅអារ៉ាប៊ីសាអូឌីត និងបានប្រកាសចូលនិវត្តន៍ផងដែរកាលពីខែមករា ឆ្នាំ២០២៥។
អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ២សម័យរូបនេះ ក៏ធ្លាប់ប្រកាសចូលនិវត្តន៍ម្តងរួចមកហើយដែរកាលឆ្នាំ២០២២ និងបានតែ ៦ខែប៉ុណ្ណោះ ក៏វិលមកវិញដូចពេលនេះដែរ៕