TSMC ត្រៀមបំបែកកំណត់ត្រាចំណេញប្រចាំត្រីមាស តែពន្ធគយ និងលុយតៃវ៉ាន់ឡើងថ្លៃ អាចជាឧបសគ្គ

17-07-2025 11:25

(បរទេស)៖ ក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប AI កម្រិតខ្ពស់ឈានមុខគេលើពិភពលោក ត្រូវបានគេរំពឹងថានឹងប្រកាសប្រាក់ចំណេញកើនឡើង ៥២% សម្រាប់ត្រីមាសទី ២ ដែលជា កំណត់ត្រាខ្ពស់បំផុត នៅថ្ងៃព្រហស្បតិ៍នេះ។ ការព្យាករណ៍នេះធ្វើឡើងទោះបីជាមានការព្រួយបារម្ភអំពី ពន្ធគយរបស់សហរដ្ឋអាមេរិក និង ប្រាក់ដុល្លារតៃវ៉ាន់ឡើងថ្លៃ ក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (TSMC) ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ក្រុមហ៊ុន Nvidia និង Apple ត្រូវបានព្យាករណ៍ថានឹងរាយការណ៍ប្រាក់ចំណេញសុទ្ធប្រមាណ ៣៧៧.៩ ពាន់លានដុល្លារតៃវ៉ាន់ (ប្រហែល ១២.៨៦ ពាន់លានដុល្លារ) សម្រាប់ត្រីមាសដល់ថ្ងៃទី ៣០ ខែមិថុនា។ តួលេខនេះបើតាមការប៉ាន់ស្មានពីអ្នកវិភាគ ២០ នាក់។ លទ្ធផលនេះនឹងក្លាយជាប្រាក់ចំណេញសុទ្ធប្រចាំត្រីមាសខ្ពស់បំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន និងជាត្រីមាសទី ៦ ជាប់ៗគ្នាដែលប្រាក់ចំណេញបានកើនឡើង។

ទោះជាយ៉ាងណា ក្តីបារម្ភចម្បងមួយគឺ ពន្ធគយ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។ លោក Trump បានថ្លែងកាលពីដើមខែនេះថា ពន្ធលើបន្ទះឈីបទំនងជានឹងមកដល់ឆាប់ៗនេះ ហើយ TSMC ក៏បានទទួលស្គាល់ថាពន្ធទាំងនេះអាចនាំឱ្យ តម្លៃកើនឡើងបន្តិច និងជះឥទ្ធិពលដល់តម្រូវការ។ បញ្ហាសំខាន់មួយទៀតគឺ ការឡើងថ្លៃប្រាក់ដុល្លារតៃវ៉ាន់ ១២% ធៀបនឹងប្រាក់ដុល្លារអាមេរិក។ TSMC បានបញ្ជាក់ថា ការឡើងថ្លៃ ១% នៃប្រាក់ដុល្លារតៃវ៉ាន់ ជាធម្មតាកាត់បន្ថយប្រាក់ចំណេញសរុបរបស់ខ្លួន ០.៤ ភាគរយ ហើយកាលពីខែមិថុនា ការឡើងថ្លៃនេះបានកាត់បន្ថយប្រាក់ចំណេញសរុបជាង ៣ ភាគរយរួចទៅហើយ។

គួរបញ្ជាក់ថា ភាគហ៊ុនរបស់ TSMC បានកើនឡើងប្រហែល ៨០% កាលពីឆ្នាំមុន ប៉ុន្តែគិតត្រឹមឆ្នាំនេះ បានកើនឡើងត្រឹមតែ ៥% ប៉ុណ្ណោះ ដោយសារការព្រួយបារម្ភអំពីពន្ធគយ និងអត្រាប្តូរប្រាក់មិនអំណោយផល៕