Bellingham នឹងអវត្តមានប្រកួតបើកឆាករដូវកាលថ្មីជាមួយ Real Madrid ក្រោយវះកាត់ស្មា

17-07-2025 11:51

(ម៉ាឌ្រីដ)៖ ខ្សែបម្រើ Jude Bellingham នឹងខកខានជួយ Real Madrid លេងបើកឆាករដូវកាលថ្មី ២០២៥-២៦ ដោយសារវះកាត់ស្មាមិនទាន់ជាសះស្បើយទាន់ពេល។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករអន្តរជាតិអង់គ្លេស វ័យ ២២ឆ្នាំរូបនេះ បានលេងទាំងមានបញ្ហារបួសស្មាតិចតួចនៅអំឡុងព្រឹត្តិការណ៍ FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិក ជាទីដែល Bellingham បានចូលលេងទាំង ៦ប្រកួតតែម្តងជាមួយ Real ដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Bellingham ត្រូវសម្រាកព្យាបាលរបួស យ៉ាងហោចណាស់ក៏ ៦សប្តាហ៍ដែរ ដោយនឹងខកខានប្រកួតមិត្តភាពកំដៅសាច់ដុំតែម្តង រួមទាំងលេងជម្រុះ World Cup របស់អង់គ្លេសទល់នឹងអង់ដូរ៉ា និងស៊ែប៊ីនាខែក្រោយទៀតផង។

មែនទែនទៅរូបគេមានបញ្ហាត្រដាបត្រដួសតាំងពីឆ្នាំ២០២៣ មកម្ល៉េះជាមួយនឹងរបួសស្មា តាំងពី Real Madrid លេងទល់នឹង Rayo Vallecano ក្នុងលីគ។

ក្រុមយក្សអេស្ប៉ាញមួយនេះ ដែលស្ថិតក្រោមការគ្រប់គ្រងដោយអ្នកចាត់ការទូទៅថ្មី លោក Xabi Alonso ផងនោះ នឹងចាប់ផ្តើមលេងពាន La Liga រដូវកាលថ្មីរបស់ពួកគេទល់នឹងភ្ញៀវ Osasuna នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ក្នុងនាមជាក្រុមរងជើងឯក បន្ទាប់ពី FC Barcelona រដូវកាលមុន៕