ទឹកសណ្តែកសៀង «យ៉ូស» ក្លាយជាភេសជ្ជៈដំបូងគេនៅកម្ពុជា ទទួលបានការអនុញ្ញាតិដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រើប្រាស់សំរាប់សិស្សកំរិតបឋមសិក្សា និងអនុវិទ្យាល័យ

17-07-2025 19:34

(ភ្នំពេញ)៖ ទឹកសណ្តែកសៀង «យ៉ូស» ក៏ដូចជាភេសជ្ជៈផ្សេងទៀតរបស់ក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ទទួលបានការអនុញ្ញាតិដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រើប្រាស់សំរាប់សិស្សានុសិស្សកំរិតបឋម និងអនុវិទ្យាល័យនៅទូទាំងប្រទេស ដើម្បីជួយឲ្យសិស្សមានសុខភាពល្អ ទម្លាប់ការទទួលទានភេសជ្ជៈឲ្យបានត្រឹមត្រូវសម្រាប់ក្មេងៗ ជ្រើសរើសភេសជ្ជៈដែលសម្បូរដោយប្រូតេអ៊ីន និងវីតាមីន ជៀសវាងភេសជ្ជៈមានជាតិស្ករច្រើនលើសកម្រិត។

ការប្រកាសឲ្យបានដឹងជាសាធារណៈរបស់ក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ក្នុងការទទួលបានការអនុញ្ញាតិដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រើប្រាស់ទឹកសណ្តែកសៀង «យ៉ូស» សំរាប់សិស្សានុសិស្សកំរិតបឋម និងអនុវិទ្យាល័យនេះ គឺបានធ្វើឡើងក្នុងពិធី «យុទ្ធនាការលើកកម្ពស់សុវត្ថិភាព ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា» កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោកស្រីបណ្ឌិត ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា, លោកស្រី ហេង សុទ្ធាវី អគ្គនាយិការបស់ក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាចតុមុខជាច្រើននាក់។

ថ្លែងនៅក្នុងពិធី «យុទ្ធនាការលើកកម្ពស់សុវត្ថិភាព ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា» និងការចែកទឹកសណ្ដែក ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាចតុមុខផងនោះ លោកស្រី ហេង សុទ្ធាវី អគ្គនាយិការបស់ក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) បានបញ្ជាក់ថា នេះជាឱកាសដ៏សំខាន់ដែលក្រុមហ៊ុនយើង មានកិត្តិយសចូលរួមជាមួយក្រសួងអប់រំយុវជន និងកីឡា និងសាលាបឋមសិក្សាចតុមុខ ដើម្បីចែករំលែក ហើយមិនត្រឹមតែផលិតផលភេសជ្ជៈសុខភាពទេ ប៉ុន្តែជាចំណេះដឹង និងភាពចូលរួមក្នុងការបង្កើតទម្លាប់ការទទួលទានភេសជ្ជៈឲ្យបានត្រឹមត្រូវ សម្រាប់ក្មេងៗជំនាន់ក្រោយ។

លោកស្រីជឿជាក់ថា ការអប់រំនិងសុខភាព គឺជាគ្រឹះសំខាន់សម្រាប់ការលូតលាស់នៃប្រទេសជាតិ។ ដោយហេតុនេះហើយ ក្រុមហ៊ុនយើងបានចាប់ផ្ដើមកម្មវិធីនេះ ដើម្បីជួយលើកកម្ពស់ចំណេះដឹងស្តីពី សុវត្ថិភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សាដែលមានដូចជា សារៈសំខាន់នៃការផឹកទឹកគ្រប់គ្រាន់, ការជ្រើសរើសអាហារ ឬភេសជ្ជៈដែលមានស្ករតិច សម្បូរប្រូតេអ៊ីន និងវីតាមីន, ការអនុវត្តជីវិតប្រកបដោយវិន័យ និងការចៀសវាងភេសជ្ជៈផ្អែមលើសកម្រិត។ ឧបករណ៍ និងភេសជ្ជៈដែលយើងយកមកផ្តល់ដល់សាលា និងសិស្សនៅថ្ងៃនេះ មិនមែនសម្រាប់ការផ្សព្វផ្សាយម៉ាកទេ ប៉ុន្តែជាផ្នែកមួយនៃបេសកកម្មសង្គមរបស់ក្រុមហ៊ុន ដើម្បីរួមចំណែកស្នូលក្នុងការអភិវឌ្ឍសុខភាព និងអប់រំកុមារជាតិខ្មែរ។ លោកស្រីប្រធានក្រុមហ៊ុន ក៏សូមអរគុណចំពោះលោកគ្រូ-អ្នកគ្រូ និងសិស្សសាលាបឋមចតុមុខទាំងអស់ សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។ យើងសង្ឃឹមថា កម្មវិធីនេះនឹងក្លាយជាគន្លងដ៏ល្អសម្រាប់ក្រុមហ៊ុនឯកជន និងវិស័យអប់រំក្នុងការងារសហការនាពេលក្រោយ។

ដោយឡែកលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ក្នុងនាមក្រសួងអប់រំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនភេសជ្ជៈ យ៉ូស ដែលបានចាប់ដៃគូជាមួយរាជរដ្ឋាភិបាល ហើយបានដើរស្របគ្នាជាមួយនឹងគោលនយោបាយជាតិ ដែលផ្ដោតសំខាន់លើសុខុមាលភាពកុមារតាមសាលា និងតាមមូលដ្ឋានសិក្សាដែល ដាក់ចេញដោយរាជរដ្ឋាភិបាលនាអាណត្តិនេះ។ ជាការពិតការចាប់ដៃគូនេះ មិនត្រឹមតែចូលរួមជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែថែមទាំងបានពិចារណាឆ្លងកាត់ ការពិនិត្យត្រឹមត្រូវនៅក្នុងគម្រោងរបស់ខ្លួន ដើម្បីអភិវឌ្ឍធនធានមនុស្សឲ្យមានសុខភាពល្អ។

លោកស្រីអនុរដ្ឋលេខាធិការជឿជាក់ថា មុននឹងមានយុទ្ធនាការចែក និងការចាប់ដៃគូជាមួយស្ថាប័នរដ្ឋរបស់យើងនៅពេលនេះ គឺផលិតផលរបស់ក្រុមហ៊ុន ពិតជាបានឆ្លងកាត់មន្ទីរពិសោធន៍គុណភាពត្រឹមត្រូវ ស្របតាមស្ដង់ដារអនាម័យ ហើយមានអំណះអំណាងពីក្រសួងពាណិជ្ជកម្ម ដែលមានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានចេញវិញ្ញាបនបត្រជូនត្រឹមត្រូវ ទើបក្រសួងអប់រំយុវជន និងកីឡា បានឯកភាពទទួលយកនូវភេសជ្ជៈទាំងអស់នេះ យកមកចែកជូនដល់សិស្សានុសិស្សប្រមាណ ៣៣ម៉ឺនដប នៅសាលាគោលដៅចំនួនជាង ២០០សាលា។

លោកស្រីបណ្ឌិតបានបន្ថែមថា ទឹកសណ្តែកសៀង «យ៉ូស» ដែលបានចែកជូនសិស្សទទួលទាននៅថ្ងៃនេះ នឹងក្លាយជាឧទាហរណ៍មួយសម្រាប់លោកគ្រូអ្នកគ្រូ បានតាមដានពីសុខភាពសិស្ស ហើយរាយការណ៍ជូនដល់ក្រុមហ៊ុន ឬក្រសួងអប់រំ ដើម្បីស្វែងរកចំណុចរីកចម្រើនពិតប្រាកដ ដល់សុខភាពនៃធនធានមនុស្សរបស់យើង ក្រោយពីពួកគេទទួលទានរួចរាល់រយៈពេល ១សប្ដាហ៍ ឬ១ខែ ហើយនឹងបានដឹងពីចំនួនដង នៃកុមារដែលទទួលទាន ក្នុងនោះតើមានការខុសប្លែកនូវភាពក្លាហាន និងសតិអារម្មណ៍របស់កុមារ ហើយមានការវិវឌ្ឍក្នុងកម្រិតណា? ដោយកិច្ចការទាំងនេះត្រូវតែមានការចូលរួម ពីលោកគ្រូអ្នកគ្រូជាចាំបាច់៕