Liverpool ខិតជិតយកបានខ្សែប្រយុទ្ធ Ekitike ពីក្លិប Frankfurt ក្នុងតម្លៃជាង ៧០លានផោន
17-07-2025 20:32
(លីវើភូល)៖ ហង្សក្រហម Liverpool បានចរចាឈានដល់ចំណុចកំពូលហើយជាមួយក្លិប Eintracht Frankfurt ដើម្បីទិញយកខ្សែប្រយុទ្ធ Hugo Ekitike ក្នុងតម្លៃប្រមាណជាង ៧០លានផោន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ប្រភពនានាជាច្រើនបានបញ្ជាក់ថា Liverpool នឹងបំពេញការផ្ទេរជាផ្លូវការត្រឹមសប្តាហ៍នេះតែប៉ុណ្ណោះ ក្រោយពេលពួកគេហ៊ានឱ្យលើសសារិកាព្រៃ Newcastle United ដែលហ៊ានត្រឹមតែ ៧០លានផោន ដោយត្រូវបានក្លិបក្នុងលីគអាល្លឺម៉ង់ខាងលើបដិសេធ។
មែនទែនទៅ ខ្សែប្រយុទ្ធកណ្តាល វ័យ ២៣ឆ្នាំដែលរកបាន ១៥គ្រាប់ ក្នុងចំណោម ៣១ប្រកួត តាមរយៈជួយ Frankfurt បញ្ចប់ក្នុងតំណែងលេខ៣ នៅ Bundesliga រដូវកាលមុន ក៏មានទំនោរចង់ផ្លាស់ទៅលេងនៅ Premier League ដែរ ពោលគឺក្នុងក្លិបជើងឯកអង់គ្លេស Liverpool តែម្តង។
Frankfurt បានចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធទោលរូបនេះជាអចិន្រ្ទៃកាលពី ១ឆ្នាំមុន ដោយក្នុងនាមជាដៃគូរបស់អ្នកចាត់ការក្លិបគឺលោក Dino Toppmoller ទៀតផង៕