សាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ រៀបចំវេទិកាអប់រំ ស្ដីពីបរិស្ថានបៃតងក្នុងសាលារៀន និងការអប់រំបែបសតវត្សទី២១ ដើម្បីឲ្យយុវជនជំនាន់ថ្មី មានការប្រកួតប្រជែងខ្ពស់

17-07-2025 20:38

(ភ្នំពេញ)៖ សាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ ដឹកនាំដោយលោក គូន ចំរើន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាអប់រំ ស្តីពី បរិស្ថានបៃតង ក្នុងសាលារៀន និងក្នុងសហគមន៍អន្តរជាតិ និងការអប់រំបែបសតវត្សទី២១ ដើម្បីធ្វើឲ្យយុវជនជំនាន់ថ្មី ទទួលបានជោគជ័យនៅក្នុងពិភពលោក ដែលមានការប្រកួតប្រជែងខ្ពស់។

វេទិកានេះ រៀបចំឡើងដោយសាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ សហការជាមួយសមាគមសហប្រតិបត្តិការ ដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន ដឹកនាំដោយលោកបណ្ឌិត សរ រិទ្ធី ដែលផ្តួចផ្តើមគំនិតដោយលោក ហ្គាវិន មែកខូមេក ជាទូតសុឆន្ទៈរបស់ម៉ុនតែសសូរីអូស្ត្រាលី និងជាសហស្ថានិកសាលាអាប់ស្នូល (Upschool) អូស្ត្រាលី។

វេទិកាទាំង២នេះ ត្រូវបានគាំទ្រយ៉ាងពេញទំហឹង ដោយរាជបណ្ឌិតសភាកម្ពុជា និងដោយក្រសួងអប់រំ យុវជន និងកីឡា និងរាជបណ្ឌិតសភាកម្ពុជា ដែលមានការអញ្ជើញចូលរួម ពីសំណាក់លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា និងលោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងនោះផងដែរ ក៏មានការអញ្ជើញចូលរួមគាំទ្រ ដោយស្ថាប័នអប់រំរដ្ឋ និងសាលារៀនឯកជន ចំនួន២០ព្រមទាំងសាធាណរជន និងមាតាបិតាអាណាព្យាបាលសិស្ស សរុបមានអ្នកចូលរួមប្រមាណ២០០នាក់។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិត គឹម សេដ្ឋានី បានលើកឡើងថា សេដ្ឋកិច្ចជីឌីថល ចំពោះតម្រូវការទីផ្សារ មានការផ្លាស់ប្ដូរ ដូច្នេះធ្វើឲ្យបណ្ដុះបណ្ដាលធនធានមនុស្ស គឺមិនអាចអនុវត្ដ តាមបែបសតវត្សទី២០នោះទេ ត្រូវតែដូររបៀបនៃការបណ្ដុះបណ្ដាល ឲ្យក្លាយទៅជាមូលធនមនុស្ស។

លោកស្រីបណ្ឌិត គឹម សេដ្ឋានី បានឲ្យដឹងថា មូលធនមនុស្ស គឺជាអាទិភាពគន្លឹះទីមួយ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការជំរុញសេដ្ឋកិច្ច ឱ្យសម្រេចបាននូវគោលដៅ របស់កម្ពុជានៅឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោក គូន ចំរើន អគ្គនាយកគ្រប់គ្រងទូទៅ និងជានាយកសាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ បានថ្លែងថា គោលបំណង នៃការរៀបចំវេទិកាអប់រំនេះ រួមមាន៖

ទី១៖ ដើម្បីបំផុសគំនិតដល់សិស្សានុសិស្ស ឲ្យយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថាន និងជីវចម្រុះចេះស្រលាញ់ និងគាំពារបរិស្ថាន ដើម្បីជំរុញឲ្យមានការរស់នៅ បែបលក្ខណៈបៃតងនៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងពិភពលោក តាមរយៈការអប់រំ។

ទី២៖ អប់រំ និងបង្ហាញពីផលអវិជ្ជមាន និងផលវិបាកនានា ដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ និងបំផុសចលនាឲ្យ មានការដាំដើមឈើឡើងវិញ នៅគ្រប់ទិសទីតាមរយៈការផ្តល់ការអប់រំ និងយន្តការដែលអាចឲ្យសិស្សានុសិស្ស ចូលរួមបាន។

ទី៣៖ ផ្តល់ឱកាសឲ្យសិស្សានុសិស្ស បញ្ចេញសមត្ថភាព និងភាពច្នៃប្រឌិតរបស់ខ្លួន ក្នុងការរកមធ្យោបាយដ៏មានប្រសិទ្ធិភាព ដើម្បីគាំពារបរិស្ថាន ដោយការរកមូលនិធិពីគ្រប់មជ្ឈដ្ឋាន ក្នុងយុទ្ធនាការដាំដើមឈើឡើងវិញ នៅក្នុងពិភពលោក។

ក្នុងវេទិកាអប់រំនេះ លោក ហ្គាវិន មែកខូមេក ក៏បានធ្វើបទបង្ហាញចែករំលែកចំណេះដឹង ពីតម្រូវការ និងការវិវឌ្ឍន៍ថ្មីៗ ចំពោះការអប់រំយុវជនជំនាន់ក្រោយ ដោយផ្តោត ទៅលើការ យកចិត្តទុកដាក់ក្នុងការរៀន និងការបង្រៀន និងរៀបចំបរិយាកាសអប់រំ ដោយផ្អែកទៅលើលទ្ធផលស្រាវជ្រាវតាម បែបវិទ្យាសាស្ត្រ នៃការរីកចម្រើនខួក្បាលរបស់មនុស្ស។

លោក ហ្គាវិន បានធ្វើលើកឡើងពីតួនាទី និងសារៈសំខាន់ ខាងផ្នែកការធ្វើចលនា ការនិទានរឿង សុខភាពខាងផ្លូវអារម្មណ៍ ការមានទឹកចិត្តរៀន និងបទពិសោធន៍តាមញាណអារម្មណ៍។ លោកក៏បានជំរុញឲ្យការអប់រំ ដើម្បីឲ្យសិស្សានុសិស្ស មានឯករាជ្យភាពមានសណ្តានចិត្ត ចេះស្រលាញ់ និងជួយអ្នកដ៍ទៃ និងជាពិសេសឲ្យមានការស្រលាញ់ ការសិក្សាពេញ១ជីវិត។

ក្នុងឱកាសនេះ សាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ បានផ្តល់អាហារូបករណ៍២០កន្លែង វគ្គបណ្តុះបណ្តាលគ្រូបង្រៀន តាមបែបប្រព័ន្ធម៉ុនតែសសូរី ជូនក្រសួងអប់រំ យុវជន និងកីឡា និងអាហារូបករណ៍ IBlooming ២០០កន្លែង សម្រាប់វគ្គសិស្សាភាសាចិន ផ្តល់ដោយសមាគមសហប្រតិបត្តិការ ដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន។

បន្ថែមពីនោះទៀត លោកបណ្ឌិត សរ រិទ្ធី ក៏​បានផ្ដល់អាហារូបករណ៍ IBlooming ចំនួន១០០កន្លែង សម្រាប់វគ្គសិក្សាភាសាចិន ជូនរាជបណ្ឌិតសភាកម្ពុជាផងដែរ៕