សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ លោកស្រី អគ្គលេខាធិការអាយប៉ា (AIPA)
17-07-2025 22:30
(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ទទួលស្វាគមន៍វត្តមានលោកស្រី Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សា ស្វែងយល់អំពីវឌ្ឍនៈភាព វិស័យអប់រំ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងបានអញ្ជើញទស្សនា បណ្ណាល័យឌីជីថល បន្ទប់ Lab ផ្នែកស្ថាបត្យកម្ម អាកាសចរស៊ីវិល និងបន្ទប់ Studio ផ្នែក IT ថ្នាក់រៀន បន្ទប់មហាវិទ្យាល័យ រួមទាំងអគារស្នាក់នៅនិស្សិត ផងដែរ។
ជាមួយគ្នានោះ លោកស្រី អគ្គលេខាធិការ ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិត សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបប្រមាណ ២,៣០០នាក់ ដោយក្នុងនោះចូលរួមដោយផ្ទាល់នៅ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) ជាង ១,១០០នាក់ និងចូលរួមតាមប្រព័ន្ធZoom នៅទីតាំងទី១ (ទួលស្លែង) ជាង ១,២០០នាក់។
នៅក្នុងជំនួបជាមួយនិស្សិត លោកស្រី អគ្គលេខាធិការ និងក្រុមការងារលេខាធិការដ្ឋានអាយប៉ា ក៏បានធ្វើបទបង្ហាញអំពីកម្មវិធី “AIPA Roadshow លើកទី១៨ - The 18th AIPA Roadshow” ដើម្បីផ្សព្វផ្សាយដល់ស្រទាប់យុវជន ឱ្យបានស្គាល់ និងយល់ដឹងអំពីតួនាទីរបស់សភាជាសមាជិក AIPA និងតួនាទីរបស់សភាកម្ពុជាក្នុង AIPA ក៏ដូចជា ផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃនានារបស់ AIPA ដែលសម្រេចបាននាពេលកន្លងមក។
ទន្ទឹមគ្នានោះ លោកស្រី អគ្គលេខាធិការ កោតសរសើរ និងថ្លែងអំណរគុណនូវគំនិតផ្តួចផ្តើមរបស់សភាកម្ពុជាស្តីពី ការបង្កើតបណ្ណាល័យច្បាប់ឌីជីថល (AIPA Lync - Digital Law Library) ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនកម្ពុជាផង និងអាស៊ានផង។
លោកស្រី បានបន្តថា AIPA LYNC ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដោយមានឯកសារច្បាប់ពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងដែលមានអ្នកចូលប្រើប្រាស់រហូតដល់ជិត ៣សែននាក់ រួចហើយនាពេលបច្ចុប្បន្ន។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បានថ្លែងអំណរគុណ លោកជំទាវអគ្គលេខាធិការ និងក្រុមការងារលេខាធិការដ្ឋានអាយប៉ាទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកអញ្ជើញមកទស្សនកិច្ច និងផ្តល់ឱកាសជូននិស្សិត ប៊ែលធី បានស្គាល់ និងយល់ដឹងកាន់តែច្បាស់អំពី អន្តរសភាអាស៊ាន (AIPA) តាមរយៈបទបង្ហាញ និងវេទិកាជជែកពិភាក្សា ដ៏មានសារៈសំខាន់នាព្រឹកនេះ។
បន្ទាប់ពី ទស្សនកិច្ច និងសំណេះសំណាល ជាមួយនិស្សិតប៊ែលធី រួចមក លោកជំទាវអគ្គលេខាធិការ ក៏បានបន្តអញ្ជើញទៅទស្សនាកម្សាន្ត នៅខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់អំពីវិស័យទេសចរណ៍ ការរីកចម្រើនរបស់ខេត្ត និងទស្សនាសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជាផងដែរ៕