ម្ចាស់ការពារតំណែងជើងឯក ស្រ្តីអង់គ្លេស ឡើងទៅប៉ះអ៉ីតាលី វគ្គ ៤ក្រុម Euro 2025 ក្រោយទម្លាក់ស៊ុយអែត
18-07-2025 09:45
(បរទេស)៖ ក្រុមបាល់ទាត់នារីជម្រើសជាតិតោកំណាចអង់គ្លេស បានវាយបកទម្លាក់ជើងខ្លាំងស្រ្តីស៊ុយអែត ចេញពី Women’s Euro 2025 ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៣-២ ដើម្បីឡើងទៅប៉ះគូប្រជែងស្រ្តីអ៉ីតាលី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ម្ចាស់ពានជើងឯកប្រចាំទ្វីបអឺរ៉ុប Euro លើកដំបូងកាលឆ្នាំ២០២២ មួយនេះ បានធ្វើការវាយបកក្នុងវគ្គទី២ ដ៏អស្ចារ្យ បន្ទាប់ពីត្រូវបានស្រ្តីស៊ុយអែត បើកការនាំមុខ ២គ្រាប់មុនតាំងពីវគ្គទី១ ពីការធ្វើបានសម្រេចរបស់ប្រធានក្រុម Lucy Bronze និង Michelle Agyemang ដែលញាំងឱ្យការថែមម៉ោង ១៥នាទី ២ដងកើតមានឡើង មុនពេលឈានដល់ការទាត់ប៉េណាល់ទីកាត់សេចក្តី ដែលជាលទ្ធផលអង់គ្លេសធ្វើបាន ៣គ្រាប់ ហើយស៊ុយអែតទាត់ចូល ២គ្រាប់។
អង់គ្លេស នឹងត្រូវប្រឈមមុខជាមួយស្រ្តីអ៉ីតាលី ដែលបានទម្លាក់ស្រ្តីន័រវេស ២-១ ចេញពី Euro 2025 កាលពីរាត្រីថ្ងៃពុធនៅប្រទេសស្វីសដូចគ្នា នាថ្ងៃអង្គារ ទី២២ ខែកក្កដា ក្នុងការស្វែងរកកៅអីឡើងវគ្គផ្តាច់ព្រ័ត្រជាថ្មី។
ស្រ្តីស៊ុយអែត បានជ្រុះចេញពីកម្មវិធី ៤ឆ្នាំម្តងនេះ គឺជាការបរាជ័យលើកដំបូងរបស់ពួកគេ គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ និងបានបញ្ចប់កំណត់ត្រាលេង ១៥ប្រកួតមិនចាញ់ផងដែរ៕