Man Utd តាមទិញខ្សែប្រយុទ្ធ Mbeumo របស់ក្លិប Brentford ជាលើកទី៣
18-07-2025 11:01
(មេនឆេស្ទើ)៖ Manchester United បានបន្តដាក់សំណើជាលើកទី៣ របស់ពួកគេទៅកាន់ក្លិបគូប្រជែងក្នុងលីគ Brentford ដើម្បីទិញខ្សែប្រយុទ្ធ Bryan Mbeumo ក្នុងតម្លៃប្រមាណ ៧០លានផោន។ នេះបើយោងតាមការចេញ ផ្សាយដោយ BBC។
នេះជាសំណើលើកទី៣ ផងដែរសម្រាប់ក្រុមប្រចាំទីក្រុង Manchester នៅពេលតម្លៃជាក់ស្តែងគឺ ៦៥លានផោន ជាមួយនឹងការបន្ថែម ៥លានផោនផ្សេងទៀត ស្របពេលក្រុមឃ្មុំមិនទាន់មានការឆ្លើយនៅឡើយទេ។
ទោះជាយ៉ាងណា បិសាចក្រហមនៅតែមានជំនឿចិត្តថានឹងទទួលបានខ្សែប្រយុទ្ធអន្តរជាតិកាមេរូនរូបនេះ ទៅរួមក្រុមរបស់លោក Ruben Amorim មុនពេលពួកគេធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីលេងកំដៅសាច់ដុំ ៣ប្រកួតនៅទីនោះ។
Mbeumo វ័យ ២៥ឆ្នាំ ដែលមកចូលរួមជាមួយ Brentford កាលឆ្នាំ២០១៩ នោះ រកបាន ២០គ្រាប់នៅ Premier League រដូវកាលមុន ដោយបានទាក់ចិត្ត Man Utd និង Tottenham ចង់បានរួបគេទៅរួមក្រុម ខណៈបច្ចុប្បន្ននេះ មានលោក Thomas Frank ដែលធ្លាប់ដឹកនាំក្លិបឃ្មុំ នៅបង្វឹកមាន់ខ្នាយមាស ក៏ប៉ុន្តែ Mbeumo មានទំនោរចង់លេងឱ្យ United ច្រើនជាង។
គួររំលឹកផងថា Man Utd បំប៉ោងសំណាញ់ទីសរុបបានតែ ៤៤គ្រាប់ប៉ុណ្ណោះក្នុង Premier League រដូវកាល ២០២៤-២៥ ដែលជារដូវកាលដ៏អាក្រក់បំផុតសម្រាប់ពួកគេ គិតចាប់តាំងពីជ្រុះចេញពីលីគកំពូលអង់គ្លេស ១៩៧៣-៧៤។ ពួកគេទើបតែទិញបានខ្សែប្រយុទ្ធ Matheus Cunha និងខ្សែការពារ Diego Leon ក្នុងទីផ្សារទិញ-ដូរកីឡាកររដូវក្តៅនេះ៕