OpenAI កំពុង​បង្កើត​ប្រព័ន្ធ​ទូទាត់​ក្នុង ChatGPT ដើម្បី​រកចំណូល​ពី​ការ​លក់​ទំនិញ​អនឡាញ

18-07-2025 11:02

(បរទេស)៖ កាសែត Financial Times បានរាយការណ៍មកថា ក្រុមហ៊ុន OpenAI កំពុងធ្វើការលើប្រព័ន្ធទូទាត់ទំនិញ «checkout system» ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការទិញទំនិញដោយផ្ទាល់នៅក្នុងកម្មវិធី ChatGPT របស់ខ្លួន។ គោលបំណងគឺដើម្បីទទួលបានចំណូលថ្មីពីការលក់ទំនិញតាមរយៈការយកកម្រៃជើងសារពីឈ្មួញ។ នេះ​បើយោងតាម​ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

បច្ចុប្បន្ន ChatGPT របស់ OpenAI បង្ហាញផលិតផលដែលបានណែនាំតាមរយៈតំណភ្ជាប់ ដែលនាំអ្នកប្រើប្រាស់ទៅកាន់គេហទំព័រលក់រាយខាងក្រៅ។ ប៉ុន្តែផែនការថ្មីនេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបញ្ចប់ការទិញដោយផ្ទាល់នៅក្នុង chatbot តែម្តង។ ប្រព័ន្ធទូទាត់នេះ ត្រូវបានគេរំពឹងថានឹងអនុញ្ញាតឱ្យ OpenAI យកកម្រៃជើងសារពីឈ្មួញដែលប្រើប្រាស់ប្រព័ន្ធនេះ។

របាយការណ៍បានឱ្យដឹងថា ប្រព័ន្ធទូទាត់នេះនៅមិនទាន់រួចរាល់ទាំងស្រុងនៅឡើយទេ គឺកំពុងស្ថិតក្នុងការអភិវឌ្ឍ។ ប៉ុន្តែក្រុមហ៊ុន OpenAI និងដៃគូសំខាន់ៗដូចជា Shopify កំពុងបង្ហាញប្រព័ន្ធដំបូងនេះទៅកាន់ក្រុមហ៊ុនផ្សេងៗទៀត ហើយកំពុងពិភាក្សាគ្នាអំពីការបែងចែកចំណូល។ Shopify ដែលជាដៃគូរបស់ OpenAI តាំងពីខែមេសា ត្រូវបានគេរំពឹងថានឹងជាអ្នកផ្តល់ប្រព័ន្ធមូលដ្ឋានសម្រាប់ដំណើរការទិញ-លក់។ នេះមានន័យថា អ្នកប្រើប្រាស់នឹងអាចទិញទំនិញបានដោយផ្ទាល់នៅក្នុង ChatGPT តែម្តង ដោយមិនបាច់ចេញទៅកាន់គេហទំព័រផ្សេងទៀតឡើយ។

គួរជម្រាបថា គម្រោងថ្មីនេះ នឹងអនុញ្ញាតឱ្យ OpenAI អាចទាញយកប្រភពចំណូលថ្មី ដោយទាញយកអត្ថប្រយោជន៍ពីចំនួនអ្នកប្រើប្រាស់ដ៏ច្រើននៅលើ ChatGPT បន្ថែមពីលើគំរូជាវប្រចាំខែ (subscription) ដែលមានស្រាប់។ ទន្ទឹមនឹងនេះ OpenAI ក៏បានបញ្ជាក់ផងដែរថា អត្រាចំណូលប្រចាំឆ្នាំរបស់ខ្លួនបានកើនឡើងដល់ ១០ ពាន់លានដុល្លារគិតត្រឹមខែមិថុនា ឆ្នាំ២០២៥ កើនឡើងពី ៥.៥ ពាន់លានដុល្លារកាលពីខែធ្នូ ឆ្នាំ២០២៤។ ទោះជាយ៉ាងណា ទាំង OpenAI និង Shopify នៅមិនទាន់បានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយពី Reuters នៅឡើយទេ៕