សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ «វីង» ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានបោះដុំទំហំ ៥០លានដុល្លារ

18-07-2025 11:44

(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង ធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីគម្រោងធានាឥណទានបោះដុំ ដែលមានទំហំធានាឥណទានសរុប ៥០លានដុល្លារអាមេរិក។ ពិធីចុះកិច្ចព្រមព្រៀងនេះ មានការចូលរួមចុះហត្ថលេខាដោយលោក ណូ លីដា អគ្គនាយក CGCC និងបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង ព្រមទាំងមានការចូលរួមជាសក្ខីភាព ពីគណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរប្រមាណ៣០រូប ដែលបានប្រព្រឹត្តិទៅនៅឯអគារវីង ថៅវើ។

ស្របតាមការឯកភាពរបស់លោកមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងធានាឥណទានបោះដុំ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដើម្បីផ្តល់ការធានាលើកម្ចីអាជីវកម្មដែលមានស្រាប់ របស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ក្នុងគោលបំណងចែករំលែកហានិភ័យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ដូចជាកាត់បន្ថយកម្រិតថ្លឹងហានិភ័យ នៃអ៊ិចស្ពូស៊ើដែលមានការធានាដោយ CGCC។ យោងលើប្រកាសស្តីពីហានិភ័យឥណទាន សម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ អ៊ិចស្ពូស៊ើចារឹកជាប្រាក់រៀល ឬរូបិយបណ្ណដែលមានការធានាច្បាស់លាស់ និងឥតលក្ខខណ្ឌដោយរាជរដ្ឋាភិបាលកម្ពុជា រាប់បញ្ចូលទាំងការធានា ដោយគម្រោងធានាឥណទានដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានថ្លឹងហានិភ័យសូន្យភាគរយ។

លោក ណូ លីដា អគ្គនាយក CGCC មានប្រសាសន៍ឱ្យដឹងថា «CGCC មានសេចក្តីសោមនស្សរីករាយ ដែលបានអនុវត្តគម្រោងធានាឥណទានបោះដុំលើកដំបូងបំផុត ជាមួយធនាគារ វីង។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជារួមដល់ស្ថាប័នទាំងពីរ ហើយនេះនឹងជួយដល់ CGCC អាចគ្រប់គ្រងគុណភាពធានាឥណទានសរុបប្រកបដោយប្រសិទ្ធភាព ដើម្បីធានានូវនិរន្តរភាពរយៈពេលវែង។ សំខាន់បំផុត គម្រោងនេះនឹងបង្កើនហិរញ្ញប្បទានកាន់តែច្រើនបន្ថែមទៀត ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា»

បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង មានប្រសាសន៍ឱ្យដឹងថា «សហគ្រាសធុនតូច និងមធ្យមគឺជាដង្ហើមនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិយើង ហើយតាមរយៈភាពជាដៃគូនេះ យើងកាន់តែមានលទ្ធភាពក្នុងការគាំទ្រដល់ភាពរីកលូតលាស់ បង្កើនភាពធន់ ក៏ដូចជាជំរុញនូវសក្តានុពលរបស់ពួកគេឱ្យអស់ពីលទ្ធភាព។ ខ្ញុំជឿជាក់ថា ការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម ប្រៀបបាននឹងកំពុងវិនិយោគលើអនាគត របស់ប្រទេសកម្ពុជាយ៉ាងដូច្នេះដែរ។ ដោយមានការសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា យើងកំពុងរួមគ្នាកសាងប្រព័ន្ធហិរញ្ញវត្ថុមួយឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាបន្ន ដែលអាចជួយដល់សហគ្រិន ក៏ដូចជាពង្រឹងការអភិវឌ្ឍសហគមន៍ ឱ្យកាន់តែរីកចម្រើននៅទូទាំងប្រទេសកម្ពុជា»

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ វីង គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេបំផុត ដោយទទួលបានការធានាឥណទានបោះដុំ របស់សាជីវកម្មធានាឥណទានកម្ពុជា សំដៅបង្កើន និងពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានរបស់ធនាគារ វីង ដើម្បីរួមចំណែកគាំទ្រភាពរីកចម្រើន វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម។ ជាងនេះទៅទៀត កិច្ចសហការនេះ ក៏បានឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នារបស់ ធនាគារ វីង និង CGCC ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជារួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកលូតលាស់ប្រកបដោយចីរភាព៕