ទស្សនីយភាពនៃការថត MV បទ «មនសិការខ្មែរ» របស់តារាចម្រៀង ខេមរៈ សិរីមន្ដ ផ្ទុះការគាំទ្រដូចទឹកបាក់ទំនប់!
18-07-2025 12:05
(សៀមរាប)៖ ថ្មីៗនេះតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជា ខេមរៈ សិរីមន្ដ បានប្រកាសថត MV បទ «មនសិការខ្មែរ» ដោយបានធ្វើពិធីក្រុងពាលីថត នៅក្នុងទឹកដីនៃប្រាសាទអង្គរវត្ត បង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជន រហូតមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ខណៈបទនេះលោកបានបង្កើបថា ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ដដល់កងទ័ពជួរមុខ កំពុងឈរយ៉ាងរឹងមាំការពារបូរណភាពទឹកដីខ្មែរ។
នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់តារាចម្រៀង ខេមរៈ សិរីមន្ដ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះរូបជាច្រើនសន្លឹកដែលបង្ហាញពីការក្រុងពាលី ដើម្បីបួងសួងដល់បុព្វបុរសគ្រប់ជំនាន់ វត្ថុស័ក្ដិសិទ្ធិទាំងអស់ជួយដល់កងទ័ពរបស់កម្ពុជាឈ្នះអស់មាសត្រូវ និងសកម្មភាពថត MV បទ «មនសិការខ្មែរ» ដែលគ្រាន់តែមើលរូបភាព ធ្វើឱ្យមហាជនគ្រប់គ្នាព្រឺសម្បុរតែម្ដង។
បន្ទាប់ពីឃើញសកម្មភាពអង់អាចក្លាហានក្នុងការថត MV អមដោយការបង្ហាញអត្ដសញ្ញាណជាតិខ្មែរនេះ បងប្អូនមហាជនបានលើកឡើងបង្ហាញពីអារម្មណ៍រំភើប ត្រេកអរមានមោទនភាពយ៉ាងខ្លាំង ដោយមានអ្នកខ្លះ លើកឡើងថា «ខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំមានមោទនភាពខ្លាំងណាស់ ដែលបងប្រុងឧកញ៉ាលះបង់ទាំងកាយទាំងចិត្ដ ធ្វើអ្វីៗដើម្បីជាតិយើង។ បងឧកញ៉ា គឺជានិមិត្ដរូបនៃសិល្បៈជំនាន់ក្រោយ! យើងគាំទ្រជាតិយើងទាំងអស់គ្នា កុំឱ្យខ្មាំងសត្រូវមកមើលងាយប្រទេសយើង»។
បងប្អូនខ្លះទៀត បានលើកឡើងថា «ព្រួញមួយបាញ់បានចាបពីរបង ១, ជួយកម្លាំងផ្លូវចិត្ដបងជួរមុខ ២, ជួយផ្សព្វផ្សាយឱ្យប្រទេសផ្សេងបានដឹងពីអរិយធម៌ វប្បធម៌ខ្មែរ», «គាំទ្រអាយដល ដែលចេញមុខបង្ហាញពីការស្រឡាញ់ជាតិ», «គាំទ្របង ១លាន%»។ ចំណែកមានបងប្អូនមហាជនខ្លះទៀត បានបង្ហាញបំណងឱ្យតារាចម្រៀង ខេមរៈ សិរីមន្ដ ទៅថត MV នៅប្រាសាទតាមាន់ធំ កាន់តែអស្ចារ្យ។ ជាមួយគ្នានោះ ហ្វេនៗជាច្រើនពាន់នាក់បានបង្ហាញពីភាពអន្ទះសារចង់ឱ្យ MV បទ «មនសិការខ្មែរ» ចេញឆាប់ៗ។
សូមជម្រាបជូនថា ដើម្បីចូលរួមគាំទ្រដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែនពីការឈ្លានពានរបស់សត្រូវ និងការពារដែនអធិបតេយ្យភាពជាតិមិនឱ្យបាត់បង់ គឺបងប្អូនខ្មែរយើងទូទាំងប្រទេស បានចូលរួមគ្រប់សកម្មភាពទាំងអស់ ដោយមានទាំងសកម្មភាពដើរថ្មើជើង, ការផ្ដល់ជូនជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ, ការច្រៀងចម្រៀងរួមគ្នា និងការសម្ដែងសិល្បៈ ថតបទចម្រៀង និងសកម្មភាពជាច្រើនទៀត៕