Netflix ប្រើប្រាស់ AI បង្កើតរឿងភាគទូរទស្សន៍នៅអាហ្សង់ទីន

18-07-2025 13:14

(បរទេស)៖ ក្រុមហ៊ុន Netflix បញ្ជាក់ថា ខ្លួនបានប្រើប្រាស់បច្ចេកវិទ្យា Generative AI (GenAI) ដើម្បីបង្កើតរឿងភាគដើមថ្មីមួយឈ្មោះ «El Eternauta» ដែលផលិតនៅប្រទេសអាហ្សង់ទីន។ នេះជាលើកដំបូងដែល GenAI ត្រូវបានប្រើជាផ្លូវការនៅក្នុងការផលិតរឿងភាគទូរទស្សន៍សម្រាប់ Netflix។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។

ភាគរឿងនេះមានឈ្មោះថា «El Eternauta» ដែលជារឿង Sci-fi របស់អាហ្សង់ទីន បង្ហាញលើ Netflix ចាប់ពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥។ នាយកប្រតិបត្តិរបស់ Netflix លោក Ted Sarandos បានបង្ហាញថា GenAI ត្រូវបានប្រើក្នុងការបង្កើតឈុតឆាកមួយដែលបង្ហាញពីអគារមួយដួលរលំនៅ ទីក្រុង Buenos Aires។ ឈុតនេះត្រូវបានបញ្ចប់ លឿនជាងវិធីសាស្រ្តបច្ចេកទេសរឿងធម្មតាដល់ ១០ដង ជាមួយការសហការជាមួយ Eyeline Studios ដែលជាគ្រឹះស្ថានច្នៃប្រឌិតរបស់ Netflix។

លោក Sarandos បញ្ជាក់ថា AI មិនមែនសម្រាប់បន្ថយចំណាយប៉ុណ្ណោះទេ ប៉ុន្តែដើម្បីជួយជំរុញភាពច្នៃប្រឌិតថែមទៀត។ ប្រធានប្រតិបត្តិរួម Greg Peters បន្ថែមថា Netflix ក៏កំពុងស្រាវជ្រាវប្រើ GenAI ក្នុងវិស័យផ្សេងទៀតដូចជា ស្វែងរករឿងតាមសម្លេង និង បង្កើតគំនិតផ្សាយពាណិជ្ជកម្មដោយ AI ផងដែរ។

គួរជម្រាបថា ការប្រើប្រាស់ AI នេះកើតឡើង បន្ទាប់ពីមានជម្លោះរវាងអ្នកសរសេររឿងនិងក្រុមហ៊ុនផលិតរឿងនៅ Hollywood ស្តីពីការប្រើ AI ក្នុងការងារ។ Netflix កំពុងកំណត់អត្តសញ្ញាណខ្លួនជាក្រុមហ៊ុនដែលប្រើ AI ដើម្បី គាំទ្រការច្នៃប្រឌិតរបស់មនុស្ស ប៉ុន្តែមិនមែនជំនួសឲ្យការងារមនុស្សទេ៕