យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជន នៅណាហ្គាវើលដ៍

18-07-2025 13:25

(ភ្នំពេញ)៖ នៅក្នុងកម្មវិធី «លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកបដោយគុណភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ណាហ្គាវើលដ៍ មានសេចក្តីរីករាយបង្ហាញ ដល់សាធារណជននូវស្ថាបនិក និងអ្នកច្នៃម៉ូដយីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗនៅពីក្រោយព្រឹត្តិការណ៍នេះ។

បន្ទាប់ពីទទួលបានជោគជ័យនៃការរៀបចំកម្មវិធីនេះ លើកដំបូងកាលពីឆ្នាំមុន ព្រឹត្តិការណ៍នៅឆ្នាំនេះ មានការចូលរួមពីយីហោកំពូលៗ របស់ប្រទេសសិង្ហបុរីជាច្រើន រួមបញ្ចូលទាំងយីហោសម្លៀកបំពាក់ និងស្បែកជើង ដែលច្នៃដោយដៃផងដែរ។

យីហោមួយ ក្នុងចំណោមយីហោជាច្រើន ដែលចូលរួមនៅក្នុងកម្មវិធី «លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកបដោយគុណភាព» គឺ A Gentleman’s Tale ដែលជាក្រុមហ៊ុនត្រួសត្រាយផ្លូវឈានមុខគេ ដែលផ្តល់សេវាកម្មកាត់ដេរ និងស្គែនវាស់ដងខ្លួនដោយបច្ចេកវិទ្យាស៊្រីឌី (3D) ចល័តក្នុងឆ្នាំ២០១៧។

ត្រូវបានស្គាល់ចំពោះស្នាដៃច្នៃសម្លៀកបំពាក់បុរសនាសម័យបច្ចុប្បន្ន យីហោនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយស្ថាបនិក Kenneth Chia និង Lyn Chan ដែលផ្តល់សេវាកម្មកាត់ដេរដល់គេហដ្ឋាន និងការិយាល័យរបស់អតិថិជន។ សហស្ថាបនិក Kenneth Chia ហៅគំនិតនេះថាជា «ទូសម្លៀកបំពាក់ពិសេស»

នៅក្នុងកម្មវិធី «លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកបដោយគុណភាព» សាធារណជននឹងមានឱកាស ជួបជាមួយក្រុមការងារស្ថាបនិករបស់ A Gentleman’s Tale អ្នកសារព័ត៌មាន និងក្រុមអ្នកធ្វើមាតិកាល្បីៗដូចជា Le Petit Journal, The Monopolitan, MediaCorp និង Yahoo Finance ។

Kenneth Chia បានឱ្យដឹងថា «យើងមានក្តីរំភើបដែលបានយកគំនិតកាត់ដេរនេះ មកកាន់រាជធានីភ្នំពេញ។ ការកាត់ដេរ គឺមិនត្រឹមតែតម្រូវតាមការចង់បានរបស់អតិថិជននោះទេ ប៉ុន្តែសម្លៀកបំពាក់នីមួយៗ មានបង្កប់នូវរឿងរ៉ាវ និងចរិតលក្ខណៈអ្វីមួយ។ ព្រឹត្តិការណ៍នេះអនុញ្ញាតឱ្យពួកយើងចែករំលែកពីទស្សនៈ និងការច្នៃប្រតិដ្ឋតាមរយៈ ការពន្យល់ដោយផ្ទាល់ដល់អ្នកចូលរួម»

នេះគឺជាការបង្ហាញខ្លួនលើកទីពីរនៃយីហោនេះ ក្នុងប្រទេសកម្ពុជាដែលបានផ្តល់សេវាកម្មដ៏ជោគជ័យរបស់ពួកគេកាលពីឆ្នាំ២០២៤។ ការបង្ហាញខ្លួនលើកនេះ នឹងផ្តល់ការពន្យល់ណែនាំ ដល់សាធារណជនកាន់តែច្រើនអំពីម៉ូដ ដែលស័ក្តិសមសម្រាប់សុភាពបុរសគ្រប់រូប។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ក្រុមហ៊ុនផលិតស្បែកជើងរបស់ប្រទេសសិង្ហបុរី CNES Shoemaker គឺជាក្រុមហ៊ុនផលិតស្បែកជើង ដែលមានលាយម៉ូដបែបប្រពៃណី ជាមួយម៉ូដបែបសម័យទំនើប។ រាប់ចាប់ពីការផលិតស្បែកជើងគុណភាពខ្ពស់ដោយដៃរហូតដល់គ្រឿងលម្អបន្ថែមដែលធ្វើពីស្បែក ភ្ញៀវអាចកម្ម៉ង់ម៉ូដគ្រប់បែបយ៉ាង ដែលពួកគេស្រមៃចង់បាន។ ក្រុមហ៊ុន CNES Shoemaker មានការទទួលជាលក្ខណៈអន្តរជាតិដែលមានការផ្តោតទៅលើគុណភាពដែលបានទាក់ទាញអតិថិជនមកពីទ្វីបអាស៊ី និងប្រទេសជាច្រើនទៀត។

នៅក្នុងកម្មវិធី «លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកបដោយគុណភាព» នៅណាហ្គាវើលដ៍ CNES Shoemaker នឹងបង្ហាញពីសិល្បៈនៃការច្នៃស្បែកជើង តាំងបង្ហាញស្បែកជើង ដែលអនុញ្ញាតឱ្យអ្នកចូលរួម អាចជួបផ្ទាល់ជាមួយអ្នកច្នៃម៉ូដស្បែកជើង និងឈ្វេងយល់ពីបច្ចេកទេស ដែលត្រូវបានអភិវឌ្ឍក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ កន្លងទៅនេះ។

ស្ថាបនិក Le Huy Tian បានឱ្យដឹងថា «ចេញពីបេះដូងនៃទីក្រុងសាយហ្គន ផលិតបែបប្រពៃណី ទទួលស្គាល់ជុំវិញសកលលោក យើងនឹងផ្តល់ការពន្យល់ណែនាំ ដល់អ្នកចូលរួមទាំងអស់ក្នុងពេលឆាប់ៗនេះ»។ អ្នកចូលរួមអាចដើរមើល និងទិញផលិតផលពិសេសទាំងនេះ ទទួលបានដំបូន្មាននៃរបៀបស្លៀកពាក់ និងឈ្វេងយល់ពីការវិវត្តន៍នៃម៉ូដ និងគោលបំណងនៃម៉ូដនីមួយៗ។

ស្របពេលជាមួយការអភិវឌ្ឍរបស់ណាហ្គាវើលដ៍ ដើម្បីក្លាយជាគោលដៅកំពូលនៃរបៀបរស់នៅក្នុងប្រទេសកម្ពុជា កម្មវិធី «លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកបដោយគុណភាព» ផ្តល់ជូនលើសពីបទពិសោធន៍នៃការទិញផលិតផល ពោលគឺវាជាវេទិកាសម្រាប់សាធារណជនអាចសន្ទនា ផ្លាស់ប្តូរវប្បធម៌ និងឈ្វេងយល់ពីរបៀបស្លៀកពាក់ ជាដើម។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍ទី២ ជាន់ទី២២។ សាធារណជនអាចចូលរួមដោយឥតគិតថ្លៃពីម៉ោង ១១ ព្រឹកដល់ ៩ យប់។ សម្រាប់អ្នកដែលចង់ចូលរួមថ្នាក់បង្រៀន (masterclass) និងសិក្ខាសាលា (workshop) គឺតម្រូវឱ្យបង់ប្រាក់។ សម្រាប់បច្ចុប្បន្នភាព និងការចុះឈ្មោះ សូមចូលទៅកាន់ www.nagaworld.com/eu-register ឬតាមដានបណ្តាញសង្គមផ្លូវការរបស់ណាហ្គាវើលដ៍៕