សាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ ប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ដល់សិស្សានុសិស្ស មត្តេយ្យសិក្សា និងបឋមសិក្សា ក្នុងឆ្នាំសិក្សា២០២៤-២០២៥

18-07-2025 13:33

(ភ្នំពេញ)៖ សាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ដល់សិស្សានុសិស្ស មត្តេយ្យសិក្សា និងបឋមសិក្សា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥។ ពិធីនេះ បានរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលសហប្រតិបត្តិកម្ពុជា-កូរ៉េ (CKCC)។

ពិធីនេះ មានការអញ្ជើញចូលរួមគាំទ្រពីសំណាក់សិស្សានុសិស្ស មាតាបិតាអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ និងជាពិសេសថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានការចូលរួមពីលោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសនោះ លោកស្រី ឃុន រចនា បានថ្លែងគាំទ្រយ៉ាងពេញទំហឹង និងវាយតម្លៃខ្ពស់ ចំពោះគុណភាពអប់រំ តាមបែបប្រព័ន្ធអប់រំម៉ុនតែសសូរី និងជំរុញលើកទឹកចិត្ត ឲ្យសាលាបន្តអនុវត្ត និងពង្រឹងនូវផែនការសកម្មភាព និងវិធីសាស្រ្តអប់រំ ដ៏មានប្រសិទ្ធិភាពរបស់ខ្លួន ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន។

លោកស្រី ឃុន រចនា ក៏បានជំរុញឲ្យសាលា ពង្រឹងផែនការសកម្មភាព ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះកត្តាមនុស្សនៅក្នុងការអភិវឌន្ឍន៍ប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ទន្ទឹមគ្នានេះ លោក គូន ចំរើន ក្នុងនាមជាអគ្គនាយកគ្រប់គ្រងទូទៅ និងជានាយកសាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ បានអញ្ជើញលោក ហ្គាវិន មែកខូមេក ដែលជាទូតសុឆន្ទៈ របស់ម៉ុនតែសសូរីអូស្ត្រាលី និងជាសហស្ថានិកសាលា អាប់ស្គូល (Upschool) អូស្ត្រាលី ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ និងចែករំលែកគន្លឹះអប់រំសំខាន់ៗជាច្រើន។

លោក ហ្គាវិន មែកខូមេក ចែករំលែកចំណេះដឹងពីតម្រូវការ និងការវិវឌ្ឍន៍ថ្មីៗ ចំពោះការអប់រំយុវជនជំនាន់ក្រោយ ដោយផ្តោតទៅលើការយកចិត្តទុកដាក់ក្នុងការរៀន និងការបង្រៀន និងរៀបចំបរិយាកាសអប់រំ ដោយផ្អែកទៅលើលទ្ធផលស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ នៃការរីកចម្រើនខួក្បាលរបស់មនុស្ស។

លោក គូន ចំរើន បានលើកឡើងថា នេះជាខួបទី១៥ឆ្នាំ ដែលសាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ បានចាប់បដិសន្ធិឡើង ហើយសាលាតែងតែបានបណ្ដុះបណ្ដាលអប់រំសិស្សានុសិស្ស ឲ្យមានគុណភាពខ្ពស់គួរជាទីមោទនៈ ទំាងផ្នែកសិក្សា ចរិយាមាយាទ ភាពច្នៃប្រឌិត បំណិនជីវិត ឯករាជ្យភាព និងភាពទទួលខុសត្រូវខ្ពស់។

ជាពិសេសជាងនេះទៅទៀត ក្នុងកម្មវិធីនេះ ប្អូនៗសិស្សានុសិស្ស ដែលជាជ័យលាភី ក៏មានឱកាសបញ្ចេញទេព្យកោសល្យរបស់ខ្លួន ឲ្យអស់ពីសមត្ថភាព តាមរយៈការនិយាយ ជាសាធារណៈ ការធ្វើជាពិធីករអត្ថាធិបាយកម្មវិធី និងការសម្ដែងចម្រៀង និងសិល្បៈជាតិ និងអន្តរជាតិផងដែរ។

សូមជម្រាបថា ពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើង ដោយជោគជ័យ តាមរយៈការគាំទ្រពីសំណាក់សិស្សានុសិស្ស មាតាបិតាអាណាព្យាបាលសិស្ស ភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ និងជាពិសេសថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយទឹកមុខញញឹមស្រស់ថ្លា និងដោយក្ដីរីយរាយក្រៃលែងបំផុត៕

ក្នុងឱកាសនោះផងដែរ សាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ តំណាងដោយលោក គូនចំរើន និងសាលាអាប់ស្គូល Upschool ប្រទេសអូស្ត្រាលី តំណាងដោយលោក ហ្គាវិន មែខូរមេក ដែលជាទូតសុឆន្ទៈ ម៉ុនតែសសូរីប្រទេសអូស្ត្រាលី ក៏បានធ្វើពិធីចុះអនុស្សារណៈយោគយល់គ្នា ក្នុងកិច្ចសហការ ក្នុងការបណ្ដុះបណ្ដាលអប់រំ តាមបែបប្រពន្ធ័ម៉ុនតែសសូរី និងថ្នាក់បណ្តុះបណ្ដាល ដែលមានការទទួលស្គាល់ជាអន្តរជាតិជាច្រើន៕