កម្ពុជាត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយចូលរួមប្រកួតស៊ីហ្គេម ខណៈសភាពការណ៍ផ្សេងៗ រង់ចាំស្ដាប់ការណែនាំពីរាជរដ្ឋាភិបាល

18-07-2025 13:44

(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មានប្រសាសន៍ថា កម្ពុជាបាននឹងកំពុងជំរុញការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥ ខាងមុខ ។ ចំពោះសភាពការណ៍ផ្សេងៗ គឺរង់ចាំស្ដាប់ការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងនេះ បន្ទាប់ពីគណៈកម្មការជ្រើសរើសប្រភេទកីឡា និងអត្តពលិកត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ បានជួបប្រជុំពិភាក្សាជាមួយសហព័ន្ធកីឡាជាតិ នៅថ្ងៃទី១៨ ខែកក្កដានេះ ស្របតាមការយកចិត្តទុកដាក់របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជ្រើសរើសកីឡាករ-កីឡាការិនី ប្រកបដោយតម្លាភាព គុណភាព និងប្រសិទ្ធភាព ក្នុងការប្រកួតនាពេលខាងមុខ។

សហព័ន្ធកីឡាជាតិចំនួន ៣៧ ដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម គឺបានចូលរួមកិច្ចប្រជុំនេះ ដោយបានពិគ្រោះយោបល់គ្នាយ៉ាងម៉ត់ចត់អំពីរបៀបរបប និងនីតិវិធីក្នុងការជ្រើសរើសកីឡាករ-កីឡាការិនី ដោយផ្អែកលើសមត្ថភាព បច្ចេកទេស និងសមិទ្ធផល ក៏ដូចជាលទ្ធភាពបច្ចេកទេសរបស់កីឡាករ-កីឡាការិនីម្នាក់ៗ ក្នុងការឈានទៅដណ្ដើមមេដាយ។ ដូច្នេះការជ្រើសរើស មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ គ្មានការសម្រេចដោយអត្តនោម័តិ ឬធ្វើដោយឯកតោភាគីឡើយ ដោយគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ក្នុងការជ្រើសរើសឲ្យមានប្រសិទ្ធភាព ចំទិសដៅ និងត្រឹមត្រូវតាមនិយាមបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិ ហើយមានការវាយតម្លៃពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក វ៉ាត់ ចំរើន បន្ដថា «ជាទូទៅគឺយើងនៅតែបន្ដការខិតខំប្រឹងប្រែង ទាំងថ្នាក់ដឹកនាំក្រសួង ក៏ដូចជាអគ្គនាយកដ្ឋានកីឡា ដែលធ្វើការគ្រប់គ្រង និងមើលការខុសត្រូវផ្ទាល់ នៅតែជំរុញការហ្វឹកហាត់យ៉ាងទៀងទាត់ ដើម្បីជំរុញការបង្កើនគុណផលកីឡាករ-កីឡាការិនី សម្រាប់ឲ្យមានភាពប្រាកដប្រជាថា ការចូលរួមការប្រកួតស៊ីហ្គេមនេះ គឺយើងមានការត្រៀមលក្ខណៈប្រកួតដោយស្មើភាព និងមានក្ដីសង្ឃឹម ក្នុងការស្វែងរកមេដាយជយលាភីរបស់ខ្លួន។

មន្ដ្រីជាន់ខ្ពស់ដដែល បានសង្កត់ធ្ងន់ថា «អ៊ីចឹងយើងត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ហើយនឹងរង់ចាំស្ដាប់នូវការណែនាំពីឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ចំពោះសភាពការណ៍ផ្សេងៗទៀត ដែលពាក់ព័ន្ធ ហើយនឹងរង់ចាំស្ដាប់ការណែនាំរបស់រាជរដ្ឋាភិបាលយើង ក្នុងការដែលប្រសិនបើជាមានព្រឹត្តិការណ៍អ្វីទៀត ដែលកើតឡើង ។ ប៉ុន្ដែមកដល់ពេលនេះ ការទំនាក់ទំនងគ្នា ឬក៏ការចុះឈ្មោះ ឬក៏ការធ្វើការជាមួយគ្នា ខាងផ្នែករដ្ឋបាលកីឡា រវាងគណៈកម្មការរៀបចំការប្រកួត និង NOCC ក៏ដូចជារវាងសហព័ន្ធនីមួយៗ ទៅសហព័ន្ធជាតិរបស់ម្ចាស់ផ្ទះថៃ ក៏នៅតែធ្វើការធម្មតា មិនមានអ្វីរអាក់រអួលទេ»

«អ្វីដែលយើងត្រូវខំប្រឹង យើងខំប្រឹងធ្វើឲ្យសភាពការណ៍នៅធម្មតា ដោយនៅតែរក្សាបាននូវទំនាក់ទំនងល្អ និងមិត្តភាព ក្នុងការងារនេះដដែល។ អ៊ីចឹងកិច្ចសហប្រតិបត្តិការនេះ យើងសង្ឃឹមថា យើងទាំងអស់ នឹងមានភាពកក់ក្ដៅក្នុងការចូលរួមការប្រកួតកីឡាស៊ីហ្គេមនេះ ដោយពេញមុខពេញមាត់ និងកិត្តិយសជាតិរបស់យើង»។ លោក វ៉ាត់ ចំរើន បន្ថែម។

សូមបញ្ជាក់ថា ស៊ីហ្គេម លើកទី៣៣ ដែលថៃនឹងធ្វើម្ចាស់ផ្ទះបន្ដវេនពីកម្ពុជា នឹងប្រព្រឹត្តទៅពីថ្ងៃទី៩-២០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ដោយម្ចាស់ផ្ទះ បានកំណត់កីឡាចំនួន ៥០ប្រភេទ ដាក់ឲ្យបណ្ដាប្រទេសក្នុងតំបន់ធ្វើការប្រកួតប្រជែង ក្នុងនោះកម្ពុជាក៏បានត្រៀមកីឡាចំនួន ៣៧ប្រភេទចូលរួមការប្រកួតនេះដែរ ។ ជាទិសដៅរបស់កម្ពុជា សម្រាប់ស៊ីហ្គេមលើកនេះ គឺការរក្សាឲ្យបាននូវសមិទ្ធផល និងគុណផលដែលកីឡាករ-កីឡាករម្ពុជាធ្លាប់ទទួលបានក្នុងស៊ីហ្គេមកន្លងមក ខណៈអ្នកពុំទាន់ឈ្នះមេដាយ ត្រូវខំប្រឹង ដើម្បីឈានទៅដណ្ដើមមេដាយជូនជាតិមាតុភូមិ៕